ទីបន្ទាល់សម្រាប់អ្នកផ្ទះ

ចូរ​ទៅ​ផ្ទះ​ទៅ ហើយ​ប្រាប់​បង​ប្អូន​ឯង​ពី​ការ​ធំ​ទាំង​ម៉្លេះ ដែល​ព្រះអម្ចាស់​បាន​មេត្តា​ប្រោស​ដល់​ឯង​វិញ។ ម៉ាកុស ៥:១៩

“គ្មាន​កន្លែង​ណា​ល្អ​ដូច​ផ្ទះ​ទេ។ គ្មាន​កន្លែង​ណា​ល្អ​ដូច​ផ្ទះ​ទេ”។ នេះ​ជា​ពាក្យ​សម្ដី ដែល​គេ​មិន​អាច​បំភ្លេច​បាន ដែល​តួអង្គ​ដូរ៉ូស៊ី(Dorothy) បាន​និយាយ​ចេញ​មក ក្នុង​រឿង គ្រូ​សីល​នៃ​ទីក្រុង​អូហ្ស ហើយ​បាន​បង្កប់​នូវ​រឿង​ដ៏​មាន​ន័យ​មួយ ដែល​គេ​ឃើញ​មាន នៅ​ក្នុង​ខ្សែ​ភាព​យន្ត​ល្បី​ៗ​ជា​ច្រើន ដែល​រាប់​ចាប់​តាំង​ពី​រឿង​សង្គ្រាម​ភព​ផ្កាយ ដល់​រឿង​ស្តេច​តោ។ គេ​បាន​ហៅ​រឿង​នោះ​ថា “ការ​ធ្វើ​ដំណើរ​របស់​វីរបុរស”។ និយាយ​ឲ្យ​ខ្លី តួ​អង្គ​ដែល​ជា​មនុស្ស​សាមញ្ញ កំពុង​រស់​នៅ​ក្នុង​ជីវិត​ដ៏​សាមញ្ញ ហើយ​ក៏​បាន​ធ្វើ​ដំណើរ​ផ្សង​ព្រេង​ដ៏​អស្ចារ្យ។ គាត់​បាន​ចាក​ចេញ​ពី​ផ្ទះ ហើយ​ធ្វើ​ដំណើរ​ទៅ​កាន់​តំបន់​ផ្សេង ដែល​មាន​ការ​ល្បង​ល និង​ការ​លំបាក​ជា​ច្រើន ក៏​ដូច​ជា​មាន​អ្នក​បង្រៀន​គាត់ និង​មនុស្ស​អាក្រក់ កំពុង​រង់​ចាំ​គាត់។ បើ​គាត់​អាច​ឆ្លង​ផុត​ការ​សាក​ល្បង ហើយ​បង្ហាញ​ចេញ​នូវ​វីរភាព​របស់​គាត់ នោះ​នៅ​ដំណាក់​កាល​ចុង​ក្រោយ គាត់​ត្រូវ​ត្រឡប់​មក​ផ្ទះ​វិញ ដោយ​នាំ​យក​រឿង​ជា​ច្រើន​មក​និទាន​ឲ្យ​គេ​ស្តាប់ ហើយ​ទទួល​បាន​ប្រាជ្ញា។ ដំណាក់​កាល​ចុង​ក្រោយ​សំខាន់​ណាស់។

រឿង​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​រឿង​បុរស​ម្នាក់ ដែល​ត្រូវ​អារក្ស​ចូល។ អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​ក្នុង​រឿង​នោះ គឺ​បុរស​នោះ​បាន​អង្វរ​ព្រះយេស៊ូវ សូម​ឲ្យ​គាត់​ទៅ​ជា​មួយ​ព្រះ​អង្គ(ម៉ាកុស ៥:១៨)។ តែ​ព្រះ​យេស៊ូវ​បាន​ប្រាប់​គាត់ ឲ្យ​ត្រឡប់​ទៅ​ផ្ទះ (ខ.១៩)។ ការ​ធ្វើ​ដំណើរ​របស់​បុរស​ម្នាក់​នេះ សំខាន់​នៅ​ត្រង់​ចំណុច​ដែល​ថា គាត់​ត្រូវ​វិល​ត្រឡប់​ទៅ​ផ្ទះ ទៅ​រក​អ្នក​ដែល​ស្គាល់​គាត់ ដើម្បី​ប្រាប់​គេ អំពី​រឿង​ដ៏​អស្ចារ្យ​នេះ។

ព្រះ​ទ្រង់​បាន​ត្រាស់​ហៅ​យើង តាម​របៀប​ខុស​ៗ​គ្នា ឲ្យ​ធ្វើ​កិច្ចការ​ផ្សេង​គ្នា។ តែ​អ្នក​ខ្លះ​ចាំ​បាច់​ត្រូវ​វិល​ត្រឡប់​ទៅ​ផ្ទះ ដើម្បី​ប្រាប់​រឿង ឬ​ទី​បន្ទាល់​របស់​យើង ដល់​អ្នក​ដែល​ស្គាល់​ខ្លួន។ សម្រាប់​អ្នក​ខ្លះ ផ្ទះ​គឺ​ជា​កន្លែង​ល្អ​បំផុត ដែល​ត្រូវ​ថ្លែង​ប្រាប់​រឿង​នៃ​សេចក្តី​សង្គ្រោះ។—John Blasé

ចូរ​គិត​អំពី​មនុស្ស​ដែល​អ្នក​ស្គាល់។ តើ​​នរណា​ខ្លះ​ចាំ​បាច់​ត្រូវ​ស្តាប់​អ្នក​ចែក​ចាយ អំពី​ការ​អ្វី​ដែល​ព្រះ​បាន​ធ្វើ​សម្រាប់​អ្នក? តើ​ការ​បោះ​ជំហាន​ទី​មួយ ក្នុង​ការ​ធ្វើ​ដំណើរ​ខាង​វិញ្ញាណ​នោះ មាន​លក្ខណៈ​ដូច​ម្តេច?

ឱ​ព្រះ​យេស៊ូវ សូម​ព្រះ​អង្គ​ប្រទាន​ទូល​បង្គំ​នូវ​ចិត្ត​ក្លាហាន ដើម្បី​ប្រាប់​គេ អំពី​កិច្ចការ​ដ៏​អស្ចារ្យ​ដែល​ព្រះ​អង្គ​បាន​ធ្វើ។ គឺ​មិន​គ្រាន់​តែ​ចែក​ចាយ ដល់​អ្នក​ដែល​ទូល​បង្គំ​មិន​ស្គាល់​ប៉ុណ្ណោះ​ទេ តែ​ដល់​អ្នក​ផ្ទះ​ទូល​បង្គំ​​ផង​ដែរ។

Read Pray First! The Power of Prayer in Sharing the Gospel at DiscoverySeries.org/Q0219.

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : អែសរ៉ា ១-២ និង យ៉ូហាន ១៩:២៣-៤២

Share this post:
Facebook
Twitter
LinkedIn
WhatsApp

More articles