ត្រចៀកណាដែលស្តាប់តាមសេចក្តីបន្ទោសនៃជីវិត នោះនឹងអាស្រ័យនៅជាកណ្តាលពួកអ្នកប្រាជ្ញ។ សុភាសិត ១៥:៣១
មានពេលមួយ ស៊ែលី(Shellie) បាននិយាយអំពីយុវតីម្នាក់ ដែលជាសិស្សរបស់គាត់ យ៉ាងដូចនេះថា “គួរឲ្យស្តាយណាស់ ថ្មីៗនេះ យើងមានការជជែកគ្នាដ៏ពិបាក។ ខ្ញុំយល់ថា យើងទាំងពីរសុទ្ធតែមិនសប្បាយចិត្តដូចគ្នា តែខ្ញុំពិតជាយល់ឃើញថា គាត់ត្រូវកែប្រែអាក្បកិរិយា និងទង្វើររបស់គាត់ ដើម្បីកុំឲ្យមនុស្សនៅជុំវិញគាត់ មានការឈឺចាប់”។ ទោះពួកគេមិនមានអារម្មណ៍ល្អក៏ដោយ ក៏ការសន្ទនានោះមានលទ្ធផលល្អ ហើយបានជួយឲ្យទំនាក់ទំនងពួកគេកាន់តែរឹងមាំ។ ពីរសប្តាហ៍ក្រោយមក អ្នកទាំងពីរក៏បានដឹកនាំកម្មវិធីអធិស្ឋានរបស់ព្រះវិហារ ក្រោមប្រធានបទការបន្ទាបខ្លួន។
សូម្បីតែនៅក្រៅទំនាក់ទំនងសិស្សនិងគ្រូ ក៏យើងអាចមានការជជែកគ្នាដ៏ពិបាក ជាមួយបងប្អូនក្នុងព្រះគ្រីស្ទ។ កណ្ឌគម្ពីរសុភាសិតដែលជាកណ្ឌគម្ពីរនៃប្រាជ្ញា បានចែងម្តងហើយម្តងទៀត អំពីសារៈសំខាន់នៃការបន្ទាបខ្លួន ក្នុងការកែតម្រង់ ឬទទួលការកែតម្រង់។ តាមពិត ការរិះគន់ដើម្បីស្ថាបនា មានប្រយោជន៍ដល់ជីវិតណាស់ ហើយក៏នាំទៅរកប្រាជ្ញាពិតប្រាកដ(សុភាសិត ១៥:៣១)។ បទគម្ពីរសុភាសិត ១៥:៥ បានចែងថា “មនុស្សល្ងីល្ងើតែងតែស្អប់សេចក្តីប្រៀនប្រដៅរបស់ឪពុក តែអ្នកណាដែលស្តាប់តាមសេចក្តីបន្ទោស នោះនឹងបានគំនិតវាងវៃវិញ”។ និយាយឲ្យខ្លី មនុស្សដែលស្អប់ការកែតម្រង់ នឹងត្រូវស្លាប់(ខ.១០)។ គឺដូចដែលស៊ែលីបានជួបផ្ទាល់ ការនិយាយចេញនូវសេចក្តីពិត ដោយក្តីស្រឡាញ់ អាចជួយទំនាក់ទំនងឲ្យមានភាពល្អប្រសើរឡើង។
តើអ្នកគួរតែនិយាយពាក្យនៃក្តីស្រឡាញ់ និងការកែតម្រង់ ទៅកាន់នរណាខ្លះ ក្នុងជីវិតអ្នក? ពុំនោះទេ ថ្មីៗនេះ អ្នកប្រហែលជា បានទទួលការដាស់តឿនប្រកបដោយប្រាជ្ញា តែមានចិត្តចង់ឆ្លើយតប ដោយកំហឹង ឬការមិនពេញចិត្ត។ អ្នកណាដែលមិនព្រមទទួលសេចក្តីប្រៀនប្រដៅនោះ ឈ្មោះថាស្អប់ខ្ពើមដល់ព្រលឹងខ្លួន តែអ្នកណាដែលស្តាប់តាមសេចក្តីបន្ទោស នោះបានយោបល់វិញ(ខ.៣២)។ ចូរយើងទូលសូមព្រះជួយយើង ឲ្យកែតម្រង់អ្នកដទៃ ឬទទួលការកែតម្រង់ ដោយការបន្ទាបខ្លួននៅថ្ងៃនេះ។—Karen Pimpo
តើអ្នកឆ្លើយតបយ៉ាងណា ចំពោះការឆ្លើយតប ដើម្បីស្ថាបនា? តើអ្នកមានការបន្ទាបខ្លួនយ៉ាងណា ដើម្បីទទួលការកែតម្រង់?
ឱព្រះអម្ចាស់ សូមព្រះអង្គប្រទានប្រាជ្ញា។ សូមព្រះអង្គប្រទានចិត្តដែលចេះបន្ទាបខ្លួន ទទួលការកែតម្រង់ដែលមានប្រយោជន៍សម្រាប់ជីវិត។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ទំនុកដំកើង ៦០-៦២ និង រ៉ូម ៥