ដើម្បីឲ្យមានពេលវេលាគ្រប់គ្រាន់

ទ្រង់​ក៏​ធ្វើ​ឲ្យ​ចិត្ត​គេ​សង្ឃឹម​ដល់​អស់​កល្ប​ទៅ​មុខ យ៉ាង​នោះ​មនុស្ស​នឹង​រក​យល់​មិន​បាន ពី​កិច្ចការ​ដែល​ព្រះ​បាន​ធ្វើ តាំង​ពី​ដើម​ដរាប​ដល់​ចុង​នោះ​ឡើយ។ សាស្តា ៣:១១

មាន​ពេល​មួយ​ខ្ញុំ​បាន​មើល​ធ្នើរ​សៀវភៅ​របស់​មិត្ត​ភក្តិ​ខ្ញុំ ឃើញ​សៀវភៅ ដែល​លោក​លេអូ ថូលស្តូយ(Leo Tolstoy) បាន​និពន្ធ​មាន​ចំណង​ជើង​ថា សង្រ្គាម និង​សន្តិភាព​ ដែល​មាន​ជា​ច្រើន​ភាគ។ ខ្ញុំ​ក៏​និយាយ​ប្រាប់​គាត់ ដោយ​ស្មោះ​ត្រង់​ថា ខ្ញុំ​មិន​អាច​អាន​សៀវភៅ​ទាំង​នោះ​ឲ្យ​ចប់​គ្រប់​ភាគ​ឡើយ។ ម៉ាធី(Marty) ក៏​បាន​និយាយ​ដោយ​សម្លេង​សើច​តិច​ៗ​ថា កាល​គាត់​ចូល​និវត្តន៍​ពី​ការងារ​ជា​គ្រូ​បង្រៀន មិត្ត​ភក្តិ​ម្នាក់​បាន​ឲ្យ​សៀវភៅ​ទាំង​នេះ​មក​គាត់ ធ្វើ​ជា​អំណោយ ព្រោះ​ទីបំផុត​គាត់​មាន​ពេល​អាន​ហើយ។

ក្នុង​៨​ខ​ដំបូង នៃ​បទ​គម្ពីរ​សាស្តា ជំពូក៣​ អ្នក​និពន្ធ​បាន​លើក​ឡើង អំពី​សកម្មភាព​នៃ​ជីវិត​មនុស្ស ដែល​កើត​មាន​ជា​ធម្មតា ដោយ​ការ​សម្រេច​ចិត្ត​ផ្ទាល់​ខ្លួន។ ទោះ​យើង​ស្ថិត​ក្នុង​ដំណាក់​កាល​មួយ​ណា​ក៏​ដោយ នៃ​ជីវិត យើង​ច្រើន​តែ​ពិបាក​រក​ពេល​ធ្វើ​អ្វី​ៗ​ដែល​យើង​ចង់​ធ្វើ។ ហើយ​ដើម្បី​ធ្វើ​ការ​សម្រេច​ចិត្ត​ប្រកប​ដោយ​ប្រាជ្ញា ដើម្បី​រៀប​ចំ​ពេល​វេលា​របស់​យើង យើង​ចាំ​បាច់​ត្រូវ​មាន​គម្រោង(ទំនុកដំកើង ៩០:១២)។

យើង​ត្រូវ​ចាត់​ទុក​ពេល​វេលា​ដែល​យើង​ចំណាយ​ជា​មួយ​ព្រះ ជា​រៀង​រាល់​ថ្ងៃ ជា​អាទិភាព ដើម្បី​ឲ្យ​យើង​មាន​សុខភាព​ល្អ​ខាង​វិញ្ញាណ។ ការ​ធ្វើ​កិច្ចការ​ដែល​មាន​ផល​ផ្លែ​ល្អ នាំ​ឲ្យ​មាន​ការ​ពេញ​ចិត្ត(សាស្តា ៣:១៣)។ ការ​បម្រើ​ព្រះ និង​ការ​ជួយ​អ្នក​ដទៃ​មាន​ភាព​ចាំ​បាច់ ព្រោះ​កិច្ចការ​ទាំង​នោះ នាំ​ឲ្យ​បំណង​ព្រះ​ទ័យ​ព្រះ សម្រេច​ក្នុង​ជីវិត​យើង(អេភេសូរ ២:១០)។ ហើយ​ការ​សម្រាក ឬ​លំហែ​កាយ​ដ៏​សមរម្យ មិន​នាំ​ឲ្យ​ខាត​បង់​ពេល​វេលា​ឡើយ តែ​បាន​ជួយ​ឲ្យ​រូប​កាយ និង​វិញ្ញាណ​យើង​មាន​ភាព​ស្រស់​ថ្លា​ឡើង។

ជា​ការ​ពិត​ណាស់ យើង​ងាយ​នឹង​មាន​ការ​ផ្ដោត​ចិត្ត​ខ្លាំង​ពេក​ទៅ​លើ​អ្វី​ៗ​ដែល​យើង​កំពុង​ធ្វើ ដោយ​ព្យាយាម​ស្វែង​រក​ពេល​វេលា​សម្រាប់​ធ្វើ​ការ​អ្វី ដែល​សំខាន់​បំផុត​សម្រាប់​យើង។ តែ​បទ​គម្ពីរ​សាស្ដា ៣:១១ បាន​ចែង​ថា ព្រះ​ទ្រង់​បាន “ដាក់​ភាព​អស់​កល្ប​ជានិច្ច” នៅ​ក្នុង​ចិត្ត​យើង ដោយ​ក្រើន​រំឭក​យើង ឲ្យ​ដាក់​អាទិភាព​ទៅ​លើ​ការ​អ្វី​ដែល​មាន​ភាព​អស់​កល្ប​ជា​និច្ច ។ ការ​ដាក់​អាទិភាព​នេះ​នាំ​ឲ្យ​យើង​រស់​នៅ​ស្រប​តាម​បំណង​ព្រះ​ទ័យ​ព្រះ ដែល​ទ្រង់​មាន​តាំង​ពី​ដើម​មក។—Cindy Hess Kasper

តើ​អ្នក​អាច​មាន​ការ​ផ្លាស់​ប្តូរ​យ៉ាង​ណា​ខ្លះ នៅ​ក្នុង​ការ​ប្រើ​ពេល​វេលា​ជា​រៀង​រាល់​ថ្ងៃ? តើ​ការ​ដែល​ព្រះ​ទ្រង់​ដាក់​ភាព​អស់​កល្ប​ក្នុង​ចិត្ត​មនុស្ស​មាន​ន័យ​ដូច​ម្តេច តាម​កណ្ឌ​គម្ពីរ​សាស្តា?

ឱ​ព្រះ​យេស៊ូវ សូម​ព្រះ​អង្គ​ជួយ​ទូល​បង្គំ​ឲ្យ​ស្គាល់​បំណង​ព្រះ​ទ័យ សម្រាប់​ភាព​អស់​កល្ប ហើយ​សូម​ជួយ​ទូល​បង្គំ ឲ្យ​ចេះ​ប្រើ​ពេល​វេលា ដើម្បី​បំពេញ​បំណង​ព្រះ​ទ័យ​ព្រះ​អង្គ។

To learn more about caring for your soul, visit ODBU.org/CC201.

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ២របាក្សត្រ ៣៤-៣៦ និង យ៉ូហាន ១៩:១-២២

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles