ស្តេច​ទ្រង់​… ចុះ​សញ្ញា​នឹង​ព្រះយេហូវ៉ា ឲ្យ​បាន​ដើរ​តាម​ព្រះយេហូវ៉ា ហើយ​កាន់​តាម​ក្រឹត្យក្រម និង​សេចក្តី​បន្ទាល់ ហើយ​នឹង​បញ្ញត្ត​របស់​ទ្រង់​ទាំង​ប៉ុន្មាន។ ២ពង្សាវតាក្សត្រ ២៣:៣

ក្រុម​គ្រួសារ​ខ្ញុំ​បាន​តាំង​លម្អ​ធ្នូ​មួយ​ដើម និង​បំពង់​ដាក់​គ្រាប់​ព្រួញ​មួយ​ដ៏​ស្រស់​ស្អាត នៅ​លើ​ជញ្ជាំង​ផ្ទះ​របស់​ខ្ញុំ នៅ​រដ្ឋ​មីឈីហ្គិន អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ។ វា​ជា​កេរដំណែល​ពី​ឪពុក​ខ្ញុំ ដែល​គេ​បាន​ជូន​គាត់ ជា​វត្ថុ​អនុស្សាវរីយ កាល​យើង​កំពុង​បម្រើ​ព្រះ ក្នុង​នាម​ជា​បេសកជន នៅ​ប្រទេស​ហ្កាណា។

បន្ទាប់​មក នៅ​ថ្ងៃ​មួយ មិត្ត​ភក្តិ​ជន​ជាតិ​ហ្កាណា​ម្នាក់ បាន​មក​លេង​ផ្ទះ​យើង។ ពេល​គាត់​ឃើញ​ធ្នូ​នោះ គាត់​ក៏​បាន​បង្ហាញ​ទឹក​មុខ​ចម្លែក។ គាត់​ក៏​បាន​ចង្អុល​ទៅ​វត្ថុ​តូច​មួយ ដែល​គេ​បាន​ចង​ភ្ជាប់​នឹង​ធ្នូ​នោះ ហើយ​ប្រាប់​ខ្ញុំ​ថា វា​ជា​វត្ថុ​មន្តអាគម។ វា​គ្មាន​អំណាច​ទេ តែ​បើ​គាត់​ជា​ខ្ញុំ​វិញ គាត់​នឹង​មិន​ឲ្យ​វា​នៅ​ក្នុង​ផ្ទះ​គាត់​ទេ។ ភ្លាម​ៗ​នោះ យើង​ក៏​បាន​កាត់​វត្ថុ​មន្តអាគម​នោះ​ចេញ​ពី​ធ្នូ យក​ទៅ​បោះ​ចោល។ យើង​មិន​ចង់​មាន​វត្ថុ​អ្វី​មួយ ក្នុង​ផ្ទះ​យើង ដែល​ថ្វាយ​បង្គំ​អ្វី​ផ្សេង ជា​ជាង​ថ្វាយ​បង្គំ​ព្រះ​ដ៏​ពិត​នោះ​ឡើយ។​

ស្តេច​យ៉ូសៀស ជា​ស្តេច​ក្រុង​យេរូសាឡិម ដែល​បាន​ច្រើន​វ័យ​ធំ​ឡើង ដោយ​ការ​យល់​ដឹង​តិច​តួច អំពី​អ្វី​ដែល​ព្រះ​ទ្រង់​រំពឹង​ចង់​បាន​ពី​រាស្រ្ត​ព្រះ​អង្គ។ ពេល​ដែល​សម្តេច​សង្ឃ​បាន​រក​ឃើញ​ក្រាំង​ក្រឹត្យវិន័យ នៅ​ក្នុង​ព្រះវិហារ ដែល​គេ​មិន​បាន​អើពើ​អស់​ជា​យូរ​មក​ហើយ(២ពង្សាវតាក្សត្រ ២២:៨) ស្តេច​យ៉ូសៀស​ក៏​បាន​សព្វ​ព្រះទ័យ​នឹង​ស្វែង​យល់​អំពី​ក្រឹត្យវិន័យ​នោះ។ ពេល​ដែល​ទ្រង់​បាន​រៀន​ក្រឹត្យវិន័យ ដែល​បាន​ចែង​អំពី​ការ​ថ្វាយ​បង្គំ​រូប​ព្រះ មិន​យូរ​ប៉ុន្មាន ទ្រង់​ក៏​បាន​បង្គាប់​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​ដ៏​ឆាប់​រហ័ស នៅ​ក្នុង​នគរ​យូដា ឲ្យ​ត្រូវ​តាម​ក្រឹត្យ​វិន័យ​របស់​ព្រះ គឺ​ការ​ផ្លាស់​ប្តូរ​ដ៏​សំខាន់​(២ពង្សាវតាក្សត្រ ២៣:៣-៧)។

ស្តេច​យ៉ូសៀស​បាន​យក​កណ្ឌ​គម្ពីរ​ក្រឹត្យវិន័យ ដែល​គេ​បាន​រក​ឃើញ មក​អនុវត្ត​តាម តែ​យើង​មាន​ជំនួយ​លើស​ទ្រង់​ទៀត។ យើង​មាន​ព្រះ​គម្ពីរ​ទាំង​មូល​សម្រាប់​ការ​ប្រៀន​ប្រដៅ​ខាង​ឯ​សេចក្តី​ពិត។ យើង​មាន​បង​ប្អូន​រួម​ជំនឿ ហើយ​យើង​ក៏​មាន​ព្រះ​វត្តមាន​ដ៏​ស្ថិត​ស្ថេរ របស់​ព្រះវិញ្ញាណ​បរិសុទ្ធ ក្នុង​ជីវិត​យើង ដែល​ជួយ​បើក​ភ្នែក​យើង ឲ្យ​ឃើញ​ការ​អ្វី​ដែល​យើង​ប្រហែល​ជា​បាន​មើល​រំលង ទោះ​តូច ឬ​ធំ​ក្តី។—Tim Gustafson

ចូរ​ពិពណ៌នា អំពី​ពេល​ដែល​អ្នក​ជឿ​ម្នាក់​បាន​ចង្អុល​បង្ហាញ អំពី​ចំណុច​ដែល​អ្នក​ត្រូវ​កែ​ប្រែ។ តើ​មាន​ការ​អ្វី​ខ្លះ​ក្នុង​ជីវិត​អ្នក ដែល​ប្រហែល​ជា​ទាស់​ប្រឆាំង​នឹង​ព្រះ?

ឱ​ព្រះ​វរបិតា​ដែល​គង់​នៅ​ស្ថានសួគ៌ សូម​ព្រះវិញ្ញាណ​ព្រះ​អង្គ​ជួយ​ដឹក​នាំ​ទូល​បង្គំ ឲ្យ​ជៀស​ចេញ​ពី​ការ​អ្វី​ដែល​ទាស់​ប្រឆាំង​នឹង​ព្រះ​អង្គ។

To learn more about the leaders of Israel, visit ODBU.org/ML102.

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : នាងអេសធើរ ៩-១០ និង កិច្ចការ ៧:១-២១