ដ្បិតបើមានសេចក្តីទាំងនោះចំរើនឡើង ក្នុងចិត្តអ្នករាល់គ្នាហើយ នោះអ្នករាល់គ្នាមិននៅទំនេរ ឬឥតផលខាងឯដំណើរស្គាល់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងរាល់គ្នាឡើយ។ ២ពេត្រុស ១:៨
នៅផ្កាថ្មបំពង់ ជាសត្វដែលមានលក្ខណៈចម្លែកខុសគេ។ គេប្រទះឃើញពួកវាតោងជាប់នឹងថ្ម និងសម្បកសត្វសមុទ្រ ដោយមានរូបរាង្គ ដូចបំពង់ផ្លាស្ទីកទន់ៗ ដែលរេរាំទៅតាមចរន្តទឹករលក។ វារស់នៅដោយជីវិតដែលចាំតែទទួលចំណី ដោយស្រូបយកជីវជាតិពីទឹកសមុទ្រ គឺមានលក្ខណៈខុសគ្នាយ៉ាងខ្លាំងពីជីវិតដ៏សកម្ម កាលពួកវាទើបតែពេញវ័យ។
ក្នុងដំណាក់កាលដំបូងនៃជីវិតរបស់ផ្កាថ្មបំពង់ ពួកវាមានលក្ខណៈដូចកូនក្អុក ដោយមានខួរឆ្អឹងខ្នង និងខួរក្បាល ដែលជួយពួកវាស្វែងរកអាហារ និងជៀសចេញពីគ្រោះថ្នាក់។ ពេលវាមិនទាន់ពេញវ័យ វាធ្វើការផ្លាស់ទី ក្នុងទឹកសមុទ្រ នៅពេលថ្ងៃ ប៉ុន្តែ មានរឿងមួយកើតឡើង ពេលពួកវាពេញវ័យ។ វាក៏បានតោងជាប់ថ្ម ឈប់ផ្លាស់ទី និងលូតលាស់ទៀត។ វាក៏បានចាប់ផ្តើមរំលាយខួរក្បាលខ្លួនឯងធ្វើជាចំណី។
វាលែងមានខួរឆ្អឹងខ្នង ហើយក៏បានរស់នៅដូចរុក្ខជាតិ ដែលរេរាំចុះឡើងតាមចរន្តទឹកសមុទ្រ។ រឿងនេះ បានធ្វើឲ្យខ្ញុំនឹកចាំ អំពីសាវ័កពេត្រុស ដែលបានលើកទឹកចិត្តយើង មិនឲ្យរស់នៅបែបនេះឡើយ។ ការមានភាពពេញវ័យខាងវិញ្ញាណ គឺមានន័យថា យើងមានចំណែកជានិស្ស័យនៃព្រះ(២ពេត្រុស ១:៤) ដូចនេះ ព្រះទ្រង់បានត្រាស់ហៅអ្នក និងខ្ញុំឲ្យចម្រើនឡើង ក្នុងព្រះគុណ ក្នុងការស្គាល់ព្រះគ្រីស្ទ(៣:១៨) និងលូតលាស់ខាងវិញ្ញាណ ឲ្យមានសេចក្តីឧស្សាហ៍ ការអត់ធ្មត់ និងសេចក្ដីស្រឡាញ់(១:៥-៧) ហើយស្វែងរកវិធីបង្ហាញសេចក្តីស្រឡាញ់ ភាពរួសរាយ និងបម្រើអ្នកដទៃ តាមអំណោយទានរបស់យើង(១ពេត្រុស ៤:៧-១១)។ លោកពេត្រុសមានប្រសាសន៍ថា ការលូតលាស់ដូចនេះ នឹងការពារយើង មិនឲ្យរស់នៅ ក្នុងជីវិតដែលទំនេរ មិនបង្កើតផលនោះឡើយ(២ពេត្រុស ១:៨)។
ការត្រាស់ហៅឲ្យលូតលាស់នេះ មានសារៈសំខាន់ចំពោះមនុស្សចាស់ អាយុ៧០ឆ្នាំ ក៏ដូចជាចំពោះក្មេងជំទង់ផងដែរ។ លក្ខណៈរបស់ព្រះមានទំហំធំធេងដូចមហាសមុទ្រ ដែលយើងហែលមិនទាន់បាន១ម៉ែត្រផង។ ចូរយើងស្វែងយល់អំពីចរិយាសម្បត្តិដ៏ស្ថិតស្ថេរ ក្នុងការធ្វើដំណើរខាងវិញ្ញាណ ដោយសិក្សា បម្រើ ប្រឈមនឹងគ្រោះថ្នាក់ និងលូតលាស់ ។—Sheridan Voysey
តើព្រះទ្រង់កំពុងត្រាស់ហៅអ្នក ឲ្យចម្រើនលូតលាស់ ក្នុងចរិយាសម្បត្តិមួយណា? តើមានអំណោយទានខាងវិញ្ញាណមួយណា ដែលអ្នកចង់ឲ្យលូតលាស់? តើព្រះទ្រង់កំពុងដឹកនាំអ្នក ឲ្យធ្វើកិច្ចការអ្វីខ្លះ ដើម្បីបម្រើព្រះអង្គ?
ឱព្រះវរបិតា សូមព្រះអង្គជួយទូលបង្គំ ឲ្យមានចិត្តដែលស្រេកឃ្លាន ចង់លូតលាស់ ឲ្យមានលក្ខណៈដូចព្រះអង្គ ជារៀងរាល់ថ្ងៃ។
To learn more about growing spiritually in your walk with God, visit ODBU.org/SF104.
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ទំនុកដំកើង ៣៣-៣៤ និង កិច្ចការ ២៤