រួច​មក​បាន​ឮ​សំឡេង​ព្រះយេហូវ៉ា​ដ៏​ជា​ព្រះ ដែល​ទ្រង់​យាង​ក្នុង​សួនច្បារ​នៅ​ពេល​ថ្ងៃ​ល្ហើយ។ លោកុប្បត្ដិ ៣:៨

ជា​ច្រើន​ឆ្នាំ​កន្លង​មក​ហើយ​ ដែល ចូនី មីតឈែល(Joni Mitchell) បាន​និពន្ធ​បទ​ចម្រៀង​មួយ​បទ មាន​ចំណង​ជើង​ថា “ការ​ជួប​ជុំ​ដ៏​ធំ” ដែល​ក្នុង​នោះ គាត់​បាន​មើល​ឃើញ​មនុស្ស​ជាតិ កំពុង​ជាប់​អន្ទាក់ នៅ​ក្នុង “ការ​ព្រម​ព្រៀង” ជា​មួយ​អារក្ស។ បទ​ចម្រៀង​នេះ​ក៏​បាន​និយាយ​អំពី​ដំណើរ​វិល​ត្រឡប់ ទៅ​រក “សួន” វិញ  ដោយ​ជំរុញ​អ្នក​ស្តាប់​ទាំង​ឡាយ ឲ្យ​ស្វែង​រក​ការ​រស់​នៅ កាន់​តែ​សាមញ្ញ និង​កាន់​តែ​មាន​សេចក្តី​សុខ​សាន្ត។ ជាង​នេះ​ទៅ​ទៀត បទ​ចម្រៀង​នេះ​ក៏​បាន​ឆ្លុះ​បញ្ចាំង​អំពី​មនុស្ស​មួយ​ជំនាន់ ដែល​កំពុង​ស្រេក​ឃ្លាន​ចង់​បាន​ជីវិត ដែល​មាន​គោល​បំណង និង​មាន​ន័យ។

ជា​ការ​ពិត​ណាស់ “សួនច្បារ” ដែល​បាន​រៀប​រាប់​ជា​លក្ខណៈ​កំណាព្យ ក្នុង​បទ​ចម្រៀង​របស់​មីតឈែល គឺ​និយាយ សំដៅ​ទៅ​លើ​សួន​ច្បារ​អេដែន។ សួន​ច្បារ​អេដែន ជា​ស្ថាន​សួគ៌​ដែល​ព្រះ​ទ្រង់​បាន​បង្កើត​សម្រាប់​មនុស្ស​ជាតិ កាល​ពី​ដើម​ដំបូង។ ក្នុង​សួន​ច្បារ​នេះ អ័ដាម និង​នាង​អេវ៉ា បាន​ជួប​ជា​មួយ​ព្រះ ជា​ប្រចាំ រហូត​ដល់​ថ្ងៃ​មួយ ពួក​គេ​ក៏​បាន​ព្រម​ព្រៀង​ជា​មួយ​អារក្ស(មើល​លោកុប្បត្តិ ៣:៦-៧)។ ថ្ងៃ​នោះ​អ្វី​ៗ​មាន​ការ​ផ្លាស់​ប្តូរ។ “រួច​មក​បាន​ឮ​សំឡេង​ព្រះយេហូវ៉ា​ដ៏​ជា​ព្រះ ដែល​ទ្រង់​យាង​ក្នុង​សួនច្បារ​នៅ​ពេល​ថ្ងៃ​ល្ហើយ នោះ​អ័ដាម និង​ប្រពន្ធ​គាត់ ក៏​ពួន​នឹង​ព្រះយេហូវ៉ា​ដ៏​ជា​ព្រះ​នៅ​កណ្តាល​ដើម​ឈើ​ក្នុង​សួនច្បារ”(ខ.៨)។

ពេល​ដែល​ព្រះ​ទ្រង់​សួរ​ពួក​គេ អំពី​អ្វី​ដែល​ពួក​គេ​បាន​ធ្វើ អ័ដាម និង​នាង​អេវ៉ា ក៏​បាន​ទម្លាក់​កំហុស​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក។ ទោះ​ពួក​គេ​បាន​បដិសេធន៍​មិន​ទទួល​កំហុស​ក៏​ដោយ​ ក៏​ព្រះ​ទ្រង់​មិន​បាន​ឲ្យ​ពួក​គេ​នៅ​ក្នុង​សួន​ច្បារ​នោះ​ទៀត​ទេ។ ព្រះ​អង្គ​ក៏​បាន​ធ្វើ​អាវ​ពី​ស្បែក ឲ្យ​អ័ដាម និង​ប្រពន្ធ​គាត់​ពាក់​គ្រប​បាំង​កាយ (ខ.២១) ដែល​នេះ​ជា​ការ​ប្រៀប​ប្រដូច ទៅ​នឹង​ការ​លះ​បង់​របស់​ព្រះ​យេស៊ូវ នៅ​លើ​ឈើ​ឆ្កាង ដើម្បី​គ្រប​បាំង​អំពើ​បាប​យើង។

ព្រះ​ទ្រង់​មិន​បាន​ប្រទាន​ផ្លូវ​ឲ្យ​យើង​វិល​ត្រឡប់​ទៅ​សួន​ច្បារ​អេដែន​វិញ​ឡើយ។ តែ​ព្រះអង្គ​ប្រទាន​ឲ្យ​យើង​មាន​ផ្លូវ​ដើរ​ទៅ​មុខ ឆ្ពោះ​ទៅ​រក​ការ​ប្រកប​ទាក់​ទង​ជា​មួយ​ព្រះ​អង្គ​ឡើង​វិញ។ យើង​មិន​អាច​វិល​ត្រឡប់​ទៅ​រក​សួន​ច្បារ​អេដែន តែ​យើង​អាច​វិល​ត្រឡប់​ទៅ​រក​ព្រះ​នៃ​សួន​ច្បារ​អេដែន។—Tim Gustafson

តើ​មាន​អ្វី​រារាំង​ទំនាក់​ទំនង​ដែល​អ្នក​មាន​ជា​មួយ​ព្រះ នៅ​ថ្ងៃ​នេះ? តើ​អ្នក​ត្រូវ​សារភាព​អំពើ​បាប​ណា​ខ្លះ ដល់​ព្រះ​អង្គ ដើម្បី​ដើរ​ជា​មួយ​ព្រះ​អង្គ​ឡើង​វិញ “នៅ​ពេល​ថ្ងៃ​ល្ហើយ”?

ឱ​ព្រះ​វរបិតា សូម​ព្រះ​អង្គ​ជួយ​ទូល​បង្គំ កុំ​ឲ្យ​បន្ទោស​អ្នក​ដទៃ ពេល​ដែល​ទូល​បង្គំ​បាន​ធ្វើ​អ្វី​ខុស ឬ​មាន​បរាជ័យ។ ទូល​បង្គំ​សូម​អរ​ព្រះគុណ​ព្រះ​អង្គ ដែល​បាន​ប្រទាន​ទូល​បង្គំ ឲ្យ​មាន​ទំនាក់​ទំនង​ជា​មួយ​ព្រះ​អង្គ ដោយ​ចិត្ត​ស្មោះ​ត្រង់។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ទំនុកដំកើង ៤០-៤២ និង កិច្ចការ ២៧:១-២៦