កាល​ខ្ញុំ​បាន​ដោះ​សារ​ជាមុន​ដំបូង នោះ​គ្មាន​អ្នកណា​ឈរ​ជាមួយនឹង​ខ្ញុំ​សោះ គេ​លះ​ចោល​ខ្ញុំ​ទាំងអស់គ្នា។ ២ធីម៉ូថេ ៤:១៦

អ្នក​ស្រី​ឃែ​លី(Kelly) បាន​ឆ្លង​ជំងឺ​កូ​វីត១៩ នៅពេល​ដែល​នាង​កំពុង​តយុទ្ធ​នឹង​ជំងឺមហារីក​ខួរក្បាល។ បន្ទាប់មក នាង​​ក៏​មាន​បញ្ហា​ទឹក​ចូល​សួត និង​បេះដូង ដូចនេះ នាង​ត្រូវ​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​ម្តង​ទៀត។ ក្រុម​គ្រួសារ​របស់​នាង មិន​អាច​ទៅ​មើល​នាង​នៅ​មន្ទីរ​​ពេទ្យ​បានទេ ដោយសារតែ​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វីត១៩។ តែ​លោ​កដេវ(Dave) ដែល​ជា​ស្វាមី​របស់​នាង ក៏បាន​ប្តេជ្ញា​ចិត្ត​ថា នឹង​ធ្វើអ្វី​ម្យ៉ាង ដើម្បី​ជួយ​នាង។

លោ​កដេ​វក៏​បាន​ឲ្យ​មនុស្សជា​ទីស្រឡាញ់​របស់​គាត់​មក​ជួបជុំគ្នា ហើយ​ឲ្យ​សរសេរ​អក្សរ​នៅ​លើ​ផ្ទាំង​ក្រ​ដាស់​ធំៗ។ ពួក​គេ​ក៏បាន​ធ្វើតាម​គាត់ ដោយ​ពួក​គេ​មាន​គ្នា២០នាក់​បាន​ពាក់​ម៉ាស់ ឈរ​នៅ​លើ​ផ្លូវ នៅ​ក្រៅ​មន្ទីរពេទ្យ កាន់​ផ្ទាំង​ក្រ​ដាស់ ដែល​មាន​សរសេរ​អក្សរ​ធំៗពីលើ​ថា “អ្នកម្តាយ​ល្អ​បំផុត!” “អ្នកម្តាយ​ជាទីស្រឡាញ់” “យើង​រួមសុខ​រួមទុក្ខ​ជាមួយគ្នា”។ ដោយមាន​ជំនួយ​ពី​គ្រូពេទ្យ​ម្នាក់ អ្នក​ស្រី​ឃែ​លី​ក៏បាន​ទៅ​ឈរ​នៅ​មាត់​បង្អួច​បន្ទប់ នៅ​ជាន់ទី៤។ ស្វាមី​របស់​គាត់​ក៏បាន​បង្ហោះ​សារ​ក្នុង​បណ្តាញ​សង្គម​ថា “យើង​គ្រាន់តែ​អាច​មើលឃើញ​គាត់​ពាក់​ម៉ាស់ និង​គ្រវី​ដៃ​ដាក់​យើង តែ​នោះ​ជា​ការ​ពាក់​ម៉ាស់ និង​គ្រវី​ដៃ​ដ៏​មានន័យ”។

ពេល​ដែល​ជីវិត​សាវ័ក​ប៉ុល ជិតដល់​ទី​បញ្ចប់ គាត់​មាន​អារម្មណ៍​ឯកោ ខណៈ​ពេល​ដែល​កម្លាំង​គាត់​កំពុង​ចុះ​ខ្សោយ ក្នុង​ការ​ជាប់ឃុំ ក្នុង​គុក​របស់​ពួក​រ៉ូម៉ាំង។ គាត់​ក៏បាន​សរសេរ​សំបុត្រ​ប្រាប់​លោក​ធីម៉ូថេ​ថា “ចូរ​ខំប្រឹង​ទៅ​ឲ្យបាន​ដល់មុន​រដូវរងា”(២ធីម៉ូថេ ៤:២១)។ តែ​សាវ័ក​ប៉ុល​មិន​ឯកោ​ឡើយ។ គាត់​មានប្រសាសន៍​ថា “ព្រះអម្ចាស់​ទ្រង់​បាន​គង់​ជាមួយនឹង​ខ្ញុំ​វិញ ព្រមទាំង​ចំរើន​កំឡាំង​ផង”(ខ.១៧)។ ហើយ​គាត់​ក៏​ទំនងជា​មាន​អ្នកជឿ​ដទៃទៀត មក​លើកទឹកចិត្ត​គាត់​ផង​ដែរ​។ ព្រោះ​គាត់​បាន​សរសេរ​ថា “អ្នក​អ៊ើ​ប៊ូល៉ុ​ស អ្ន​កពូ​ដេន អ្នក​លី​ណុស អ្ន​កក្លូ​ឌាស ហើយ​ពួក​បងប្អូន​ទាំងអស់គ្នា សូម​ជំរាបសួរ​ដល់​អ្នក”(ខ.២១)។

ព្រះ​ទ្រង់​បង្កើត​យើង​មក ឲ្យ​រស់នៅ​ជា​សហគមន៍ ហើយ​យើង​ក៏​មាន​អារម្មណ៍​ថា យើង​ត្រូវការ​ការរស់នៅ​ប្រភេទ​នេះ​បំផុត ពេល​ដែល​យើង​មានរឿង​វិបត្តិ។ តើ​អ្នក​អាច​ធ្វើអ្វី​ខ្លះ សម្រាប់​នរណា​ម្នាក់ ដែល​មាន​ភាព​ឯកោ​យ៉ាង​ខ្លាំង នៅ​ថ្ងៃនេះ? —Tim Gustafson

តើ​អ្នកមាន​អារម្មណ៍​ឯកោ​បំផុត នៅពេល​ណា? តើ​អ្នកមាន​អារម្មណ៍​ថា ព្រះ​ទ្រង់​មាន​ព្រះវ​ត្ត​មាននៅ​ក្បែរ​អ្នក​ដូចម្តេច​ខ្លះ ក្នុង​ពេល​ដែល​អ្នក​នៅ​ឆ្ងាយ​ពី​មនុស្សជា​ទីស្រឡាញ់?

ឱព្រះវរបិតា ទូលបង្គំ​សូម​អរព្រះគុណ សម្រាប់​ការ​ប្រទាន​អំណោយ​នៃ​ការកម្សាន្ត​ចិត្ត​របស់​ព្រះវិញ្ញាណ និង​ប្រទាន​សហគមន៍​នៃ​អ្នកជឿ ឲ្យ​មាន​​ក្នុង​ជីវិត​ទូលបង្គំ។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ទំនុកដំកើង ៥៧-៥៩ និង រ៉ូម ៤