កុំ​ឲ្យ​ជំពាក់​អ្វី​ដល់​អ្នក​ណា​ឡើយ ជំពាក់​បាន​តែ​សេចក្តី​ស្រឡាញ់ ដល់​គ្នា​ទៅ​វិញ​ទៅ​មក​ប៉ុណ្ណោះ។ រ៉ូម ១៣:៨

ឆ្កែ​១​ក្បាល​ឈ្មោះ​ប៊ីលី(Billy) ជា​ឆ្កែ​ដែល​ស្រឡាញ់ និង​ស្មោះ​ត្រង់​ចំពោះ​ម្ចាស់​វា។ វា​បាន​ក្លាយ​ជា​ឆ្កែ​ដែល​មាន​ឈ្មោះ​ល្បី ក្នុង​អ៊ីនធឺណិត កាល​ពី​ឆ្នាំ​២០២០។ លោក​រ៉ាស់ស៊ល(Russell) ដែល​ជា​ម្ចាស់​របស់​វា បាន​ជួប​គ្រោះ​ថ្នាក់ ដែល​បណ្តាល​ឲ្យ​បាក់​កជើង ដូចនេះ គាត់​ក៏​បាន​ប្រើ​ឈើ​ច្រត់​ដើម្បី​ដើរ​ពី​កន្លែង​មួយ​ ទៅ​កន្លែង​មួយ។ មិន​យូរ​ប៉ុន្មាន ឆ្កែ​១​ក្បាល​នេះ​ក៏​បាន​ចាប់​ផ្តើម​ដើរ​ខ្ញើច​ៗ ពេល​វា​ដើរ​ជា​មួយ​ម្ចាស់​វា។ ដោយ​ការ​ព្រួយ​បារម្ភ លោក​រ៉ាស់ស៊ល​ក៏​បាន​យក​វា​ទៅ​ពេទ្យ​សត្វ។ ពេទ្យ​សត្វ​ក៏​បាន​ប្រាប់​ថា ជើង​វា​មិន​មាន​កើត​អ្វី​ទេ។ វា​រត់​លេង​ជា​ធម្មតា ពេល​ណា​វា​នៅ​តែ​ម្នាក់​ឯង។ ម្ចាស់​វា​ក៏​ដឹង​ថា តាម​ពិត សត្វ​ឆ្កែ​នេះ​បាន​ធ្វើ​ពុត​ជា​បាក់​ជើង ពេល​ណា​វា​ដើរ​ជា​មួយ​គាត់​។ វា​ប្រហែល​ជា​កំពុង​តែ​ព្យាយាម​រួម​សុខ​រួម​ទុក្ខ​ជា​មួយ​ម្ចាស់​វា​ហើយ!

ការ​រួម​សុខ​រួម​ទុក្ខ​ជា​មួយ​អ្នក​ដទៃ ជា​ប្រធាន​បទ​ដ៏​សំខាន់ នៅ​ក្នុង​ការ​បង្រៀន​របស់​សាវ័ក​ប៉ុល ទៅ​កាន់​ពួក​ជំនុំ​នៅ​ទីក្រុង​រ៉ូម។ គាត់​បាន​បង្រួម​ក្រឹត្យ​វិន័យ​៥​ចុង​ក្រោយ ក្នុង​ក្រឹត្យ​វិន័យ​ទាំង​១០​ប្រការ មក​នូវ​ត្រឹម​សេចក្តី​បង្គាប់​ថា “ចូរ​ស្រឡាញ់​អ្នក​ជិត​ខាង​ដូច​ខ្លួន​ឯង”(រ៉ូម ១៣:៩)។ យើង​ក៏​អាច​មើល​ឃើញ​សារៈសំខាន់​នៃ​ការ​រួម​សុខ​រួម​ទុក្ខ​ជា​មួយ​អ្នក​ដទៃ ក្នុង​ខ.៨ ដែល​ចែង​ថា “កុំ​ឲ្យ​ជំពាក់​អ្វី​ដល់​អ្នក​ណា​ឡើយ ជំពាក់​បាន​តែ​សេចក្តី​ស្រឡាញ់ ដល់​គ្នា​ទៅ​វិញ​ទៅ​មក​ប៉ុណ្ណោះ”។

អ្នក​និពន្ធ​ឈ្មោះ ចេននី អាល់ប័រ(Jenny Albers)បាន​ឲ្យ​យោបល់​ថា “ពេល​នរណា​ម្នាក់​មាន​ភាព​ប្រេះ​បែក ចូរ​កុំ​ព្យាយាម​ជួស​ជុល​គាត់។ (អ្នក​មិន​អាច​ជួស​ជុល​គាត់​បាន​ឡើយ)។ ពេល​នរណា​ម្នាក់​កំពុង​ឈឺ​ចាប់ ចូរ​កុំ​ព្យាយាម​ដក​ការ​ឈឺ​ចាប់​របស់​គាត់​ចេញ។ (អ្នក​មិន​អាច​ធ្វើ​បាន​ឡើយ)។ ផ្ទុយ​ទៅ​វិញ ចូរ​ស្រឡាញ់​ពួក​គេ ដោយ​ដើរ​ជា​មួយ​ពួក​គេ ក្នុង​ការ​ឈឺ​ចាប់​នោះ។(អ្នក​អាច​ធ្វើ​បាន)។ ពីព្រោះ ជួន​កាល ពួក​គេ​គ្រាន់​តែ​ត្រូវ​ការ​ដឹង​ថា ពួក​គេ​មិន​ឯកោ​ឡើយ”។

ដោយសារ​ព្រះ​យេស៊ូវ​ជា​ព្រះ​អង្គ​សង្គ្រោះ​យើង ទ្រង់​ដើរ​ជា​មួយ​យើង ក្នុង​ពេល​យើង​ឈឺ​ចាប់ នោះ​យើង​អាច​ដឹង​ថា ការ​ដើរ​ជា​មួយ​អ្នក​ដទៃ មាន​លក្ខណៈ​ដូច​ម្តេច។​—Anne Cetas

តើ​នរណា​ខ្លះ​ត្រូវ​ការ​ឲ្យ​អ្នក​ដើរ​ជា​មួយ ក្នុង​សប្តាហ៍​នេះ? តើ​ព្រះ​ទ្រង់​ប្រហែល​ជា​សព្វ​ព្រះ​ទ័យ ឲ្យ​ដើរ​ជា​មួយ​ពួក​គេ យ៉ាង​ដូច​ម្តេច​ខ្លះ?

ឱ​ព្រះ​អម្ចាស់ សូម​ព្រះ​អង្គ​បើក​ភ្នែក​ទូល​បង្គំ ឲ្យ​ឃើញ​តម្រូវ​ការ​របស់​មនុស្ស​នៅ​ជុំវិញ​ទូល​បង្គំ។ សូម​ជួយ​ទូល​បង្គំ​ឲ្យ​រស់​នៅ​ជា​មិត្ត​ភក្តិ​ដែល​មាន​ក្តី​ស្រឡាញ់។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : យ៉ូប ៥-៧ និង កិច្ចការ ៨:១-២៥