ទ្រង់​នឹង​ក្រុង​ឯង​ដោយ​ស្លាប​ទ្រង់ ហើយ​ឯង​នឹង​ជ្រក​នៅ​ក្រោម​ចំអេង​ស្លាប​របស់​ទ្រង់ សេចក្តី​ពិត​របស់​ទ្រង់​ជា​ខែល ហើយ​ជា​អាវ​ក្រោះ។ ទំនុកដំកើង ៩១:៤

ស្រ្តី​ជា​ម្តាយ​ម្នាក់ នៅ​រដ្ឋ​ខូឡូរ៉ាដូ​បាន​បង្ហាញ​ឲ្យ​គេ​ទទួល​ស្គាល់​ថា គាត់​នឹង​ការពារ​កូន​គាត់ ទោះ​ជា​មាន​បញ្ហា​អ្វី​ក៏​ដោយ។ កូន​ប្រុស​របស់​គាត់​អាយុ​៥​ឆ្នាំ កំពុង​តែ​លេង​នៅ​ក្រៅ​ផ្ទះ។ ពេល​គាត់​ឮ​សម្លេង​កូន​ប្រុស​គាត់​ស្រែក គាត់​ក៏​ប្រញាប់​រត់​ចេញ​ក្រៅ​ផ្ទះ ហើយ​មាន​ការ​តក់ស្លុត​យ៉ាង​ខ្លាំង ពេល​ដែល​បាន​ឃើញ​កូន​ប្រុស​គាត់​ត្រូវ​សត្វ​តោ​ភ្នំ​វាយ​ប្រហារ។ សត្វ​តោ​នោះ​កំពុង​សង្រ្គប់​ពី​លើ​កូន​ប្រុស​គាត់ ដោយ​ក្បាល​របស់​កូន​គាត់​កំពុង​ជាប់​នៅ​ក្នុង​មាត់​របស់​វា។ ស្រ្តី​ជា​ម្តាយ​ក៏​បាន​ប្រឹង​ប្រែង​អស់​ពី​កម្លាំង​ចិត្ត នៅ​ក្នុង​ការ​ប្រយុទ្ធ​នឹង​វា ដោយ​ចិត្ត​ក្លាហាន ហើយ​ក៏​បាន​ហែក​មាត់​វា ដើម្បី​រំដោះ​កូន​ប្រុស​ខ្លួន។ សេចក្តី​ក្លាហាន​របស់​ស្រ្តី​ជា​ម្តាយ បាន​រំឭក​យើង​ថា ព្រះ​គម្ពីរ​បាន​និយាយ​អំពី​ភាព​ជា​ម្តាយ ដើម្បី​ពិពណ៌នា​អំពី​សេចក្តី​ស្រឡាញ់ និង​ការ​ការពារ​ដ៏​ស្ថិត​ស្ថេរ ដែល​ព្រះ​ទ្រង់​មាន​ចំពោះ​កូន​ព្រះ​អង្គ។

ព្រះ​ទ្រង់​យក​ព្រះ​ទ័យ​ទុក​ដាក់ និង​កម្សាន្ត​ចិត្ត​រាស្រ្ត​របស់​ព្រះ​អង្គ ដូច​ជា​មេ​ឥន្ទ្រី​ដែល​ថែ​ទាំ​កូន​(ចោទិយកថា ៣២:១០-១១ អេសាយ ៦៦:១៣)។ ហើយ​ព្រះ​អង្គ​ក៏​នឹង​មិន​ដែល​ភ្លេច​រាស្រ្ត​ព្រះ​អង្គ ឬ​លែង​មាន​សេចក្តី​អាណិត​ចំពោះ​ពួក​គេ​ឡើយ​ គឺ​ប្រៀប​ដូច​ជា​ម្តាយ​មិន​ដែល​ភ្លេច​កូន​ដែល​នៅ​បៅ​ដោះ ដោយ​ចំណង​ដែល​មិន​អាច​កាត់​ផ្តាច់​បាន​(អេសាយ ៥៤:៧-៨)។ ហើយ​ព្រះ​អង្គ​ក៏​គ្រប​បាំង​រាស្ត្រ​ព្រះ​អង្គ នៅ​ក្រោម​ចំអេង​ស្លាប​របស់​ព្រះ​អង្គ ហើយ​សេចក្តី​ពិត​របស់​ទ្រង់​ជា​ខែល ហើយ​ជា​អាវ​ក្រោះ គឺ​មិន​ខុស​ពី​មេ​បក្សី ដែល​ការពារ​កូន នៅ​ក្រោម​ចំអេង​ស្លាប​របស់​ខ្លួន​(ទំនុកដំកើង ៩១:៤)។

ជួន​កាល យើង​មាន​អារម្មណ៍​ឯកោ គេ​បំភ្លេច និង​ជាប់​អន្ទាក់​នៃ​ខ្មាំង​សត្រូវ​ខាង​វិញ្ញាណ​គ្រប់​ប្រភេទ។ សូម​ព្រះ​ទ្រង់​ជួយ​រំឭក​យើង​ថា ព្រះ​អង្គ​តែង​តែ​ថែរក្សា ហើយ​កម្សាន្ត​ចិត្ត​យើង ព្រម​ទាំង​ប្រយុទ្ធ​ជំនួស​យើង។—Marvin Williams

តើ​អ្នក​បាន​ពិសោធន៍​នឹង​ទំនាក់​ទំនង​ជា​មួយ​ព្រះ ដែល​មាន​លក្ខណៈ​ដូច​ម្តាយ​មើល​ថែ​កូន​ឬ​ទេ? តើ​អ្នក​បាន​ពិសោធន៍​នឹង​ការ​ថែរក្សា ការ​កម្សាន្ត​ចិត្ត និង​ការ​ការពារ​ដូច​ម្តេច​ខ្លះ?

ឱ​ព្រះ​វរបិតា ដែល​គង់​នៅ​ស្ថាន​សួគ៌ សូម​ព្រះ​អង្គ​ជួយ​ទូល​បង្គំ​ឲ្យ​រក​ឃើញ​ការ​ជ្រក​កោន នៅ​ក្រោម​ខែល​នៃ​សេចក្តី​ស្មោះ​ត្រង់​របស់​ព្រះ​អង្គ ដូច​ជា​កូន​បក្សី​រក​ឃើញ​ការ​ការពារ​នៅ​ក្រោម​ចំអេង​ស្លាប​របស់​មេ​វា។​

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : នាងអេសធើរ ៣-៥ កិច្ចការ ៥:២២-៤២