មានជំនឿផ្ទាល់ៗខ្លួន

 

ខ្ញុំ​កំពុង​តែ​ដេញ​តាម សង្វាត​នឹង​ចាប់​ឲ្យ​បាន​សេចក្តី ដែល​ព្រះគ្រីស្ទយេស៊ូវ​បាន​ចាប់​ខ្ញុំ​ឲ្យ​បាន​នោះ​ដែរ។ ភីលីព ៣:១២

នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០០២ ការ​ប្រឡង​ចម្រៀង អាមេរិខិន អាយឌល បាន​ចាប់​ផ្តើម​ជា​លើ​ដំបូង។​ ជា​រៀង​រាល់​សប្តាហ៍ បេក្ខជន​ទាំង​ឡាយ​បាន​បញ្ចេញ​សមត្ថភាព​ច្រៀង​បទ​ចម្រៀង​ដ៏​ពេញ​និយម តាម​រចនាបថ​ផ្ទាល់​ខ្លួន ហើយ​ទស្សនិកជន​ក៏​បាន​បោះឆ្នោត​ឲ្យ​អ្នក​ដែល​គួរតែ​បន្ត​ទៅ​វគ្គ​បន្ទាប់។

ក្នុង​នាម​ជា​គណៈកម្មការ​ម្នាក់ ក្នុង​ចំណោម​គណៈកម្មការ​ទាំង​អស់ ក្នុង​កម្មវិធី​ទូរទស្សន៍​នោះ លោក​រែនឌី ជែកសិន(Randy Jackson) បាន​ធ្វើ​ការ​វាយ​តម្លៃ​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍ មក​លើ​បេក្ខជន​ម្នាក់​ថា “អ្នក​បាន​ធ្វើ​ឲ្យ​បទ​ចម្រៀង​នេះ ក្លាយ​ជា​បទ​ចម្រៀង​របស់​អ្នក​ហើយ”។ គាត់​បាន​ធ្វើ​ការ​សរសើរ​ដូច​នេះ ពេល​ដែល​បេក្ខជន​ប្រឡង​ចម្រៀង​ម្នាក់ បាន​ច្រៀង​ដោយ​ប្រើ​តុង ដែល​ខ្លួន​អាច​ច្រៀង​បាន និង​ស្គាល់​បទ​ចម្រៀង​នោះ​ច្បាស់  ហើយ​បន្ទាប់​មក ក៏​បាន​ឡើង​ច្រៀង តាម​របៀប​ថ្មី​មួយ ដែល​មាន​លក្ខណៈ​ពិសេស​ផ្ទាល់​ខ្លួន ខុស​ពី​ម្ចាស់​បទ។ ដើម្បី “ធ្វើ​ឲ្យ​បទ​ចម្រៀង​នោះ ក្លាយ​ជា​បទ​ចម្រៀង​របស់​ខ្លួន​ឯង” គេ​ត្រូវ​គ្រប់​គ្រប​ការ​ច្រៀង​បទចម្រៀង​នោះ​បាន​ទាំង​ស្រុង និង​ដោយ​ភាព​ប៉ិនប្រសប់ ហើយ​បន្ទាប់​មក យក​បទ​នោះ​មក​ច្រៀង​ជួន​ឆាក​ពិភពលោក។

សាវ័កប៉ុល​បាន​បង្រៀន​យើង ឲ្យ​ធ្វើ​ស្រដៀង​នេះ​ដែរ នៅ​ក្នុង​ការអនុវត្ត​ជំនឿ​របស់​យើង និង​ក្នុង​របៀប​ដែល​យើង​បង្ហាញ​ជំនឿ​យើង​។ ក្នុង​បទ​គម្ពីរ​ភីលីព ជំពូក៣ គាត់​បាន​បដិសេធន៍​ការ​ខំ​ប្រព្រឹត្ត​ការ​ល្អ ដើម្បី​ឲ្យ​បាន​សុចរិត​នៅ​ចំពោះ​ព្រះ(ខ.៧-៨)។ ផ្ទុយ​ទៅ​វិញ គាត់​បាន​បង្រៀន​យើង ឲ្យ​ឱប​ក្រសោប​យក “សេចក្តី​សុចរិត​ដែល​មក​ពី​សេចក្តី​ជំនឿ​ដល់​ព្រះគ្រីស្ទ”(ខ.៩)។ ការ​អត់​ទោស​បាប និង​ការ​លោះ​បាប ជា​អំណោយ​ដែល​កែ​ប្រែ​បំណង​ចិត្ត និង​គោលដៅ​របស់​យើង។ គឺ​ដូច​ដែល​គាត់​បាន​មាន​ប្រសាសន៍​ថា “​ខ្ញុំ​កំពុង​តែ​ដេញ​តាម សង្វាត​នឹង​ចាប់​ឲ្យ​បាន​សេចក្តី ដែល​ព្រះគ្រីស្ទយេស៊ូវ​បាន​ចាប់​ខ្ញុំ​ឲ្យ​បាន​នោះ​ដែរ”(ខ.១២)។

ព្រះយេស៊ូវ​បាន​ធានា​នូវ​ជ័យ​ជម្នះ​សម្រាប់​យើង​ហើយ។ ចុះ​ចំណែក​យើង​វិញ តើ​ត្រូវ​ធ្វើ​អ្វី?​ យើង​ត្រូវ​ប្រកាន់​ខ្ជាប់​តាម​សេចក្តី​ពិត​នេះ និង​ទទួល​យក​អំណោយ​នៃ​ដំណឹង​ល្អ​ពី​ព្រះ​នៅ​ក្នុង​ចិត្ត ហើយ​បង្ហាញ​ចេញ​នូវ​ដំណឹង​ល្អ តាម​រយៈ​ការ​រស់នៅ​របស់​យើង នៅ​ក្នុង​លោកិយ​ដែល​ប្រេះ​បែក។ អាច​និយាយ​ម្យ៉ាង​ទៀត​ថា យើង​ត្រូវ​មាន​ជំនឿ​ផ្ទាល់​ខ្លួន  ហើយ​ទន្ទឹម​នឹង​នោះ ប្រកាន់​ខ្ជាប់​តាម​ច្បាប់​ដែល​យើង​បាន​ទទួល​នេះ​ឯង(ខ.១៦)។—Adam R. Holz

តើ​ការ​មមុល​ទៅ​មុខ ដោយ​ជំនឿ មាន​ន័យ​ដូចម្តេច​ខ្លះ? តើ​មាន​អ្វី​ដែល​លើក​ទឹក​ចិត្ត និង​ទ្រទ្រង់​អ្នក​បំផុត ក្នុង​ការ​បោះ​ជំហាន​ទៅ​មុខ?

ឱ​ព្រះ​យេស៊ូវ ទូលបង្គំ​សូម​អរ​ព្រះគុណ សម្រាប់​អំណោយ​ទាន​នៃ​ការ​ប្រោស​លោះ និង​សេចក្តី​ស្រឡាញ់ នៅ​លើ​ឈើ​ឆ្កាង។ សូម​ព្រះអង្គ​ជួយ​ទូល​បង្គំ ឲ្យ​ឆ្លើយ​តប ដោយ​ការ​ដឹង​គុណ​ព្រះ​អង្គ ជា​រៀង​រាល់​ថ្ងៃ ហើយ​មមុល​ទៅ​មុខ ដោយ​​គុណ។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ទំនុកដំកើង ៥៤-៥៦ និង រ៉ូម ៣

 

Share this post:
Facebook
Twitter
LinkedIn
WhatsApp

More articles