ផ្តោតចិត្តទៅលើព្រះ ដោយចិត្តស្កប់ស្កល់

ការ​គោរព​ប្រតិបត្តិ​ដល់​ព្រះ ដែល​មាន​ទាំង​ចិត្ត​ស្កប់ស្កល់​ផង នោះ​ជា​កំរៃ​១​យ៉ាង​ធំ​មែន។ ១ធីម៉ូថេ ៦:៦

កាល​ខ្ញុំ​កំពុង​ដើរ​រក​ទិញ​ចិញ្ចៀន​សម្រាប់​ភ្ជាប់​ពាក្យ ខ្ញុំ​បាន​ចំណាយ​ពេល​ជា​ច្រើន​ម៉ោង ដើម្បី​ស្វែង​រក​ចិញ្ចៀន​​មាន​គ្រាប់​ពេជ្រ ដែល​គូរ​ដណ្តឹង​ខ្ញុំ​ពេញ​ចិត្ត។ តែ​ខ្ញុំ​មាន​សំណួរ​មួយ នៅ​ជាប់​ក្នុង​គំនិត​ខ្ញុំ ។ ចុះ​បើ​សិន​ជា​ខ្ញុំ​មើល​រំលង ចិញ្ចៀន​ដែល​មាន​គ្រាប់​ពេជ្រ​ល្អ​ជាង​គេ តើ​ខ្ញុំ​ត្រូវ​ធ្វើ​ដូចម្តេច?

លោក​ប៊ែរី ស្វាត(Barry Schwartz) ដែល​ជា​អ្នក​ចិត្ត​សាស្ត្រ​ផ្នែក​សេដ្ឋកិច្ច បាន​ហៅ​មនុស្ស​ដែល​ស្ទាក់​ស្ទើរ​ក្នុង​ការ​ជ្រើស​រើស​ទំនិញ​ថា​ជា “អ្នក​ស្វែង​រក​របស់​ល្អ​បំផុត” គឺ​ខុស​ពី “មនុស្ស​ដែល​ស្កប់​ចិត្ត”។ មនុស្ស​ដែល​ស្កប់ចិត្ត ធ្វើ​ការ​សម្រេច​ចិត្ត​ជ្រើស​រើស​យក​អ្វី ដែល​មាន​ភាព​គ្រប់​គ្រាន់​សម្រាប់​តម្រូវ​ការ​របស់​ខ្លួន។ ចុះ​ចំណែក​ឯ អ្នក​ស្វែង​រក​របស់​ល្អ​បំផុត ​វិញ? យើង​តែង​តែង​ចង់​បាន​ជម្រើស​ដែល​ល្អ​បំផុត។ តើ​អ្វី​ជា​លទ្ធផល​នៃ​ការ​ស្ទាក់​ស្ទើរ ពេល​ដែល​យើង​មាន​ជម្រើស​ច្រើន? លទ្ធ​ផល​នោះ​គឺ ការ​ថប់​បារម្ភ ការ​ធ្លាក់​ទឹក​ចិត្ត និង​ការ​មិន​ស្កប់​ចិត្ត។ តាម​ពិត ដើម្បី​បក​ស្រាយ​អំពី​បាតុភូត​នេះ អ្នក​សង្គម​វិទ្យា​បាន​បង្កើត​ឃ្លា​មួយ​ទៀត​គឺ ការ​ខ្លាច​មើល​រំលង​របស់​ល្អ​បំផុត

ជា​ការ​ពិត​ណាស់ ព្រះ​គម្ពីរ​ក៏​បាន​និយាយ​អំពី អ្នក​ស្វែង​រក​របស់​ល្អ​បំផុត និង​មនុស្ស​ស្កប់​ចិត្ត ផង​ដែរ។ ក្នុង​កណ្ឌ​គម្ពីរ​ធីម៉ូថេ ខ្សែ​ទី១ សាវ័ក​ប៉ុល​បាន​លើក​ទឹក​ចិត្ត​លោក​ធីម៉ូថេ ឲ្យ​ស្វែង​រក​ការ​ស្កប់​ចិត្ត​ក្នុង​ព្រះ ជាជាង​ស្វែង​រក​អ្វី​ៗ​ក្នុង​លោកិយ​នេះ។ លោកិយ​សន្យា​ថា នឹង​បំពេញ​ការ​ខ្វះ​ខាត​យើង តែ​មិន​ដែល​ធ្វើ​ឲ្យ​យើង​ស្កប់​ចិត្ត​ឡើយ។ ហេតុ​នេះ​ហើយ សាវ័ក​ប៉ុល​ចង់​ឲ្យ​លោក​ធីម៉ូថេ​មាន​អត្ត​សញ្ញាណ ដែល​ចាក់​ឫស​ជាប់​ក្នុង​ព្រះ បាន​ជា​គាត់​មាន​ប្រសាសន៍​ថា “​ការ​គោរព​ប្រតិបត្តិ​ដល់​ព្រះ ដែល​មាន​ទាំង​ចិត្ត​ស្កប់ស្កល់​ផង នោះ​ជា​កំរៃ​១​យ៉ាង​ធំ​មែន”(៦:៦)។ ក្នុង​នាម​សាវ័កប៉ុល​ជា​មនុស្ស​ស្កប់​ចិត្ត គាត់​បាន​និយាយ​បន្ថែម​ទៀត​ថា “តែ​បើ​មាន​អាហារ​ទទួល​ទាន និង​សំលៀកបំពាក់ នោះ​ក៏​ល្មម​ឲ្យ​យើង​បាន​ស្កប់​ចិត្ត​ហើយ”(ខ.៨)។

ពេល​ណា​ខ្ញុំ​ព្យាយាម​បំពេញ​ចិត្ត​ខ្លួន​ឯង តាម​ការ​សន្យា​របស់​លោកិយ តាម​ធម្មតា ខ្ញុំ​ខ្វះ​ការ​អត់​ធ្មត់ និង​ហត់​នឿយ ហើយ​មាន​ចិត្ត​មិន​ស្កប់​ស្កល់។ តែ​ពេល​ណា​ខ្ញុំ​ផ្តោត​ចិត្ត​ទៅ​លើ​ព្រះ ហើយ​លះបង់​ចិត្ត​ដែល​ចេះ​តែ​ចង់​បាន​របស់​ល្អ​បំផុត វិញ្ញាណ​របស់​ខ្ញុំ​ក៏​បាន​បោះ​ជំហាន​ទៅ​មុខ ឆ្ពោះ​ទៅ​រក​ភាព​ស្កប់​ចិត្ត និង​ការ​សម្រាក។—Adam R. Holz

តើ​អ្នក​ជា​មនុស្ស​ដែល​ច្រើន​តែ​មាន​ការ​ស្កប់​ចិត្ត​ឬ​ទេ? តើ​ហេតុ​អ្វី? តើ​ទំនាក់​ទំនង​ដែល​អ្នក​មាន​ជា​មួយ​ព្រះ នាំ​ឲ្យ​មាន​ភាព​ស្កប់​ស្កល់​ក្នុង​ជីវិត​របស់​អ្នក​យ៉ាង​ណា​ខ្លះ?

ឱ​ព្រះ​វរបិតា សូម​ព្រះ​អង្គ​ជួយ​ទូល​បង្គំ​ឲ្យ​ស្វែង​រក​ភាព​ស្កប់​ចិត្ត ក្នុង​ទំនាក់​ទំនង​ដែល​ទូល​បង្គំ​មាន​ជា​មួយ​ព្រះ​អង្គ ដោយ​ចាំ​ថា ព្រះ​អង្គ​អាច​ធ្វើ​ឲ្យ​វិញ្ញាណ​ទូល​បង្គំ​មាន​ភាព​ស្កប់​ស្កល់ ដែល​លោកិយ​មិន​អាច​ផ្តល់​ឲ្យ​បាន។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ២របាក្សត្រ ២១-២២ និង យ៉ូហាន ១៤

Share this post:
Facebook
Twitter
LinkedIn
WhatsApp

More articles