ពន្លឺបណ្តេញភាពងងឹត

 

ឯ​បណ្តាជន ដែល​អង្គុយ​ក្នុង​សេចក្តី​ងងឹត គេ​បាន​ឃើញ​ពន្លឺ​យ៉ាង​ធំ។ ម៉ាថាយ ៤:១៦

នៅ​ថ្ងៃ​ដែល​មាន​អាកាស​ធាតុ​ក្តៅ​ល្មម ខ្ញុំ និង​ចៅ​របស់​ខ្ញុំ ឈ្មោះ ម៉ូលី(Mollie) អាយុ​៤​ឆ្នាំ បាន​ឈប់​សម្រាក​មួយ​ភ្លែត បន្ទាប់​ពី​បាន​លេង​បាល់​ជា​មួយ​គ្នា។ ពេល​យើង​កំពុង​អង្គុយ​ញាំ​ទឹក នៅ​លើ​រាន​ហាល ម៉ូលី​ក៏​បាន​មើល​ទីធ្លា​ផ្ទះ ហើយ​និយាយ​ថា “មើលន៍ ពន្លឺ​ថ្ងៃ​នៅ​ក្នុង​ថ្លុក​ទឹក”។ ពេល​នោះ ពន្លឺ​ថ្ងៃ​បាន​ចាំង​ចូល​ទៅ​ក្នុង​ម្លប់​ដ៏​ក្រាស់ មើល​ទៅ​ដូច​ថ្លុក​ទឹក ដែល​ចាំង​ពន្លឺ នៅ​ក្នុង​ស្រមោល។

ទិដ្ឋភាព​នេះ ប្រៀប​ដូច​ជា​ក្តី​សង្ឃឹម ដែល​យើង​អាច​រក​បាន ក្នុង​ថ្ងៃ​ដ៏​ងងឹត។ ក្នុង​ពេល​មាន​បញ្ហា​ប្រឈម​ដ៏​ពិបាក ដែល​ហាក់​ដូច​ជា​មិន​សូវ​មាន​រឿង​ល្អ​ៗ​កើត​ឡើង យើង​មិន​ត្រូវ​ផ្តោត​ចិត្ត​ទៅ​លើ​ស្រមោល​ដ៏​ងងឹត​នោះ​ឡើយ តែ​ផ្ទុយ​ទៅ​វិញ ចូរ​យើង​ផ្តោត​ទៅ​លើ​ពន្លឺ​វិញ។

ព្រះយេស៊ូវ​ជា​ពន្លឺ។ កណ្ឌ​គម្ពីរ​ម៉ាថាយ​បាន​ដក​ស្រង់​កណ្ឌ​គម្ពីរ​អេសាយ ដើម្បី​ពិពណ៌នា អំពី​ពន្លឺ​ដែល​ចុះ​មក​ផែនដី ពេល​ដែល​ព្រះយេស៊ូវ​បាន​ប្រសូត យ៉ាង​ដូច​នេះ​ថា “ឯ​បណ្តាជន ដែល​អង្គុយ​ក្នុង​សេចក្តី​ងងឹត គេ​បាន​ឃើញ​ពន្លឺ​យ៉ាង​ធំ មាន​ពន្លឺ​រះ​ឡើង បំភ្លឺ​ដល់​ពួក​អ្នក​ដែល​អង្គុយ​ក្នុង​កំលុង ហើយ​នឹង​ម្លប់​នៃ​សេចក្តី​ស្លាប់”(ម៉ាថាយ ៤:១៦ និងអេសាយ ៩:២)។ ឥទ្ធិពល​នៃ​អំពើ​បាប នៅ​មាន​ជុំវិញ​ខ្លួន​យើង ខណៈ​ពេល​ដែល​យើង​នៅ​មាន​ជីវិត ក្នុង “ម្លប់​នៃ​សេចក្តី​ស្លាប់”។ ប៉ុន្តែ ព្រះយេស៊ូវ ជា​ពន្លឺ​ដែល​ចាំង​ចូល​ទៅ​ក្នុង​ម្លប់​នោះ ដែល​ជា​ពន្លឺ​ដ៏​ធំ និង​រុង​រឿង​នៃ​លោកិយ​នេះ(យ៉ូហាន ១:៤-៥)។

ពន្លឺ​នៃ​សេចក្តី​ស្រឡាញ់ និង​ការ​អាណិត​របស់​ព្រះយេស៊ូវ បាន​ចែង​ចាំង​ចូល​ទៅ​ក្នុង​ម្លប់ ដោយ​ប្រទាន​យើង នូវ​ពន្លឺ​ដើម្បី​បំភ្លឺ​ការ​រស់​នៅ​របស់​យើង ជា​រៀង​រាល​ថ្ងៃ ហើយ​ជួយ​ឲ្យ​ចិត្ត​យើង​មាន​ពន្លឺ​ភ្លឺ​ឡើង ដោយ​ក្តី​សង្ឃឹម។—Dave Branon

តើ​មាន​ភាព​ងងឹត​អ្វី​ដែល​កំពុង​គ្រប​ដណ្តប់​មក​លើ​ការ​រស់​នៅ​របស់​អ្នក សព្វ​ថ្ងៃ​នេះ? តើ​អ្នក​អាច​អនុញ្ញាត​ព្រះ​វត្តមាន និង​ក្តី​ស្រឡាញ់​របស់​ព្រះយេស៊ូវ ឲ្យ​បណ្តេញ​ពពក​ខ្មៅ​នោះ​យ៉ាង​ដូច​ម្តេច​ខ្លះ ខណៈ​ពេល​ដែល​ទ្រង់​ប្រទាន​ក្តី​អំណរ និង​ក្តី​សង្ឃឹម?

ឱ​ព្រះ​យេស៊ូវ ខណៈ​ពេល​ដែល​យើងខ្ញុំ​កំពុង​ជួប​ការ​លំបាក ក្នុង​លោកិយ​ដែល​ពេញ​ដោយ​បញ្ហា ទូលបង្គំ​ត្រូវ​ការ​ព្រះ​វត្ត​មាន​ព្រះអង្គ។ ទូលបង្គំ​ត្រូវ​ការ​សេចក្តី​ស្រឡាញ់​របស់​ព្រះអង្គ ដែល​លើក​ទូល​បង្គំ​ឡើង ចេញ​ពី​ភាព​ងងឹត ហើយ​ជួយ​ឲ្យ​ទូល​បង្គំ​ឈរ ក្នុង​ពន្លឺ​របស់​ព្រះ​អង្គ។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ទំនុកដំកើង ៥១-៥៣ និង រ៉ូម ២

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles