សូម​នាំ​ព្រលឹង​ទូលបង្គំ​ចេញ​ពី​សេចក្តី​វេទនា ដោយ​សេចក្តី​សុចរិត​របស់​ទ្រង់។ ទំនុកដំកើង ១៤៣:១១

ក្នុង​អំឡុង​ពេល​នៃ​ការ​រីក​រាល​ដាល​នៃ​ជំងឺ​កូវីត​១៩ នារី​ដែល​មាន​ឈ្មោះ​ល្បី​ម្នាក់ បាន​បង្ហាញ​ការ​ឈឺ​ចាប់​ក្នុង​អារម្មណ៍​របស់​គាត់ ដោយ​និយាយ​អំពី​ពេល​ដ៏​ខ្មៅ​ងងឹត ដែល​គាត់​បាន​ឆ្លង​កាត់។ គាត់​មាន​ការ​ពិបាក នៅ​ក្នុង​ការ សម្រប​ខ្លួន​នឹង​សភាព​ធម្មតា​បែប​គន្លង​ថ្មី ហើយ​ក្នុង​ពេល​ដ៏​វឹកវរ​នោះ គាត់​បាន​ទទួល​ស្គាល់​ថា គាត់​ព្យាយាម​ជម្នះ​ចិត្ត​ដែល​ចង់​ធ្វើ​អត្តឃាត។ គាត់​ក៏​បាន​ព្យាយាម​ដក​ខ្លួន​ចេញ​ពី​ការ​ធ្លាក់​ដាំ​ក្បាល​ចុះ​នេះ ដោយ​ចែក​ចាយ​អំពី​ទុក្ខ​លំបាក​របស់​គាត់ ដល់​មិត្ត​ភក្តិ​ម្នាក់​ដែល​បាន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​គាត់។

យើង​រាល់​គ្នា​សុទ្ធ​តែ​ងាយ​នឹង​ធ្លាក់​ចូល​ទៅ​ក្នុង​ពេល ថ្ងៃ ឬ​រដូវ​កាល​ដ៏​វឹកវរ។ យើង​ធ្លាប់​ស្គាល់​អស់​ហើយ ជ្រលង​ភ្នំ​ដ៏​ងងឹត និង​ទីកន្លែង​ដ៏​ពិបាក តែ​ការ​ចាក​ចេញ​ពី​កន្លែង​ទាំង​នោះ អាច​មាន​ការ​ពិបាក។ ហើយ​ជួន​កាល យើង​ប្រហែល​ជា​ត្រូវ​ស្វែង​រក​ការ​ប្រឹក្សា​ផ្លូវចិត្ត ពី​អ្នក​ជំនាញ​ទៀត​ផង។

ក្នុង​បទ​គម្ពីរ​ទំនុក​ដំកើង ជំពូក ១៤៣ ស្តេច​ដាវីឌ​បាន​ពោល​ពាក្យ​អធិស្ឋាន ក្នុង​អំឡុង​ពេល​ដ៏​ខ្មៅ​ងងឹត នៃ​ជីវិត​ទ្រង់ ដែល​ជា​គំរូ និង​ការ​បង្រៀន​ដល់​យើង​ផង​ដែរ។ យើង​មិន​ដឹង​ច្បាស់​ថា កាល​នោះ​ទ្រង់​កំពុង​ជួប​រឿង​អ្វី​ទេ តែ​សេចក្តី​អធិស្ឋាន​របស់​ទ្រង់ មាន​ភាព​ស្មោះ​ត្រង់ ហើយ​ពេញ​ដោយ​ក្តី​សង្ឃឹម។ គឺ​ដូច​ដែល​ទ្រង់​បាន​អធិស្ឋាន​ថា “ដ្បិត​ខ្មាំង​សត្រូវ​បាន​បៀតបៀន​ព្រលឹង​នៃ​ទូលបង្គំ គេ​បាន​វាយ​ជីវិត​ទូលបង្គំ​ចុះ​ដល់​ដី​ហើយ ក៏​ធ្វើ​ឲ្យ​ទូលបង្គំ​អាស្រ័យ​នៅ​ក្នុង​ទី​ងងឹត ដូច​ជា​ពួក​អ្នក​ដែល​បាន​ស្លាប់​ជា​យូរ​មក​ហើយ ហេតុ​នោះ​បាន​ជា​វិញ្ញាណ​នៅ​ក្នុង​ខ្លួន ទូលបង្គំ​ត្រូវ​អន់ថយ​ទៅ ហើយ​ចិត្ត​នៅ​ក្នុង​ទូលបង្គំ ក៏​នៅ​តែលតោល”(ខ​.៣-៤)។ សម្រាប់​អ្នក​ជឿ​ព្រះ ការ​ចែក​ចាយ​ដល់​មិត្ត​ភក្តិ ឬ​ពេទ្យ​ចិត្ត​សាស្រ្ត អំពី​រឿង​ដែល​យើង​កំពុង​ជួប​ប្រទះ គឺ​មិន​គ្រប់​គ្រាន់​ឡើយ។ យើង​ត្រូវ​ចូល​ទៅ​រក​ព្រះ អស់​ពី​ចិត្ត ដោយ​ការ​អធិស្ឋាន ដែល​រាប់​បញ្ចូល​ទាំង​ការ​ទូល​អង្វរ ដូច​បទ​គម្ពីរ​ទំនុក​ដំកើង ១៤៣:៧-១០ ផង​ដែរ។ ពេល​ដ៏​ខ្មៅ​ងងឹត​របស់​យើង អាច​ជា​ពេល​នៃ​ការអធិស្ឋាន​ដ៏​ជ្រាល​ជ្រៅ ដោយ​ស្វែង​រក​ពន្លឺ និង​ជីវិត ដែល​មាន​តែ​ព្រះ​ទេ ដែល​អាច​ប្រទាន​ឲ្យ​បាន។—Arthur Jackson

ក្នុង​ពេល​ងងឹត​បំផុត តាម​ធម្មតា តើ​អ្នក​ឆ្លើយ​តប​ដូច​ម្តេច​ខ្លះ ចំពោះ​បញ្ហា? ហេតុ​អ្វី​អ្នក​ពិបាក​ចែក​ចាយ​ត្រង់​ៗ អំពី​ទុក្ខ​លំបាក​របស់​អ្នក ដល់​អ្នក​ដទៃ និង​ព្រះ?

ឱ​ព្រះ​វរបិតា សូម​ព្រះ​អង្គ​ប្រទាន​កម្លាំង និង​ក្តី​សង្ឃឹម​ជា​ថ្មី ក្នុង​ព្រះ​អង្គ។ ពេល​ណា​ភាព​ងងឹត​ជ្រៀត​ចូល​ក្នុង​ជីវិត​ទូល​បង្គំ ឬ​ធ្វើ​ឲ្យ​ជីវិត​ទូល​បង្គំ​ធ្លាក់​ចុះ សូម​ព្រះ​អង្គ​ជួយ​ទូល​បង្គំ ឲ្យ​ចូល​មក​រក​ព្រះ​អង្គ ដោយ​ការ​អធិស្ឋាន។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : យ៉ូប ៣-៤ និង កិច្ចការ ៧:៤៤-៦០