គាត់ក៏ស្ទុះឈរឡើងដើរទៅមក ហើយចូលទៅក្នុងព្រះវិហារជាមួយនឹងអ្នកទាំង២នោះ ទាំងដើរ ទាំងលោត ទាំងសរសើរព្រះផង។ កិច្ចការ ៣:៨
នៅប្រទេសឥណ្ឌា មានបងប្អូនស្រីពីរនាក់ បានពិការភ្នែកពីកំណើត។ ឪពុករបស់ពួកគេជាអ្នកខិតខំរកស៊ីចិញ្ចឹមគ្រួសារ តែគាត់មិនមានលទ្ធភាពបង់ថ្លៃ សម្រាប់ការវះកាត់ភ្នែកពួកគេឲ្យភ្លឺឡើងវិញ។ ប៉ុន្តែ មានគ្រូពេទ្យមួយក្រុម បានមកតំបន់ពួកគេ ក្នុងបេសកកម្មពេទ្យរយៈពេលខ្លី។ នៅពេលព្រឹក បន្ទាប់ពីពួកគេបានវះកាត់ហើយ ក្មេងស្រីទាំងពីរក៏មានទឹកមុខញញឹមស្រស់ នៅពេលដែលពេទ្យបកបង់រំភ្នែករបស់ពួកគេចេញ។ ក្នុងចំណោមពួកគេ មានម្នាក់លាន់មាត់ថា “ម៉ែ ខ្ញុំមើលឃើញហើយ! ខ្ញុំមើលឃើញហើយ!”
មានបុរសម្នាក់ពិការជើងពីកំណើត បានអង្គុយសុំទាន នៅមាត់ទ្វារព្រះវិហារ ដូចសព្វមួយដង។ លោកពេត្រុសបានប្រាប់គាត់ថា ខ្លួនមិនមានប្រាក់សម្រាប់ដាក់ទានទេ តែនឹងឲ្យគាត់ នូវអ្វីដែលល្អជាងប្រាក់។ លោកពេត្រុសក៏អធិស្ឋានប្រោសជំងឺគាត់ថា “ដោយសារព្រះនាមព្រះយេស៊ូវគ្រីស្ទ ពីស្រុកណាសារ៉ែត ចូរអ្នកក្រោកឡើងដើរទៅចុះ” (កិច្ចការ ៣:៦)។ បុរសនោះ “ក៏ស្ទុះឈរឡើងដើរទៅមក ហើយចូលទៅក្នុងព្រះវិហារជាមួយនឹងអ្នកទាំង២នោះ ទាំងដើរ ទាំងលោត ទាំងសរសើរព្រះផង”(ខ.៨)។
បងប្អូនស្រីទាំងពីរនាក់ និងបុរសនោះ បានឲ្យតម្លៃមកលើភ្នែក និងជើងរបស់ខ្លួន ខ្លាំងជាងអ្នកដែលមិនធ្លាប់ពិការភ្នែក ឬពិការជើង។ ក្មេងស្រីទាំងពីរប្រិចភ្នែកឥតឈប់ ដោយការភ្ញាក់ផ្អើល និងអបអរការមើលឃើញ ជាលើកដំបូង ហើយបុរសនោះ ក៏បានលោតឡើង ដោយចិត្តត្រេកអរយ៉ាងខ្លាំង។
សូមពិចារណា អំពីសមត្ថភាពដែលអ្នកមានពីកំណើត។ បើអ្នកបានទទួលការប្រោសឲ្យជា ដោយការអស្ចារ្យ តើអ្នកនឹងមានចិត្តកាន់តែអរសប្បាយយ៉ាងណា ហើយនឹងប្រើសមត្ថភាពទាំងនោះ ដោយរបៀបខុសពីមុន ដូចម្តេចខ្លះ? ឥឡូវនេះ សូមពិចារណាថា បើអ្នកជឿព្រះយេស៊ូវ ព្រះអង្គនឹងប្រោសអ្នកឲ្យជា ខាងវិញ្ញាណ។ ព្រះអង្គប្រោសអ្នកឲ្យរួចពីបាបរបស់អ្នក។
ចូរយើងអរព្រះគុណព្រះអង្គ ដែលបានបង្កើត និងសង្គ្រោះយើង ហើយថ្វាយអ្វីៗទាំងអស់ដែលព្រះអង្គបានប្រទានយើង ដាច់ដល់ព្រះអង្គ។—Mike Wittmer
តើអ្នកអាចប្រើសមត្ថភាពរបស់អ្នកពីកំណើត ថ្វាយព្រះយេស៊ូវ ដូចម្តេចខ្លះ? តើអ្នកអាចអរសប្បាយខ្លាំងប៉ុណ្ណា នឹងការបម្រើ ដោយប្រើសមត្ថភាពដែលអ្នកមាន? ចូរយើងអរព្រះគុណព្រះអង្គសម្រាប់ការប្រទានក្តីអំណរ ក្នុងការបម្រើនោះ។
ឱព្រះវរបិតា ទូលបង្គំសូមអរព្រះគុណ សម្រាប់ការប្រទានត្រចៀកសម្រាប់ឮព្រះអង្គ មាត់សម្រាប់សរសើរព្រះអង្គ ព្រមទាំងដៃ និងជើងសម្រាប់បម្រើព្រះអង្គ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ទំនុកដំកើង ៣១-២២ និង កិច្ចការ ២៣:១៦-៣៥