ទ្រង់​មិនដែល​ល្វើយ​ឡើយ ក៏​មិនដែល​អស់កំឡាំង​ផង។ អេសាយ ៤០:២៨

កាលពីមុន គេ​បានឮ​ល្បី​ថា លោក​ប៉ុល អ៊ែន​ឌ័​រសិន(Paul Anderson) ជា​បុរស​ដែល​ខ្លាំង​បំផុត​នៅ​លើ​ពិភពលោក។ គាត់​ជា​កីឡាករ​លើក​ដុំដែក​អាមេរិក ដែល​បាន​បំបែក​ឯកត្តកម្ម នៅក្នុង​ការប្រកួត​កីឡា​អូ​ឡាំ​ពិ​ចឆ្នាំ ១៩៥៦ នៅ​ទីក្រុង​មែ​លបូន ប្រទេស​អូស្រ្តាលី ទោះ​គាត់​កំពុង​មាន​ជំងឺ​រលាក​ត្រចៀក​ខាងក្នុង និង​ក្តៅ​ខ្លួន​ជិត៤០អង្សា​សេ​ក៏ដោយ។ កាលនោះ កីឡាករ​ដទៃទៀត​កំពុង​មាន​ពិន្ទុ​នាំមុខ​គាត់ ហើយ​ឱកាស​តែមួយគត់ ដើម្បីឲ្យ​គាត់​អាច​ឈ្នះ​បាន​មេដាយមាស គឺ​ត្រូវ​បំបែក​កំណត់ត្រា​អូ​ឡាំ​ពិច​ថ្មី​មួយ នៅក្នុង​ព្រឹត្តិ​ការណ៍​ចុងក្រោយ​របស់​គាត់។ ការ​ព្យាយាម​របស់​គាត់​ពីរ​លើក​ដំបូង បាន​បរាជ័យ​យ៉ាងដំណំ។

ដូចនេះ កីឡាករ​មាឌធំ ដ៏​រឹងមាំ​ម្នាក់​នេះ​ក៏បាន​ធ្វើ​នូវ​រឿង​មួយ ដែល​សូម្បីតែ​មនុស្ស​ទន់ខ្សោយ​ក៏អាច​ធ្វើ​បាន។ គឺ​គាត់​ស្រែក​រក​ព្រះ សូម​កម្លាំង​បន្ថែម ហើយ​ឈប់​ពឹង​អាង​កម្លំាង​ខ្លួន​ឯង​ទៀត។ ក្រោយមក គាត់​ក៏បាន​និយាយ​ថា “ខ្ញុំ​មិនមែន​កំពុងតែ​តថ្លៃ​ជាមួយ​ព្រះ​នោះ​ឡើយ។ តែ​ខ្ញុំ​ត្រូវការ​ជំនួយ​ពី​ព្រះអង្គ”។ នៅក្នុង​ការ​ព្យាយាម​លើក​ដំដែក​ជា​លើក​ទី៣ គាត់​ក៏បាន​លើក​ដំដែក​ទម្ងន់១៨៧គីឡូ​កន្លះ​ឡើង ផុត​ក្បាល​គាត់ ដោយ​ជោគជ័យ។

លោក​ប៉ុល​ជា​សាវ័ក​ព្រះគ្រីស្ទ បាន​សរសេរ​ថា “កាលណា​ខ្ញុំ​ខ្សោយ នោះ​ខ្ញុំ​មាន​កំឡាំង​យ៉ាង​ចំណាន​វិញ”(២កូរិនថូស ១២:១០)។ ត្រង់​ចំណុច​នេះ សាវ័ក​ប៉ុល​កំពុង​និយាយ​អំពី​កម្លាំង​ខាងវិញ្ញាណ តែ​គាត់​ដឹង​ថា អំណាច​របស់​ព្រះ “បាន​ពេញខ្នាត ដោយ​សេចក្តី​កំសោយ”(ខ.៩)។

គឺ​ដូចដែល​ហោរា​អេសាយ​បាន​ប្រកាស​ថា ព្រះអម្ចាស់ “រមែង​ចំរើន​កំឡាំង ដល់​អ្នក​ដែល​ល្វើយ ហើយ​ចំណែក​អ្នក​ដែល​គ្មាន​កំឡាំង​សោះ នោះ​ទ្រង់​ក៏​ប្រទាន​ឲ្យ”(អេសាយ ៤០:២៩)។

តើ​ធ្វើ​ដូចម្តេច​ឲ្យ​យើង​អាន​ទទួល​កម្លាំង​នោះ​បាន? គឺ​យើង​ត្រូវ​នៅ​ជាប់​ព្រះអង្គ។ ព្រោះ​ព្រះអង្គ​មាន​បន្ទូល​ថា “បើ​ដាច់​ពី​ខ្ញុំ​ចេញ នោះ​អ្នករាល់គ្នា​ពុំ​អាច​នឹង​ធ្វើអ្វី​បានទេ”(យ៉ូហាន ១៥:៥)។ ក្នុងនាម​លោក​អ៊ែន​ឌ័​រសិន​ជា​កីឡាករ​លើក​ដុំដែក គាត់​ច្រើនតែ​និយាយ​ថា “បើ​មនុស្ស​មាន​កម្លាំង​ខ្លាំង​ជាងគេ មិន​អាច​រស់នៅ​មួយថ្ងៃ ដោយ​គ្មាន​អំណាច​ចេស្តា​ព្រះយេស៊ូវ គ្រីស្ទ បានទេ ចុះ​ទំ​រាំ​តែ​អ្នក​វិញ តើ​អ្នកមាន​ជម្រើស​អ្វី?” ដូចនេះ ចូរ​យើង​ឈប់​ពឹងផ្អែក​លើ​កម្លាំង​ខ្លួនឯង ហើយ​ទូល​សូម​កម្លាំង​ពី​ព្រះអង្គ​វិញ។—Patricia Raybon

ពេលណា​អ្នក​ពឹងផ្អែក​លើ​កម្លាំង​មក​ពី​ព្រះ មិនមែន​កម្លាំង​ខ្លួនឯង តើ​អ្នកទទួល​លទ្ធផល​ដូចម្តេច​ខ្លះ? តើ​ការ​នៅ​ជាប់​ព្រះយេស៊ូវ​ បាន​នាំឲ្យ​អ្នកមាន​កម្លាំង​ដូចម្តេច​ខ្លះ?

ឱព្រះ​ដ៏​មាន​គ្រប់​ចេស្តា បន្ទុក​ក្នុង​ជីវិត​ទូលបង្គំ​ធ្ងន់ ហើយ​ធ្វើឲ្យ​ទូលបង្គំ​មាន​អារម្មណ៍​ថា​មិន​អាច​ទ្រាំទ្រ​បាន តែ​ការ​នៅ​ជាប់​ព្រះអង្គ បាន​នាំឲ្យ​ទូលបង្គំ​មាន​កម្លាំង ដើម្បី​បន្តដំណើរ​ទៅមុខ និង​មានជ័យ​ជម្នះ។ ទូលបង្គំ​សូម​អរព្រះគុណ​ព្រះអង្គ​ខ្លាំង​ណាស់!

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ទំនុកដំកើង ៧២-៧៣ និង រ៉ូម ៩:១-១៥