ខ្ញុំកំពុងតែដេញតាម សង្វាតនឹងចាប់ឲ្យបានសេចក្តី ដែលព្រះគ្រីស្ទយេស៊ូវបានចាប់ខ្ញុំឲ្យបាននោះដែរ។ ភីលីព ៣:១២
នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០០២ ការប្រឡងចម្រៀង អាមេរិខិន អាយឌល បានចាប់ផ្តើមជាលើដំបូង។ ជារៀងរាល់សប្តាហ៍ បេក្ខជនទាំងឡាយបានបញ្ចេញសមត្ថភាពច្រៀងបទចម្រៀងដ៏ពេញនិយម តាមរចនាបថផ្ទាល់ខ្លួន ហើយទស្សនិកជនក៏បានបោះឆ្នោតឲ្យអ្នកដែលគួរតែបន្តទៅវគ្គបន្ទាប់។
ក្នុងនាមជាគណៈកម្មការម្នាក់ ក្នុងចំណោមគណៈកម្មការទាំងអស់ ក្នុងកម្មវិធីទូរទស្សន៍នោះ លោករែនឌី ជែកសិន(Randy Jackson) បានធ្វើការវាយតម្លៃដ៏គួរឲ្យចាប់អារម្មណ៍ មកលើបេក្ខជនម្នាក់ថា “អ្នកបានធ្វើឲ្យបទចម្រៀងនេះ ក្លាយជាបទចម្រៀងរបស់អ្នកហើយ”។ គាត់បានធ្វើការសរសើរដូចនេះ ពេលដែលបេក្ខជនប្រឡងចម្រៀងម្នាក់ បានច្រៀងដោយប្រើតុង ដែលខ្លួនអាចច្រៀងបាន និងស្គាល់បទចម្រៀងនោះច្បាស់ ហើយបន្ទាប់មក ក៏បានឡើងច្រៀង តាមរបៀបថ្មីមួយ ដែលមានលក្ខណៈពិសេសផ្ទាល់ខ្លួន ខុសពីម្ចាស់បទ។ ដើម្បី “ធ្វើឲ្យបទចម្រៀងនោះ ក្លាយជាបទចម្រៀងរបស់ខ្លួនឯង” គេត្រូវគ្រប់គ្របការច្រៀងបទចម្រៀងនោះបានទាំងស្រុង និងដោយភាពប៉ិនប្រសប់ ហើយបន្ទាប់មក យកបទនោះមកច្រៀងជួនឆាកពិភពលោក។
សាវ័កប៉ុលបានបង្រៀនយើង ឲ្យធ្វើស្រដៀងនេះដែរ នៅក្នុងការអនុវត្តជំនឿរបស់យើង និងក្នុងរបៀបដែលយើងបង្ហាញជំនឿយើង។ ក្នុងបទគម្ពីរភីលីព ជំពូក៣ គាត់បានបដិសេធន៍ការខំប្រព្រឹត្តការល្អ ដើម្បីឲ្យបានសុចរិតនៅចំពោះព្រះ(ខ.៧-៨)។ ផ្ទុយទៅវិញ គាត់បានបង្រៀនយើង ឲ្យឱបក្រសោបយក “សេចក្តីសុចរិតដែលមកពីសេចក្តីជំនឿដល់ព្រះគ្រីស្ទ”(ខ.៩)។ ការអត់ទោសបាប និងការលោះបាប ជាអំណោយដែលកែប្រែបំណងចិត្ត និងគោលដៅរបស់យើង។ គឺដូចដែលគាត់បានមានប្រសាសន៍ថា “ខ្ញុំកំពុងតែដេញតាម សង្វាតនឹងចាប់ឲ្យបានសេចក្តី ដែលព្រះគ្រីស្ទយេស៊ូវបានចាប់ខ្ញុំឲ្យបាននោះដែរ”(ខ.១២)។
ព្រះយេស៊ូវបានធានានូវជ័យជម្នះសម្រាប់យើងហើយ។ ចុះចំណែកយើងវិញ តើត្រូវធ្វើអ្វី? យើងត្រូវប្រកាន់ខ្ជាប់តាមសេចក្តីពិតនេះ និងទទួលយកអំណោយនៃដំណឹងល្អពីព្រះនៅក្នុងចិត្ត ហើយបង្ហាញចេញនូវដំណឹងល្អ តាមរយៈការរស់នៅរបស់យើង នៅក្នុងលោកិយដែលប្រេះបែក។ អាចនិយាយម្យ៉ាងទៀតថា យើងត្រូវមានជំនឿផ្ទាល់ខ្លួន ហើយទន្ទឹមនឹងនោះ ប្រកាន់ខ្ជាប់តាមច្បាប់ដែលយើងបានទទួលនេះឯង(ខ.១៦)។—Adam R. Holz
តើការមមុលទៅមុខ ដោយជំនឿ មានន័យដូចម្តេចខ្លះ? តើមានអ្វីដែលលើកទឹកចិត្ត និងទ្រទ្រង់អ្នកបំផុត ក្នុងការបោះជំហានទៅមុខ?
ឱព្រះយេស៊ូវ ទូលបង្គំសូមអរព្រះគុណ សម្រាប់អំណោយទាននៃការប្រោសលោះ និងសេចក្តីស្រឡាញ់ នៅលើឈើឆ្កាង។ សូមព្រះអង្គជួយទូលបង្គំ ឲ្យឆ្លើយតប ដោយការដឹងគុណព្រះអង្គ ជារៀងរាល់ថ្ងៃ ហើយមមុលទៅមុខ ដោយគុណ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ទំនុកដំកើង ៥៤-៥៦ និង រ៉ូម ៣