អត្ថប្រយោជន៍នៃការនឹកចាំ

នេះ​គឺ​ជា​យញ្ញបូជា​នៃ​បុណ្យ​រំលង​ថ្វាយ​ដល់​ព្រះយេហូវ៉ា ដែល​ទ្រង់​យាង​រំលង​ផ្ទះ​ពួក​កូន​ចៅ​អ៊ីស្រាអែល​នៅ​ស្រុក​អេស៊ីព្ទ។ និក្ខមនំ ១២:២៧

ខ្ញុំ​ចូល​ចិត្ត​លេង​ល្បែង​ផ្គុំ​ពាក្យ ជា​ការ​កម្សាន្ត ពេល​ទំនេរ។ នៅ​ក្នុង​ការ​លេង​វគ្គ​មុន មិត្ត​ភក្តិ​ខ្ញុំ​ផ្គុំ​ពាក្យ​ចេញ​ជា​ឈ្មោះ​ខ្ញុំ។ គេ​បាន​នាំ​មុខ​ខ្ញុំ នៅ​ក្នុង​ការ​លេង​ល្បែង​កម្សាន្ត​នេះ តែ​នៅ​ចុង​បញ្ចប់ ខ្ញុំ​ក៏​បាន​អស់​គ្រាប់​អក្សរ​នៅ​ក្នុង​ថង់ ហើយ​ក៏​ផ្គុំ​បាន​ពាក្យ​ដែល​មាន​៧​អក្សរ។ ការ​នេះ​មាន​ន័យ​ថា ល្បែង​នេះ​បាន​ចប់​ហើយ ហើយ​ខ្ញុំ​ក៏​បាន​ទទួល​ពិន្ទុ​បន្ថែម​៥០​ទៀត ហើយ​ក៏​បាន​ទទួល​ពិន្ទុ​ពី​ចំនួន​គ្រាប់​អក្សរ​ដែល​មិត្ត​ភក្តិ​ខ្ញុំ​នៅ​សល់ ធ្វើ​ឲ្យ​ខ្ញុំ​ផ្លាស់​ប្តូរ​ពី​លេខ​រៀង​ចុង​គេ ទៅ​ជា​លេខ​១​វិញ។ ចាប់​តាំង​ពី​ពេល​នោះ​មក ពេល​ណា​យើង​លេង​ល្បែង​កម្សាន្ត​នេះ អ្នក​ដែល​ធ្លាក់​មក​នៅ​លេខ​រៀង​ចុង​គេ ក៏​បាន​នឹក​ចាំ​អំពី​របៀប​ដែល​ខ្ញុំ​បាន​ឈ្នះ ហើយ​សង្ឃឹម​ថា ខ្លួន​ក៏​អាច​ឈ្នះ​ដូច​ខ្ញុំ​ផង​ដែរ។

ការ​នឹក​ចាំ អំពី​រឿង​ដែល​បាន​កើត​ឡើង កាល​ពី​មុន មាន​អំណាច​លើក​ទឹក​ចិត្ត​យើង ហើយ​នាំ​ឲ្យ​យើង​មាន​សង្ឃឹម។ ពួក​អ៊ីស្រាអែល​បាន​នឹក​ចំា​ប្រវត្តិ​សាស្ត្រ​របស់​ខ្លួន​ផង​ដែរ ពេល​ដែល​ពួក​គេ​ប្រារព្ធ​ធ្វើ​បុណ្យ​រំលង។ បុណ្យ​រំលង​ជា​ការ​រំឭក​អំពី​ការ​អ្វី​ដែល​ព្រះ​ទ្រង់​បាន​ធ្វើ​សម្រាប់​ពួក​អ៊ីស្រាអែល កាល​ពួក​គេ​កំពុង​ទទួល​រង​ការ​សង្កត់​សង្កិន នៅ​ស្រុក​អេស៊ីព្ទ(និក្ខមនំ ១:៦-១៤)។ បន្ទាប់​ពី​ពួក​គេ​បាន​ស្រែក​រក​ព្រះ​អង្គ ព្រះ​អង្គ​ក៏​បាន​រំដោះ​ពួក​គេ តាម​របៀប​ដ៏​អស្ចារ្យ។ ព្រះអង្គ​បាន​ប្រាប់​ពួក​គេ​ឲ្យ​យក​ឈាម​សត្វ​ចៀម​មក​លាប នៅ​លើ​ក្រប​ទ្វារ​ផ្ទះ ដើម្បី​ឲ្យ​ទេវតា “រំលង” ផ្ទះ​របស់​ពួក​គេ​(១២:១២-១៣)។ កូន​ច្បង​របស់​ពួក​គេ​ក៏​បាន​រួច​ពី​សេចក្តី​ស្លាប់ នៅ​ពេល​នោះ។

ជា​ច្រើន​សតវត្សរ៍​ក្រោយ​មក អ្នក​ជឿ​ព្រះយេស៊ូវ​បាន​ធ្វើ​ពិធី​លៀង​ព្រះ​អម្ចាស់ ជា​ទៀង​ទាត់ ដោយ​នឹក​ចាំ អំពី​ការ​លះ​បង់​របស់​ព្រះ​អង្គ​ នៅ​លើ​ឈើ​ឆ្កាង ដើម្បី​រំដោះ​យើង​ឲ្យ​រួច​ពី​បាប និង​សេចក្តី​ស្លាប់​(១កូរិនថូស ១១:២៣-២៦)។ ការ​នឹកចាំ​អំពី​ជំនួយ​នៃ​សេចក្តី​ស្រឡាញ់ ដែល​ព្រះ​បាន​ប្រទាន​ពី​អតីត​កាល នាំ​ឲ្យ​យើង​មាន​សង្ឃឹម ក្នុង​ពេល​បច្ចុប្បន្ន។—Katara Patton

តើ​អ្នក​អាច​មាន​ការ​អបអរ​ដូច​ម្តេច​ខ្លះ សម្រាប់​ការ​អ្វី​ដែល​ព្រះ​ទ្រង់​បាន​ធ្វើ សម្រាប់​អ្នក​កាល​ពី​មុន? តើ​អ្នក​អាច​ចែក​ចាយ​ទី​បន្ទាល់​របស់​អ្នក​ដូចម្តេច​ខ្លះ ដើម្បី​ឲ្យ​អ្នក​ដទៃ​មាន​ក្តី​សង្ឃឹម​ឡើង?

ឱ​ព្រះ​នៃ​ក្តី​ស្រឡាញ់ ទូល​បង្គំ​សូម​អរ​ព្រះ​គុណ សម្រាប់​កិច្ចការ​ដ៏​អស្ចារ្យ ដែល​ព្រះ​អង្គ​បាន​ធ្វើ​សម្រាប់​ទូល​បង្គំ។ សូម​ព្រះអង្គ​ប្រទាន​ទូល​បង្គំ​នូវ​កម្លាំង ដើម្បី​ផ្តោត​ទៅ​លើ​ជំនួយ​ដ៏​អស្ចារ្យ​របស់​ព្រះ​អង្គ ពេល​ណា​ទូល​បង្គំ​ត្រូវ​ការ​សេចក្តី​សង្ឃឹម សម្រាប់​បន្ត​ដំណើរ​ទៅ​មុខ។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : អែសរ៉ា ៣-៥ និង យ៉ូហាន ២០

Share this post:
Facebook
Twitter
LinkedIn
WhatsApp

More articles