ចូលទៅរកព្រះអង្គ ដោយទំនុកចិត្ត

យើង​ក៏​មាន​សេចក្តី​ក្លាហាន ដល់​ទ្រង់​យ៉ាង​ដូច្នេះ​ដែរ គឺ​ថា បើ​យើង​នឹង​សូម​អ្វី ដែល​ត្រូវ​តាម​ព្រះហឫទ័យ​ទ្រង់ នោះ​ទ្រង់​នឹង​ទទួល​ព្រម។ ១យ៉ូហាន ៥:១៤

កាល​ពី​ឆ្នាំ២០១៨ មាន​ការ​ស្រាវ​ជ្រាវ​មួយ អំពី​មនុស្ស​ពេញ​វ័យ នៅ​ចក្រ​ភព​អង់គ្លេស បាន​រក​ឃើញ​ថា ជា​មធ្យម “ពួក​គេ​បាន​បើក​មើល​ទូរស័ព្ទ​របស់​ខ្លួន រៀង​រាល់​១២​នាទី​ម្តង ជា​រៀង​រាល់​ថ្ងៃ លើក​លែង​តែ​នៅ​ពេល​ពួក​គេ​ដេក​លក់”។ ប៉ុន្តែ និយាយ​ដោយ​ស្មោះ​ត្រង់​ទៅ ខ្ញុំ​យល់​ឃើញ​ថា ស្ថិតិ​នេះ​ហាក់​ដូច​ជា​មាន​តួលេខ​តិច​ពេក​ហើយ ព្រោះ​ខ្ញុំ​ដឹង​ថា ខ្ញុំ​បាន​បើក​មើល​ទូរស័ព្ទ​របស់​ខ្ញុំ​ញឹក​ញាប់​ប៉ុណ្ណា ដើម្បី​រក​មើល​ចម្លើយ សម្រាប់​សំណួរ​ណា​មួយ នៅ​ក្នុងGoogle ឬ​ឆ្លើយ​តប​សារ ទទួល​ការ​ហៅ​ចូល ឬ​ធ្វើ​ការ​ហៅ​ចេញ និង​បើក​មើល​សារ​អេឡិចត្រូនិក ជា​រៀង​រាល់​ថ្ងៃ។ មនុស្ស​ជា​ច្រើន​បាន​មើល​ទូរស័ព្ទ ឬ​ឧបករណ៍​ទំនាក់​ទំនង​របស់​យើង​ជា​ទៀង​ទាត់ ដោយ​ទុក​ចិត្ត​ថា ឧបករណ៍​នោះ​នឹង​ផ្តល់​ឲ្យ​យើង នូវ​អ្វី​ដែល​យើង​ត្រូវ​ការ ដើម្បី​ឲ្យ​យើង​មាន​របៀប​រៀប​រយ បាន​ទទួល​ព័ត៌មាន​ថ្មី​ៗ និង​ទំនាក់​ទំនង​ជា​មួយ​អ្នក​ដទៃ។

ក្នុង​នាម​យើង​ជា​អ្នក​ជឿ​ព្រះយេស៊ូវ យើង​មាន​ប្រភព​ធន​ធាន​មួយ ដែល​ល្អ​ជាង​ទូរស័ព្ទ​ឆ្លាតវៃ​របស់​យើង​រាប់​លាន​ដង។ ព្រះ​ទ្រង់​ស្រឡាញ់ និង​យក​ព្រះទ័យ​ទុក​ដាក់​ចំពោះ​យើង ហើយ​សព្វ​ព្រះទ័យ​ឲ្យ​យើង​ចូល​មក​រក​ព្រះ​អង្គ ដើម្បី​ទូល​សូម​ព្រះអង្គ​បំពេញ​តម្រូវ​ការ​យើង។ ព្រះ​គម្ពីរ​បាន​ចែង​ថា ពេល​ណា​យើង​អធិស្ឋាន យើង​អាច​ទុក​ចិត្ត​ថា “បើ​យើង​នឹង​សូម​អ្វី ដែល​ត្រូវ​តាម​ព្រះហឫទ័យ​ទ្រង់ នោះ​ទ្រង់​នឹង​ទទួល​ព្រម” ១យ៉ូហាន ៥:១៤។ ពេល​ណា​យើង​អាន​ព្រះ​គម្ពីរ ហើយ​ទុក​ដាក់​ព្រះ​បន្ទូល​ព្រះ​អង្គ​ក្នុង​ចិត្ត​យើង នោះ​យើង​អធិស្ឋាន​ដោយ​ជំនឿ ទូល​សូម​អ្វី​ដែល​យើង​ដឹង​ថា ព្រះអង្គ​សព្វ​ព្រះទ័យ​ឲ្យ​យើង​ទូល​សូម ដែល​រួម​មាន សន្តិភាព​ក្នុង​ចិត្ត ប្រាជ្ញា និង​ជំនឿ ដែល​ព្រះ​អង្គ​នឹង​ប្រទាន​តាម​តម្រូវ​ការ​របស់​យើង​(ខ.១៥)។

ជួន​កាល យើង​មាន​អារម្មណ៍​ថា ព្រះ​អង្គ​ហាក់​ដូច​ជា​មិន​បាន​ស្តាប់​ពាក្យ​យើង​អធិស្ឋាន ព្រោះ​ស្ថានភាព​របស់​យើង​នៅ​តែ​មិន​ផ្លាស់​ប្តូរ។ តែ​យើង​នឹង​មាន​ជំនឿ​លើ​ព្រះ​កាន់​តែ​ខ្លាំង ពេល​ណា​យើង​ងាក​ទៅ​រក​ព្រះ​អង្គ ជា​ទៀង​ទាត់ ដើម្បី​សូម​ជំនួយ ក្នុង​គ្រប់​កាលៈទេសៈ(ទំនុកដំកើង ១១៦:២)។ ការ​នេះ​ជួយ​ឲ្យ​យើង​ចម្រើន​ឡើង ក្នុង​ជំនឿ ដោយ​ទុក​ចិត្ត​ថា ទោះ​យើង​មិន​អាច​ទទួល​បាន​អ្វី​ដែល​យើង​ចង់​បាន​ក៏​ដោយ ព្រះ​អង្គ​សន្យា​ថា នឹង​បំពេញ​តម្រូវ​ការ​យើង តាម​ពេល​វេលា​ដែល​ព្រះអង្គ​កំណត់​យ៉ាង​ល្អ​ឥត​ខ្ចោះ។—Kimya Loder

តើ​អ្នក​ខ្វះ​ចិត្ត​ក្លាហាន ក្នុង​ការ​ចូល​ទៅ​រក​ព្រះ ដោយ​ការ​អធិស្ឋាន នៅ​ពេល​ណា? តើ​ធ្វើ​ដូច​ម្តេច ឲ្យ​អ្នក​មាន​ទំនុក​ចិត្ត និង​ចិត្ត​ដែល​ចង់​អធិស្ឋាន?

ឱ​ព្រះវរបិតា ដែល​គង់​នៅ​ស្ថាន​សួគ៌ ទូលបង្គំ​សូម​អរព្រះគុណ​ព្រះ​អង្គ ដែល​បាន​បើក​ផ្លូវ​ឲ្យ​ទូល​បង្គំ ចូល​ទៅ​រក​ព្រះ​អង្គ ដោយ​ជំនឿ ដោយ​ទុក​ចិត្ត​ថា ព្រះ​អង្គ​អាច​បំពេញ​តម្រូវ​ការ​ទូល​បង្គំ តាម​បំណង​ព្រះ​ទ័យ​ព្រះ​អង្គ។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ២របាក្សត្រ ២៣-២៤ និង យ៉ូហាន ១៥

Share this post:
Facebook
Twitter
LinkedIn
WhatsApp

More articles