លោក​ក្រឡេក​មើល​ទៅ​ឃើញ​នៅ​ក្បាល​ដំណេក មាន​នំ​ដុត​ឆ្អិន​ទៅ​លើ​ធ្យូង​ភ្លើង ហើយ​មាន​ទឹក​១​ក្អម​ផង នោះ​លោក​ក៏​បរិភោគ​នំ និង​ទឹក​នោះ រួច​ដេក​ទៅ​វិញ។ ១ពង្សាវតាក្សត្រ ១៩:៦

ខ្ញុំ​ធ្លាប់​បាន​ស្តាប់​អ្នក​ជំនួញ​ម្នាក់​រៀប​រាប់ អំពី​ពេល​ដែល​គាត់​កំពុង​រៀន​នៅ​មហាវិទ្យាល័យ។ កាល​នោះ គាត់​ច្រើន​តែ​មាន​អារម្មណ៍​ថា “គ្មាន​ទី​ពំនាក់ និង​អស់​សង្ឃឹម” ដោយសារ​ជំងឺ​ធ្លាក់​ទឹក​ចិត្ត។ គួរ​ឲ្យ​ស្តាយ​ណាស់​ គាត់​មិន​ដែល​បាន​ទៅ​ជួប​គ្រូ​ពេទ្យ​ផ្លូវ​ចិត្ត​ឡើយ តែ​ផ្ទុយ​ទៅ​វិញ គាត់​បាន​ចាប់​ផ្តើម​រៀប​ផែនការ​ដ៏​គ្រោះ​ថ្នាក់ ដោយ​កុម្ម៉ង់​ទិញ​សៀវភៅ ដែល​និយាយ​អំពី​ការ​សម្លាប់​ខ្លួន ហើយ​ក៏​បាន​ជ្រើស​រើស​ថ្ងៃ​ខែ ដើម្បី​ធ្វើ​អត្តឃាត។

ព្រះ​ទ្រង់​យក​ព្រះទ័យ​ទុក​ដាក់ ចំពោះ​អ្នក​ដែល​គ្មាន​ទីពឹង និង​គ្មាន​សង្ឃឹម។ មាន​មនុស្ស​ជា​ច្រើន នៅ​ក្នុង​ព្រះ​គម្ពីរ ដែល​ព្រះអង្គ​បាន​ជួយ​សង្រ្គោះ ក្នុង​អំឡុង​ពេល​ដ៏​ខ្មៅ​ងងឹត។ កាល​លោក​យ៉ូណាស​ចង់​ស្លាប់ ព្រះ​ទ្រង់​បាន​លើក​ទឹកចិត្ត​គាត់ ដោយ​ការ​សន្ទនា​ដ៏​ស្រទន់(យ៉ូណាស ៤:៣-១០)។ កាល​លោក​អេលីយ៉ា​សូម​ឲ្យ​ព្រះ​ទ្រង់​ដក​ជីវិត​គាត់(១ពង្សាវតាក្សត្រ ១៩:៤) ព្រះ​អង្គ​ក៏​បាន​ប្រទាន​នំប៉័ង និង​ទឹក ដើម្បី​ឲ្យ​គាត់​មាន​ភាព​ស្រស់​ថ្លា​ឡើង(ខ.៥-៩) និង​បាន​មាន​បន្ទូល​យ៉ាង​សុភាព​មក​កាន់​គាត់(ខ.១១-១៣) ហើយ​ក៏​បាន​ជួយ​ឲ្យ​គាត់​មើល​ឃើញ​ថា គាត់​មិន​ឯកោ ដូច​ដែល​គាត់​គិត​នោះ​ឡើយ(ខ.១៨)។​ ដូច​នេះ ព្រះ​ទ្រង់​ចូល​មក​ជិត​មនុស្ស​ដែល​ធ្លាក់​ទឹក​ចិត្ត ដោយ​ជំនួយ​ដ៏​ស្រទន់។

ងាក​មក​រឿង​របស់​អ្នក​ជំនួញ​នោះ​វិញ។ បណ្ណាគារ​ក៏​បាន​ជួន​ដំណឹង​គាត់​ថា គេ​បាន​ដឹក​សៀវភៅ​នោះ​មក​ឲ្យ​គាត់​ហើយ​។ តែ​គេ​បាន​ច្រឡំ​អាស័យដ្ឋាន ហើយ​ក៏​បាន​ផ្ញើ​សៀវភៅ​នោះ​ទៅ​កាន់​ផ្ទះ​ឪពុក​ម្តាយ​គាត់។ ពេល​ដែល​ម្តាយ​គាត់​ទូរស័ព្ទ​មក​គាត់ ដោយ​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង គាត់​ក៏​បាន​ភ្ញាក់​រឭក ដោយ​ដឹង​ថា ការ​សម្លាប់​ខ្លួន​របស់​គាត់​នឹង​ក្លាយ​ជា​កំហុស​ដ៏​បំផុត។ គាត់​ថា បើ​សិន​ជា​គេ​មិន​ច្រឡំ​អាសយដ្ឋាន​ទេ នោះ​គាត់​ប្រហែល​មិន​បាន​រស់​មក​ដល់​ពេល​សព្វ​ថ្ងៃ​ឡើយ។

ខ្ញុំ​មិន​ជឿ​ថា បុរស​ម្នាក់​នោះ​បាន​រួច​ពី​សេចក្តី​ស្លាប់ ដោយសារ​គាត់​មាន​សំណាង ឬ​ជា​រឿង​ចៃដន្យ​នោះ​ឡើយ។ ទោះ​យើង​បាន​ទទួល​ជំនួយ​ជា​នំប៉័ង និង​ទឹក ពេល​ដែល​យើង​ស្រេក​ឃ្លាន​អាហារ ឬ​ទោះ​យើង​បាន​រួច​ជីវិត ដោយ​សារ​រឿង​ដែល​យើង​មិន​យល់​ក្តី ចូរ​យើង​ចាំ​ថា ជំនួយ​ដ៏​ស្រទន់​នោះ គឺ​ព្រះ​ទេ​ដែលជា​អ្នក​ប្រទាន​ឲ្យ។—Sheridan Voysey

តើ​ព្រះ​ទ្រង់​បាន​ជួយ​អ្នក​យ៉ាង​ដូច​ម្តេច​ខ្លះ ក្នុង​ពេល​ធ្លាក់​ទឹក​ចិត្ត? តើ​អ្នក​បាន​ឃើញ​ជំនួយ​ដ៏​ស្រទន់​របស់​ព្រះ នៅ​ក្នុង​ជីវិត​នរណា​ខ្លះ?

ឱ​ព្រះ​នៃ​សេចក្តី​ស្រឡាញ់ ទូល​បង្គំ​សូម​សរសើរ​ដំកើង​ព្រះ​អង្គ ដែល​បាន​យក​ព្រះ​ទ័យ​ទុក​ដាក់​យ៉ាង​ស្រទន់ ចំពោះ​មនុស្ស​ដែល​គ្មាន​ទីពឹង និង​គ្មាន​សង្ឃឹម។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : អែសរ៉ា ៦-៨ និង យ៉ូហាន ២១