អ្នករាល់គ្នាលះចោលបញ្ញត្តរបស់ព្រះ ទៅកាន់តាមសណ្ដាប់មនុស្សវិញ។ ម៉ាកុស ៧:៨
មន្ត្រីប៉ូលិសម្នាក់នៅរដ្ឋអាត្លានតា បានសួរអ្នកបើកបរម្នាក់ថា តើនាងបានដឹងថា ហេតុអ្វីគាត់ឲ្យនាងឈប់ទេ? នាងក៏បានឆ្លើយតបដោយការងឿងឆ្ងល់ថា នាងមិនដឹងទេ។ មន្រ្តីប៉ូលិសរូបនោះក៏បានប្រាប់នាង ដោយពាក្យស្រទន់ថា គាត់ឲ្យនាងឈប់ឡាន ព្រោះនាងបើកឡានបណ្តើរ សរសេរសារក្នុងទូរស័ព្ទបណ្តើរ។ នាងក៏បានលើកទូរស័ព្ទបង្ហាញគាត់ ហើយប្រកែកថា ទេ នាងមិនបានសរសេរសារទេ តែនាងគ្រាន់តែសរសេរអ៊ីមែលប៉ុណ្ណោះ។
ច្បាប់ដែលបានហាមមិនឲ្យសរសេរសារ ក្នុងពេលបើកបរ មិនមានភាពចន្លោះប្រហោង ដែលអនុញ្ញាតឲ្យគេអាចសរសេរអ៊ីមែលពេលបើកបរនោះឡើយ។ គោលបំណងនៃច្បាប់នេះមិនមែនដើម្បីរារាំងមិនឲ្យគេសរសេរសារនោះទេ តែដើម្បីការពារមិនឲ្យមានគ្រោះថ្នាក់ពេលបើកបរ ដោយសារការបែកអារម្មណ៍។
ព្រះយេស៊ូវបានបកអាក្រាតពួកអ្នកដឹកនាំសាសនា នៅសម័យព្រះអង្គថា បានបង្កើតចន្លោះប្រហោងដែលអាក្រក់បំផុត ក្នុងក្រឹត្យវិន័យ។ ព្រះអង្គមានបន្ទូលថា “អ្នករាល់គ្នាលះបង់ចោលបញ្ញត្តព្រះមែន ដើម្បីនឹងកាន់តាមសណ្ដាប់របស់ខ្លួនវិញ” ហើយព្រះអង្គបានដកស្រង់ក្រឹត្យវិន័យដែលចែងថា “ចូរគោរពប្រតិបត្តិឪពុកម្តាយឯង”(ម៉ាកុស ៧:៩-១០)។ ពួកគេមានការគោរពប្រតិបត្តិព្រះតែសម្បកក្រៅទេ ព្រោះពួកអ្នកដឹកនាំដែលមានទ្រព្យស្តុកស្តម្ភទាំងនោះ កំពុងតែព្រងើយកន្តើយចំពោះសាច់ញាតិរបស់ខ្លួន។ ពួកគេគ្រាន់តែប្រកាសថា ដង្វាយរបស់ពួកគេ គឺជា “ការគោរពប្រតិបត្តិចំពោះព្រះ” ហើយ ដូចនេះពួកគេមិនចាំបាច់ត្រូវជួយឪពុកម្តាយខ្លួន ដែលចាស់ជរាក៏បាន។ ព្រះយេស៊ូវក៏បានមានបន្ទូលអំពីចំណុចស្នូលនៃបញ្ហានេះថា “អ្នករាល់គ្នាលះចោលបញ្ញត្តរបស់ព្រះ ទៅកាន់តាមសណ្តាប់មនុស្សវិញ”(ខ.១៣)។ ពួកគេមិនបានគោរពប្រតិបត្តិព្រះឡើយ ព្រោះពួកគេមិនបានគោរពប្រតិបត្តិឪពុកម្តាយខ្លួន។
អ្នកខ្លះចូលចិត្តលើកហេតុផល ជាល្បិចដើម្បីជៀសវាងការទទួលខុសត្រូវ និងការពារទង្វើដ៏អាត្មានិយម ហើយបដិសេធន៍ព្រះរាជបញ្ជារបស់ព្រះ។ បើយើងមានអាកប្បកិរិយាដូចនេះ នោះមានន័យថា យើងកំពុងបោកបញ្ឆោតខ្លួនឯងហើយ។ ព្រះយេស៊ូវប្រទានយើងនូវឱកាស ដើម្បីលះបង់ភាពអាត្មានិយមរបស់យើង ហើយទទួលយកការដឹកនាំរបស់ព្រះវិញ្ញាណ ក្នុងការធ្វើតាមព្រះរាជបញ្ជារបស់ព្រះវរបិតា។—Tim Gustafson
តើអ្នកបានលើកហេតុផលការពារកំហុសខ្លួនឯង នៅត្រង់ផ្នែកណាខ្លះ នៃជីវិតអ្នក? តើការលើកហេតុផលការពារនោះ បានប្រឆាំងនឹងប្រាជ្ញានៃព្រះគម្ពីរដូចម្តេចខ្លះ?
ឱព្រះអម្ចាស់ ទូលបង្គំត្រូវការប្រាជ្ញាពីព្រះអង្គ។ សូមព្រះអង្គជួយដាស់តឿនទូលបង្គំឲ្យទទួលស្គាល់កំហុសខ្លួនឯង។ សូមព្រះអង្គជួយទូលបង្គំឲ្យរស់នៅ ស្របតាមព្រះវិញ្ញាណនៃសេចក្តីស្រឡាញ់ សេចក្តីពិត និងសេចក្តីបរិសុទ្ធរបស់ព្រះអង្គ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ២របាក្សត្រ ៣២-៣៣ និង យ៉ូហាន ១៨:១៩-៤០