អ្នកអាចធ្វើបាន!

 

នោះ​ក៏​ត្រឡប់​ទៅ​ឯ​លីស្ត្រា អ៊ីកូនាម និង​អាន់ទីយ៉ូក​វិញ ព្រម​ទាំង​ចំរើន​កំឡាំង​ដល់​ពួក​សិស្ស ឲ្យ​មាន​ចិត្ត​រឹងប៉ឹង​ឡើង ហើយ​ទូន្មាន​ឲ្យ​នៅ​ស្ថិតស្ថេរ​ក្នុង​សេចក្តី​ជំនឿ។ កិច្ចការ​១៤:២១-២២

ការ​លើក​ទឹក​ចិត្ត​មាន​សារៈសំខាន់​ដូច​ខ្យល់​អុកស៊ីហ្សែន​អញ្ចឹង​ដែរ។ យើង​មិន​អាច​រស់​នៅ ដោយ​គ្មាន​ការ​លើក​ទឹក​ចិត្ត​បាន​ឡើយ។ នេះ​ជា​រឿង​ពិត ដែល​បាន​កើត​ឡើង ក្នុង​ជីវិត​កុមារា អាយុ​៩​ឆ្នាំ ឈ្មោះ ចេមស៍ សាវិច(James Savage) ដែល​បាន​ហែល​ទឹក​បាន​ចម្ងាយ​ជាង​៣​គីឡូម៉ែត្រ ពី​ឆ្នេរ​ទីក្រុង​សាន់ហ្វ្រាន់ស៊ីសស្កូ ទៅ​កោះ​អាល់កាត្រាស ហើយ​ហែល​ត្រឡប់​មក​វិញ ដោយ​បំបែក​ឯកត្តកម្ម សម្រាប់​អ្នក​ហែល​វ័យ​ទឹក​ក្មេង​បំផុត ដែល​អាច​សម្រេច​​នូវ​ជោគជ័យ​នេះ​បាន។  ប៉ុន្តែ ពេល​គាត់​ហែល​ទឹក​បាន​៣០​នាទី ចេមស៍​ចង់​ឈប់​ពាក់​កណ្តាល​ទី ដោយសារ​ទឹក​សមុទ្រ​ត្រជាក់​ពេក ហើយ​ក៏​មាន​រលក​ច្រើន​ផង។ ទោះ​ជា​យ៉ាង​ណា​ក៏ដោយ អ្នក​អុំទូក​ជា​ច្រើន​បាន​ស្រែក​លើក​ទឹក​ចិត្ត​គាត់​ថា “ឯង​អាច​ធ្វើ​បាន!” ពាក្យ​សម្ដី​នេះ​បាន​ផ្តល់​កម្លាំង​ចិត្ត ឲ្យ​គាត់​អាច​ទៅ​ដល់​គោលដៅ ដោយ​ជោគ​ជ័យ។

ពេល​ដែល​អ្នក​ជឿ​ព្រះយេស៊ូវ​ចង់​បោះបង់​ចោល​សេចក្តី​ជំនឿ ដោយសារ​ទុក្ខ​លំបាក ​ប្រៀប​ដូច​ជា​ទឹក​សមុទ្រ​ដ៏​ត្រជាក់ មាន​រលក​ច្រើន សាវ័ក​ប៉ុល និង​លោក​បាណាបាស​ក៏​បាន​លើក​ទឹក​ចិត្ត​ពួក​គេ​ឲ្យ​បន្ត​ដំណើរ​ទៅ​មុខ​ទៀត។ បន្ទាប់​ពី​ពួកគេ​បាន​ផ្សាយ​ដំណឹង​ល្អ​នៅ​ក្នុង​ទីក្រុង​ឌើបេ ពួក​គេ​ក៏​បាន “​ត្រឡប់​ទៅ​ឯ​លីស្ត្រា អ៊ីកូនាម និង​អាន់ទីយ៉ូក​វិញ ព្រម​ទាំង​ចំរើន​កំឡាំង​ដល់​ពួក​សិស្ស ឲ្យ​មាន​ចិត្ត​រឹងប៉ឹង​ឡើង ហើយ​ទូន្មាន​ឲ្យ​នៅ​ស្ថិតស្ថេរ​ក្នុង​សេចក្តី​ជំនឿ”(កិច្ចការ ១៤:២១-២២)។ ពួកគេ​បាន​ជួយ​អ្នក​ជឿ​នៅ​ទីនោះ ឲ្យ​បន្ត​ឈរ​មាំ​មួន ក្នុង​ជំនឿ​លើ​ព្រះ​យេស៊ូវ។ ទុក្ខ​លំបាក​បាន​ធ្វើ​ឲ្យ​ជំនឿ​ពួក​គេ​ចុះ​ខ្សោយ តែ​ពាក្យ​លើក​ទឹក​ចិត្ត​ក៏​បាន​ជួយ​ឲ្យ​ពួក​គេ​ប្ដេជ្ញា​ចិត្ត​រស់​នៅ ថ្វាយ​ព្រះ​គ្រីស្ទ។ ដោយសារ​កម្លាំង​មក​ពី​ព្រះ ពួក​គេ​ក៏​បាន​ដឹង​ថា ពួកគេ​អាច​បន្ត​ដំណើរ​ទៅ​មុខ​ទៀត។ ទីបំផុត សាវ័ក​ប៉ុល និង​លោក​បាណាបាស​ក៏​បាន​ជួយ​ឲ្យ​ពួកគេ​ដឹង​ថា ពួក​គេ​ “ត្រូវ​តែ​ទ្រាំ​រង​ទុក្ខ​វេទនា​ជា​ច្រើន ទើប​នឹង​ចូល​ទៅ​ក្នុង​នគរ​ព្រះ​បាន”(ខ.២២)។

ការ​រស់​នៅ​ថ្វាយ​ព្រះយេស៊ូវ អាច​ជួប​បញ្ហា​ប្រឈម​ជា​ច្រើន គឺ​មិន​ខុស​ពី​ការ​ហែល​ទឹក​ត្រជាក់​ខ្លាំង ហើយ​មាន​រលក​ច្រើន​នោះ​ទេ។ ជួនកាល យើង​ចង់​បោះ​បង់​ចោល​សេចក្តី​ជំនឿ។​ តែ​អរព្រះគុណ​ព្រះ​យេស៊ូវ ដែល​បាន​ប្រទាន​ការ​លើក​ទឹក​ចិត្ត តាម​រយៈ​បង​ប្អូន​រួម​ជំនឿ ដើម្បី​បន្ត​ដំណើរ​ទៅ​មុខ​ទៀត។ យើង​អាច​ធ្វើ​បាន ដោយ​ជំនួយ​មក​ពី​ព្រះ​អង្គ!—Marvin Williams

​ក្នុង​រង្វង់​នៃ​ឥទ្ធិពល​របស់​អ្នក តើ​មាន​នរណា​ខ្លះ​ដែល​ត្រូវ​ការ​ពាក្យ​លើក​ទឹក​ចិត្ត​ថា “អ្នក​អាច​ធ្វើ​បាន”? តើ​មាន​ពាក្យ​ប្រកប​ដោយ​ប្រាជ្ញា និង​ការ​លើក​ទឹក​ចិត្ត​អ្វី​ខ្លះ ដែល​អ្នក​អាច​និយាយ​នៅ​សប្តាហ៍​នេះ?

ឱ​ព្រះយេស៊ូវ ពេល​ណា​ទូលបង្គំ​ជួប​ការ​ល្បួង ឲ្យ​ចង់​បោះបង់​ចោល​ការ​តស៊ូ ក្នុង​ជំនឿ សូម​ព្រះអង្គ​ចាត់​បង​ប្អូន​រួម​ជំនឿ ឲ្យ​លើក​ទឹក​ចិត្ត​ទូល​បង្គំ ឲ្យ​បន្ត​ដើរ​ជា​មួយ​ព្រះ​អង្គ ទៅ​មុខ​ទៀត។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : យ៉ូប ៣២-៣៣ និង កិច្ចការ ១៤

Share this post:
Facebook
Twitter
LinkedIn
WhatsApp

More articles