អំណួត និងការបោកបញ្ឆោត

សេចក្តី​អំនួត​នៅ​ក្នុង​ចិត្ត​ឯង បាន​បញ្ឆោត​ឯង​ហើយ។ អូបាឌា ១:៣

មាន​ពេល​មួយ​ខ្ញុំ​បាន​អធិស្ឋាន​ថា ឱ​ព្រះ​នៃ​សេចក្តី​ស្រឡាញ់ ទូល​បង្គំ​សូម​អរ​ព្រះ​គុណ​សម្រាប់​ការ​កែ​តម្រង់​ទូល​បង្គំ ដោយ​សុភាព ។ ហើយ​ខ្ញុំ​ក៏​បាន​អធិស្ឋាន​បន្ត​ទៀត ដោយ​ពាក្យ​ដ៏​ពិបាក​ថា ទូល​បង្គំ​មាន​ចិត្ត​ក្រអឺត​ក្រទម ទូល​បង្គំ​គិតថា ទូល​បង្គំ​អាច​ធ្វើ​អ្វី​ៗ ដោយ​ខ្លួន​ឯង ។ ខ្ញុំ​បាន​អរសប្បាយ​នឹង​គម្រោង​ដ៏​ជោគជ័យ ហើយ​មោទនភាព​នេះ​បាន​លួង​លោម​ខ្ញុំ ឲ្យ​ទុក​ចិត្ត​លើ​សមត្ថភាព​ខ្លួន​ឯង ហើយ​បដិសេធន៍​ការ​ដឹកនាំ​របស់​ព្រះ។ ទាល់​តែ​ខ្ញុំ​បាន​ធ្វើ​គម្រោង​ដែល​ពិបាក​ខ្លាំង ទើប​ខ្ញុំ​ដឹង​ថា ខ្លួន​ឯង​មិន​ឆ្លាត​ដូច​អ្វី​ដែល​ខ្ញុំ​បាន​គិត​នោះ​ទេ។ ចិត្ត​ដែល​មាន​អំនួត​បាន​បោក​បញ្ឆោត​ខ្ញុំ ឲ្យ​ជឿ​ថា ខ្ញុំ​មិន​ត្រូវ​ការ​ជំនួយ​របស់​ព្រះ​។

នគរ​អេដំម​ជា​ប្រទេស​ដ៏​មាន​អំណាច ដែល​បាន​ទទួល​ការ​វាល​ផ្ចាល​ពី​ព្រះ ដោយសារ​អំនួត​របស់​ខ្លួន។ ទឹកដី​អេដំម មាន​ទីតាំង​នៅ​ចន្លោះ​តំបន់​ភ្នំ ដែល​ហាក់​ដូច​ជា​មិន​ងាយ​រង​គ្រោះ ដោយសារ​ពួក​ខ្មាំង​សត្រូវ(អូបាឌា ១:៣)។ អេដំម​ក៏​ជា​ជាតិ​សាសន៍​ដែល​មាន​ទ្រព្យសម្បត្តិ​ច្រើន​ផង​ដែរ ដោយ​ស្ថិត​នៅ​ចំណុច​កណ្តាល​នៃ​ផ្លូវ​ជំនួញ​ជា​ច្រើន និង​សំបូរ​រ៉ែ​ទង់ដែង ជា​ធនធាន​មាន​តម្លៃ​យ៉ាង​ខ្លាំង​នៅ​សម័យ​បុរាណ។ នគរ​នេះ​មាន​របស់​ល្អ​ៗ​ជា​ច្រើន តែ​ក៏​មាន​ពេញ​ដោយ​អំនួត​ផង​ដែរ។​ សាសន៍​អេដំម​បាន​កៀប​សង្កត់​រាស្ត្រ​របស់​ព្រះ ដោយ​ជឿ​ថា គ្មាន​ខ្មាំង​សត្រូវ​ណា​អាច​ឈ្លាន​ពាន​ទឹកដី​ខ្លួន​បាន​ឡើយ(ខ.១០-១៤)។ ប៉ុន្តែ ព្រះ​ទ្រង់​បាន​ប្រើ​ហោរា​អូបាឌា ឲ្យ​ទៅ​ប្រកាស​ប្រាប់​ពួក​គេ អំពី​ការ​ជំនុំ​ជម្រះ​របស់​ព្រះអង្គ។ សាសន៍​ដទៃ​នឹង​លើក​ទ័ព​មក​ច្បាំង​នឹង​ពួកគេ ហើយ​នគរ​ដែល​ធ្លាប់​តែ​មាន​អំណាច​នេះ នឹង​មិន​អាច​ការពារ​ខ្លួន​បាន ហើយ​នឹង​ត្រូវ​ជួប​ភាព​អាម៉ាស់(ខ.១-២)។

អំនួត​បោក​ប្រាស់​យើង​ឲ្យ​គិត​ថា យើង​អាច​រស់​នៅ​តាម​ចិត្ត​របស់​យើង ដោយ​គ្មាន​ព្រះ។ វា​ធ្វើ​ឲ្យ​យើង​មិន​គោរព​អំណាច​ដែល​នៅ​ពី​លើ​យើង មិន​ត្រូវ​ការ​ការ​តែ​តម្រង់ ហើយ​មើល​រំលង​ចំណុច​ខ្សោយ។ តែ​ព្រះ​ទ្រង់​ត្រាស់​ហៅ​យើង​ឲ្យ​បន្ទាប​ខ្លួន នៅ​ចំពោះ​ព្រះ​អង្គ(១ពេត្រុស ៥:៦)។ កាល​ណា​យើង​ងាក​បែរ​ចេញ​ពី​អំនួត ហើយ​ជ្រើស​រើស​យក​ការ​ប្រែ​ចិត្ត ព្រះ​ទ្រង់​នឹង​ដឹក​នាំ​យើង ឲ្យ​ទុក​ចិត្ត​លើ​ព្រះ​អង្គ​ទាំង​ស្រុង។—Karen Huang

តើ​មាន​រឿង​អ្វី​កើត​ឡើង នៅ​ពេល​ដែល​អ្នក​មាន​អំនួត ដោយ​សារ​ព្រះ​ពរ​ដែល​អ្នក​បាន​ទទួល? តើ​អំនួត​បោក​បញ្ឆោត​អ្នក​យ៉ាង​ដូច​ម្តេច?

ឱ​ព្រះវរបិតា សូម​ព្រះ​អង្គ​ការពារ​ទូល​បង្គំ​ឲ្យ​រួច​ផុត​ពី​អំនួត។ សូម​ព្រះ​អង្គ​ប្រទាន​ទូល​បង្គំ នូវ​ចិត្ត​ដែល​បន្ទាប​ខ្លួន។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : អែសរ៉ា ៩-១០ និង កិច្ចការ ១

Share this post:
Facebook
Twitter
LinkedIn
WhatsApp

More articles