លោកក្រឡេកមើលទៅឃើញនៅក្បាលដំណេក មាននំដុតឆ្អិនទៅលើធ្យូងភ្លើង ហើយមានទឹក១ក្អមផង នោះលោកក៏បរិភោគនំ និងទឹកនោះ រួចដេកទៅវិញ។ ១ពង្សាវតាក្សត្រ ១៩:៦
ខ្ញុំធ្លាប់បានស្តាប់អ្នកជំនួញម្នាក់រៀបរាប់ អំពីពេលដែលគាត់កំពុងរៀននៅមហាវិទ្យាល័យ។ កាលនោះ គាត់ច្រើនតែមានអារម្មណ៍ថា “គ្មានទីពំនាក់ និងអស់សង្ឃឹម” ដោយសារជំងឺធ្លាក់ទឹកចិត្ត។ គួរឲ្យស្តាយណាស់ គាត់មិនដែលបានទៅជួបគ្រូពេទ្យផ្លូវចិត្តឡើយ តែផ្ទុយទៅវិញ គាត់បានចាប់ផ្តើមរៀបផែនការដ៏គ្រោះថ្នាក់ ដោយកុម្ម៉ង់ទិញសៀវភៅ ដែលនិយាយអំពីការសម្លាប់ខ្លួន ហើយក៏បានជ្រើសរើសថ្ងៃខែ ដើម្បីធ្វើអត្តឃាត។
ព្រះទ្រង់យកព្រះទ័យទុកដាក់ ចំពោះអ្នកដែលគ្មានទីពឹង និងគ្មានសង្ឃឹម។ មានមនុស្សជាច្រើន នៅក្នុងព្រះគម្ពីរ ដែលព្រះអង្គបានជួយសង្រ្គោះ ក្នុងអំឡុងពេលដ៏ខ្មៅងងឹត។ កាលលោកយ៉ូណាសចង់ស្លាប់ ព្រះទ្រង់បានលើកទឹកចិត្តគាត់ ដោយការសន្ទនាដ៏ស្រទន់(យ៉ូណាស ៤:៣-១០)។ កាលលោកអេលីយ៉ាសូមឲ្យព្រះទ្រង់ដកជីវិតគាត់(១ពង្សាវតាក្សត្រ ១៩:៤) ព្រះអង្គក៏បានប្រទាននំប៉័ង និងទឹក ដើម្បីឲ្យគាត់មានភាពស្រស់ថ្លាឡើង(ខ.៥-៩) និងបានមានបន្ទូលយ៉ាងសុភាពមកកាន់គាត់(ខ.១១-១៣) ហើយក៏បានជួយឲ្យគាត់មើលឃើញថា គាត់មិនឯកោ ដូចដែលគាត់គិតនោះឡើយ(ខ.១៨)។ ដូចនេះ ព្រះទ្រង់ចូលមកជិតមនុស្សដែលធ្លាក់ទឹកចិត្ត ដោយជំនួយដ៏ស្រទន់។
ងាកមករឿងរបស់អ្នកជំនួញនោះវិញ។ បណ្ណាគារក៏បានជួនដំណឹងគាត់ថា គេបានដឹកសៀវភៅនោះមកឲ្យគាត់ហើយ។ តែគេបានច្រឡំអាស័យដ្ឋាន ហើយក៏បានផ្ញើសៀវភៅនោះទៅកាន់ផ្ទះឪពុកម្តាយគាត់។ ពេលដែលម្តាយគាត់ទូរស័ព្ទមកគាត់ ដោយការព្រួយបារម្ភយ៉ាងខ្លាំង គាត់ក៏បានភ្ញាក់រឭក ដោយដឹងថា ការសម្លាប់ខ្លួនរបស់គាត់នឹងក្លាយជាកំហុសដ៏បំផុត។ គាត់ថា បើសិនជាគេមិនច្រឡំអាសយដ្ឋានទេ នោះគាត់ប្រហែលមិនបានរស់មកដល់ពេលសព្វថ្ងៃឡើយ។
ខ្ញុំមិនជឿថា បុរសម្នាក់នោះបានរួចពីសេចក្តីស្លាប់ ដោយសារគាត់មានសំណាង ឬជារឿងចៃដន្យនោះឡើយ។ ទោះយើងបានទទួលជំនួយជានំប៉័ង និងទឹក ពេលដែលយើងស្រេកឃ្លានអាហារ ឬទោះយើងបានរួចជីវិត ដោយសាររឿងដែលយើងមិនយល់ក្តី ចូរយើងចាំថា ជំនួយដ៏ស្រទន់នោះ គឺព្រះទេដែលជាអ្នកប្រទានឲ្យ។—Sheridan Voysey
តើព្រះទ្រង់បានជួយអ្នកយ៉ាងដូចម្តេចខ្លះ ក្នុងពេលធ្លាក់ទឹកចិត្ត? តើអ្នកបានឃើញជំនួយដ៏ស្រទន់របស់ព្រះ នៅក្នុងជីវិតនរណាខ្លះ?
ឱព្រះនៃសេចក្តីស្រឡាញ់ ទូលបង្គំសូមសរសើរដំកើងព្រះអង្គ ដែលបានយកព្រះទ័យទុកដាក់យ៉ាងស្រទន់ ចំពោះមនុស្សដែលគ្មានទីពឹង និងគ្មានសង្ឃឹម។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : អែសរ៉ា ៦-៨ និង យ៉ូហាន ២១