បានចាក់ឫសជាប់ក្នុងដីព្រះអង្គ

អ្នក​នោះ​នឹង​បាន​ដូច​ជា​ដើម​ឈើ​ដាំ​នៅ​មាត់​ទឹក ដែល​ចាក់​ឫស​ទៅ​ក្បែរ​ទន្លេ។ យេរេមា ១៧:៨

ក្នុង​ឃ្លា​ដំបូង​នៃ​បទ​កំណាព្យ​របស់​អ្នក​ស្រី ស៉ារ៉ា ថេសដេល(Sara Teasdale) គាត់​បាន​សរសេរ​ថា “ខ្យល់​បាន​បក់​បោក​ដើម​ផ្កា​លីឡាក”។​ ក្នុង​ឃ្លា​នេះ គាត់​បាន​នាំ​ឲ្យ​អ្នក​អាន​ស្រមៃ​អំពី​ទិដ្ឋភាព​របស់​មែក​ដើម​ផ្កា​លីឡាក ដែល​រេ​ចុះ​ឡើង​ៗ ដោយសារ​កម្លាំង​ខ្យល់​បក់។ តែ​តាម​ពិត គាត់​កំពុង​ឆ្លុះ​បញ្ចាំង​អំពី​ទំនួញ​នៃ​ការ​បាត់​បង់​មនុស្ស​ជាទី​ស្រឡាញ់ ហើយ​មិន​យូរ​ប៉ុន្មាន កំណាព្យ​របស់​គាត់​ក៏​បាន​ប្រែ​ក្លាយ​ជា​ការ​សោក​សង្រេង។

ដើម​ផ្កា​លីឡាក​ក្នុង​ទីធ្លា​ក្រោយ​ផ្ទះ​ខ្ញុំ ក៏​បាន​ជួប​បញ្ហា​ប្រឈម​ផង​ដែរ។ បន្ទាប់​ពី​រដូវ​កាល​នៃ​ការ​លូត​លាស់​ដ៏​រឹង​មាំ និង​ស្រស់​ស្អាត​បំផុត ពួក​វា​ក៏​បាន​ប្រឈម​មុខ​ដាក់​អ្នក​ថែ​សួន ដែល​បាន “កាត់​តម្រឹម” គុម្ព​ផ្កា​នីមួយ​ៗ ហើយ​ក៏​បាន​ជ្រុល​ដៃ​កាត់​ពួក​វា​នៅ​សល់​តែ​ដើម។ ខ្ញុំ​ក៏​បាន​យំ ដោយ​ការ​សោក​ស្តាយ។ បី​ឆ្នាំ​ក្រោយ​មក មែក​របស់​វា​មិន​ចេញ​ផ្កា ហើយ​ដើម​វា​ក៏​បាន​ដុះ​ផ្សិត​ទៀត។ ខ្ញុំ​ក៏​មាន​គម្រោង​ជីក​រំលើង​ដើម​ផ្កា​ដែល​បាន​វេទនា​ជា​យូរ​មក​ហើយ​នោះ តែ​ពួក​វា​ក៏​បាន​លូត​លាស់ ហើយ​ចេញ​ផ្កា​យ៉ាង​ស្រស់​ស្អាត​ឡើង​វិញ។ ពួក​វា​គ្រាន់​តែ​ត្រូវ​ការ​ពេល​វេលា ហើយ​ខ្ញុំ​គ្រាន់​តែ​ចាំ​បាច់​ត្រូវ​រង់​ចាំ​អ្វី​ដែល​ខ្ញុំ​មិន​អាច​មើល​ឃើញ។

ព្រះគម្ពីរ​បាន​ចែង​អំពី​មនុស្ស​ជា​ច្រើន ដែល​បាន​រង់​ចាំ ដោយ​ជំនឿ ទោះ​ជា​មាន​ទុក្ខ​លំបាក​យ៉ាង​ណា​ក៏ដោយ។ លោក​ណូអេ​បាន​រង់​ចាំ​ភ្លៀង​ដែល​បាន​រាំង​ជា​យូរ​មក​ហើយ។ លោក​កាឡែប​បាន​រង់​ចាំ​អស់​រយៈ​ពេល​៤០​ឆ្នាំ ដើម្បី​ចូល​ទឹក​ដី​សន្យា។ នាង​រេបេកា​បាន​រង់​ចាំ​២០​ឆ្នាំ ទំរាំ​តែ​មាន​កូន។ លោក​យ៉ាកុប​បាន​រង់​ចាំ​អស់​៧​ឆ្នាំ ទំរាំ​តែ​បាន​រៀបការ​ជា​មួយ​នាង​រ៉ាជែល។ លោក​ស៊ីម្មាន​ក៏​បាន​រង់​ចាំ​មើល​ព្រះ​ឱរស​តូច​យេស៊ូវ អស់​ពេល​ជា​ច្រើន​ឆ្នាំ។ ព្រះ​ទ្រង់​ក៏​បាន​ប្រទាន​រង្វាន់​ដល់​ពួក​គេ សម្រាប់​ការ​អត់​ធ្មត់​ក្នុង​ការ​រង់​ចាំ​នោះ។

ផ្ទុយ​ទៅ​វិញ អ្នក​ដែល​មើល​ទៅ​មនុស្ស តែ​មិន​មើល​ទៅ​ព្រះ គឺ“​នឹង​បាន​ដូច​ជា​ដើម​ឈើ​សោះកក្រោះ​នៅ​សមុទ្រ​ខ្សាច់”(យេរេមា ១៧:៦)។ អ្នក​ស្រី​ថេសដេល​បាន​បញ្ចប់​ល្បះ​ទី​១​នៃ​បទ​កំណាព្យ​គាត់ ដោយ​ពាក្យ​ដ៏​ក្រៀម​ក្រំ​ថា គាត់​ទៅ​តាម​ផ្លូវ​ដ៏​ក្រៀម​ក្រោះ។ ប៉ុន្តែ លោក​យេរេមា​បាន​បន្លឺ​សម្លេង​ដ៏​មាន​អំណរ​ថា “​មាន​ពរ​ហើយ អ្នក​ណា​ដែល​ទី​ពឹង​ដល់​ព្រះយេហូវ៉ា ហើយ​ដែល​ទុក​ចិត្ត​នឹង​ទ្រង់ ដ្បិត​អ្នក​នោះ​នឹង​បាន​ដូច​ជា​ដើម​ឈើ​ដាំ​នៅ​មាត់​ទឹក”(ខ.៧-៨)។

អ្នក​ដែល​ទុក​ចិត្ត​​ព្រះ គឺ​បាន​ដុះ​ជាប់​នៅ​ក្នុង​ព្រះ​អង្គ ដែល​ដើរ​ជា​មួយ​យើង ក្នុង​ពេល​មាន​អំណរ ក៏​ដូច​ជា​ពេល​ដែល​មាន​ទុក្ខ​លំបាក ក្នុង​ជីវិត។—Patricia Raybon

តើ​ការ​យល់​ដឹង​អំពី​ព្រះ​ត្រង់​ចំណុច​ណា ដែល​បណ្តាល​ចិត្ត​អ្នក​ឲ្យ​ទុក​ចិត្ត​ព្រះ​អង្គ? តើ​ក្នុង​អំឡុង​ពេល​ណា​នៃ​ជីវិត​អ្នក ដែល​ជំនឿ​អ្នក​ចាក់​ឫស​ចូល​កាន់​តែ​ជ្រៅ ក្នុង​ដី​របស់​ព្រះ​អង្គ?

ឱ​ព្រះ​វរបិតា ដែល​គង់​នៅ​ស្ថាន​សួគ៌ ពេល​ណា​ជីវិត​ទូល​បង្គំ​មាន​ភាព​ក្រៀម​ក្រោះ ឬ​ត្រូវ​ខ្យល់​ខ្លាំង​បក់​បោក សូម​ព្រះ​អង្គ​ជួយ​ទូល​បង្គំ​ឲ្យ​ទុក​ចិត្ត​ព្រះ​អង្គ ដោយ​ចាក់​ឫស​កាន់​តែ​ជ្រៅ ក្នុង​សេចក្តី​ស្រឡាញ់​ដ៏​ស្ថិតស្ថេរ​របស់​ព្រះ​អង្គ។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : នេហេមា ៧-៩ និង កិច្ចការ ៣

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles