រស់ដូចមនុស្សដែលព្រះបានប្រោសឲ្យជា

 

គាត់​ក៏​ស្ទុះ​ឈរ​ឡើង​ដើរ​ទៅ​មក ហើយ​ចូល​ទៅ​ក្នុង​ព្រះវិហារ​ជា​មួយ​នឹង​អ្នក​ទាំង​២​នោះ ទាំង​ដើរ ទាំង​លោត ទាំង​សរសើរ​ព្រះ​ផង។ កិច្ចការ ៣:៨

នៅ​ប្រទេស​ឥណ្ឌា មាន​បង​ប្អូន​ស្រី​ពីរ​នាក់ បាន​ពិការ​ភ្នែក​ពី​កំណើត។ ឪពុក​របស់​ពួក​គេ​ជា​អ្នក​ខិត​ខំ​រក​ស៊ី​ចិញ្ចឹម​គ្រួសារ តែ​គាត់​មិន​មាន​លទ្ធភាព​បង់​ថ្លៃ សម្រាប់​ការ​វះ​កាត់​ភ្នែក​​ពួក​គេ​ឲ្យ​ភ្លឺ​ឡើង​វិញ។ ប៉ុន្តែ មាន​គ្រូ​ពេទ្យ​មួយ​ក្រុម បាន​មក​តំបន់​ពួក​គេ ក្នុង​បេសកកម្ម​ពេទ្យ​រយៈ​ពេល​ខ្លី។ នៅ​ពេល​ព្រឹក បន្ទាប់​ពី​ពួក​គេ​បាន​វះ​កាត់​ហើយ​ ក្មេង​ស្រី​ទាំង​ពីរ​ក៏​មាន​ទឹក​មុខ​ញញឹម​ស្រស់ នៅ​ពេល​ដែល​ពេទ្យ​បក​បង់​រំ​ភ្នែក​របស់​ពួក​គេ​ចេញ។ ក្នុង​ចំណោម​ពួក​គេ មាន​ម្នាក់​លាន់​មាត់​ថា “ម៉ែ ខ្ញុំ​មើល​ឃើញ​ហើយ! ខ្ញុំ​មើល​ឃើញ​ហើយ!”

មាន​បុរស​ម្នាក់​ពិការ​ជើង​ពី​កំណើត បាន​អង្គុយ​សុំទាន នៅ​មាត់​ទ្វារ​ព្រះវិហារ ដូច​សព្វ​មួយ​ដង។ លោក​ពេត្រុស​បាន​ប្រាប់​គាត់​ថា ខ្លួន​មិន​មាន​ប្រាក់​សម្រាប់​ដាក់​ទាន​ទេ តែ​នឹង​ឲ្យ​គាត់ នូវ​អ្វី​ដែល​ល្អ​ជាង​ប្រាក់​។ លោក​ពេត្រុស​ក៏​អធិស្ឋាន​ប្រោស​ជំងឺ​គាត់​ថា “ដោយសារ​ព្រះនាម​ព្រះយេស៊ូវគ្រីស្ទ ពី​ស្រុក​ណាសារ៉ែត ចូរ​អ្នក​ក្រោក​ឡើង​ដើរ​ទៅ​ចុះ” (កិច្ចការ ៣:៦)។ បុរស​នោះ “ក៏​ស្ទុះ​ឈរ​ឡើង​ដើរ​ទៅ​មក ហើយ​ចូល​ទៅ​ក្នុង​ព្រះវិហារ​ជា​មួយ​នឹង​អ្នក​ទាំង​២នោះ ទាំង​ដើរ ទាំង​លោត ទាំង​សរសើរ​ព្រះ​ផង”(ខ.៨)។

បង​ប្អូន​ស្រី​ទាំង​ពីរ​នាក់ និង​បុរស​នោះ បាន​ឲ្យ​តម្លៃ​មក​លើ​ភ្នែក និង​ជើង​របស់​ខ្លួន ខ្លាំង​ជាង​អ្នក​ដែល​មិន​ធ្លាប់​ពិការ​ភ្នែក ឬ​ពិការ​ជើង។ ក្មេង​ស្រី​ទាំង​ពីរ​ប្រិច​ភ្នែក​ឥត​ឈប់ ដោយ​ការ​ភ្ញាក់​ផ្អើល និង​អប​អរ​ការ​មើល​ឃើញ ជា​លើក​ដំបូង ហើយ​បុរស​នោះ ក៏​បាន​លោត​ឡើង ដោយ​ចិត្ត​ត្រេកអរ​យ៉ាង​ខ្លាំង។

សូម​ពិចារណា អំពី​សមត្ថភាព​ដែល​អ្នក​មាន​ពី​កំណើត។ បើ​អ្នក​បាន​ទទួល​ការ​ប្រោស​ឲ្យ​ជា ដោយ​ការ​អស្ចារ្យ តើ​អ្នក​នឹង​មាន​ចិត្ត​កាន់​តែ​អរសប្បាយ​យ៉ាង​ណា ហើយ​នឹង​ប្រើ​សមត្ថភាព​ទាំង​នោះ ដោយ​របៀប​ខុស​ពី​មុន ដូច​ម្តេច​ខ្លះ? ឥឡូវ​នេះ សូម​ពិចារណា​ថា បើ​អ្នក​ជឿ​ព្រះ​យេស៊ូវ ព្រះ​អង្គ​នឹង​ប្រោស​អ្នក​ឲ្យ​ជា ខាង​វិញ្ញាណ។ ព្រះ​អង្គ​ប្រោស​អ្នក​ឲ្យ​រួច​ពី​បាប​របស់​អ្នក។​

ចូរ​យើង​អរ​ព្រះគុណ​ព្រះ​អង្គ ដែល​បាន​បង្កើត និង​សង្គ្រោះ​យើង ហើយ​ថ្វាយ​អ្វី​ៗ​ទាំង​អស់​ដែល​ព្រះអង្គ​បាន​ប្រទាន​យើង ដាច់​ដល់​ព្រះ​អង្គ។—Mike Wittmer

តើ​អ្នក​អាច​ប្រើ​សមត្ថភាព​របស់​អ្នក​ពី​កំណើត ថ្វាយ​ព្រះ​យេស៊ូវ ដូច​ម្តេច​ខ្លះ? តើ​អ្នក​អាច​អរសប្បាយ​ខ្លាំង​ប៉ុណ្ណា នឹង​ការ​បម្រើ ដោយ​ប្រើ​សមត្ថ​ភាព​ដែល​អ្នក​មាន? ចូរ​យើង​អរ​ព្រះ​គុណ​ព្រះអង្គ​សម្រាប់​ការ​ប្រទាន​ក្តី​អំណរ ក្នុង​ការ​បម្រើ​នោះ។​

ឱ​ព្រះ​វរបិតា ទូល​បង្គំ​សូម​អរ​ព្រះគុណ សម្រាប់​ការ​ប្រទាន​ត្រចៀក​សម្រាប់​ឮ​ព្រះ​អង្គ មាត់​សម្រាប់​សរសើរ​ព្រះអង្គ ព្រម​ទាំង​ដៃ និង​ជើង​សម្រាប់​បម្រើ​ព្រះ​អង្គ។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ទំនុកដំកើង ៣១-២២ និង កិច្ចការ ២៣:១៦-៣៥

Share this post:
Facebook
Twitter
LinkedIn
WhatsApp

More articles