គ្មានប្រយោជន៍ បើគ្មានសេចក្តីស្រឡាញ់

 

បើ​ខ្ញុំ​ចែក​អស់​ទាំង​ទ្រព្យសម្បត្តិ​ខ្ញុំ​ជា​អាហារ​ដល់​គេ ហើយ​បើ​ខ្ញុំ​ប្រគល់​រូបកាយ​ខ្ញុំ​ទៅ​ឲ្យ​គេ​ដុត តែ​គ្មាន​សេចក្តី​ស្រឡាញ់ នោះ​គ្មាន​ប្រយោជន៍​ដល់​ខ្ញុំ​សោះ។ ១កូរិនថូស ១៣:៣

បន្ទាប់​ពី​ខ្ញុំ​បាន​យក​តុ​ដែល​ខ្ញុំ​បាន​កុម្ម៉ង់​ទិញ ចេញ​ពី​កេស យក​មក​តម្រៀប ខ្ញុំ​ក៏​បាន​កត់​សំគាល់​ឃើញ​បញ្ហា​មួយ។ ខ្ញុំ​បាន​ឃើញ​ផ្ទៃ​ខាង​លើ​ដ៏​ស្រស់​ស្អាត និង​ផ្នែក​ដទៃ​ទៀត តែ​ខ្ញុំ​ឃើញ​តុ​នោះ​ខ្វះ​ជើង​ម្ខាង។ បើ​គ្មាន​ជើង​គ្រប់​ចំនួន​ទេ ខ្ញុំ​មិន​អាច​ដំឡើង​តុ​នេះ​បាន​ឡើយ ព្រោះ​វា​នឹង​ក្លាយ​ជា​វត្ថុ​គ្មាន​ប្រយោជន៍។

មិនមែន​មាន​តែ​តុ​ទេ ដែល​គ្មាន​ប្រយោជន៍ នៅ​ពេល​ដែល​វា​ខ្វះ​ផ្នែក​ដ៏​សំខាន់​មួយ។ ក្នុង​កណ្ឌគម្ពីរ​កូរិនថូស ខ្សែទី១ សាវ័ក​ប៉ុល​បាន​រំឭក​អ្នក​អាន​សំបុត្រ​របស់​គាត់​ថា ពួកគេ​កំពុង​តែ​ខ្វះ​គ្រឿង​ផ្សំ​ដ៏​សំខាន់​មួយ។ អ្នកជឿ​នៅ​ទីក្រុង​កូរិនថូស​មាន​អំណោយ​ទាន​ជា​ច្រើន តែ​ខ្វះ​សេចក្តី​ស្រឡាញ់។

សាវ័ក​ប៉ុល​ក៏​បាន​និយាយ​សង្កត់​ធ្ងន់​ថា បើ​សិន​ជា​ពួក​គេ​មាន​ចំណេះ​ដឹង​គ្រប់​មុខ បើ​ពួកគេ​លះ​បង់​អ្វី​ៗ​គ្រប់​យ៉ាង​ដែល​ពួក​គេ​មាន ហើយ​ថែម​ទាំង​ព្រម​រង​ទុក តែ​បើ​គ្មាន​មូលដ្ឋាន​គ្រឹះ​ដ៏​សំខាន់​នៃ​សេចក្តី​ស្រឡាញ់​ទេ នោះ​ការ​ប្រព្រឹត្ត​របស់​ពួកគេ​គ្មាន​ន័យ​អ្វី​ឡើយ(១កូរិនថូស ១៣:១-៣)។ សាវ័ក​ប៉ុល​ក៏​បាន​លើក​ទឹក​ចិត្ត​ពួក​គេ​ឲ្យ​មាន​សេចក្តី​ស្រឡាញ់ ក្នុង​កិច្ចការ​ទាំង​អស់​ដែល​ពួក​គេ​ធ្វើ ហើយ​គាត់​ក៏​បាន​ពិពណ៌នា អំពី​សម្រស់​នៃ​សេចក្តី​ស្រឡាញ់ ដែល​តែង​តែ​ការពារ ជឿ សង្ឃឹម និង​អត់​ទ្រាំ(ខ.៤-៧)។

ពេលណា​យើង​ប្រើ​អំណោយ​ទាន​ខាង​វិញ្ញាណ ប្រហែល​ដើម្បី​បង្រៀន លើក​ទឹក​ចិត្ត ឬ​បម្រើ​ក្នុង​សហគមន៍​នៃ​ជំនឿ​របស់​យើង សូម​ចាំ​ថា ព្រះ​ទ្រង់​តែង​តែ​សព្វ​ព្រះទ័យ​ឲ្យ​យើង​មាន​សេចក្តី​ស្រឡាញ់ ក្នុង​គ្រប់​កិច្ចការ​ដែល​យើង​ធ្វើ។ ពុំ​នោះ​ទេ វា​មិន​ខុស​ពី​តុ​ដែល​ខ្វះ​ជើង​ម្ខាង​នោះ​ឡើយ។ វា​មិន​អាច​បំពេញ​តួនាទី​ជា​តុ ដែល​គេ​បាន​រចនា​វា​មក​នោះ​ឡើយ។—Lisa M. Samra

តើ​អ្នកធ្លាប់​ខ្វះ​​សេចក្តី​ស្រឡាញ់ នៅ​ពេល​ណា​ខ្លះ? សូម​លើក​ឧទាហរណ៍ អំពី​ពេល​ដែល​ក្តី​ស្រឡាញ់​ជា​ផ្នែក​មួយ​ដ៏​សំខាន់?

ឱ​ព្រះ​វរបិតា ដែល​គង់​នៅ​ស្ថានសួគ៌ ទូល​បង្គំ​មាន​ការ​កោត​ស្ញែង ពេល​ដែល​បាន​ដឹង​ថា ព្រះ​អង្គ​ធ្វើ​អ្វី​ៗ​គ្រប់​យ៉ាង ដោយ​ក្តី​ស្រឡាញ់។ សូម​ព្រះ​អង្គ​ជួយ​ទូល​បង្គំ​ឲ្យ​រៀន​ស្រ​ឡាញ់​ដូច​ព្រះ​អង្គ។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ទំនុកដំកើង ១៦-១៧ និង កិច្ចការ ២០:១-១៦

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles