ការបន្ទាប់ខ្លួន គឺជាសេចក្តីពិត

ចូរ​បន្ទាបខ្លួន​នៅ​ចំពោះ​ព្រះអម្ចាស់ នោះ​ទ្រង់​នឹង​ដំកើង​អ្នករាល់គ្នា​ឡើង។ យ៉ាកុប ៤:១០

ថ្ងៃមួយ មាន​អ្នកជឿ​ព្រះ​ម្នាក់ នៅ​សតវត្សរ៍​ទី១៦ ឈ្មោះ ថេរី​សា(Teresa) មក​ពី​ក្រុង​អ័វីឡា បាន​ពិចារណា អំពី​មូលហេតុ​ដែល​ព្រះ​ទ្រង់​បាន​ឲ្យ​តម្លៃ​មក​លើ​ការ​បន្ទាបខ្លួន​យ៉ាង​ខ្លាំង។ ភ្លាមៗនោះ គាត់​ក៏បាន​រក​ឃើញ​ចម្លើយ។ “គឺ​ពីព្រោះ​ព្រះ​ទ្រង់​ជា​សេចក្តី​ពិត​ដែល​ខ្ពស់​បំផុត ហើយ​ការ​បន្ទាបខ្លួន​គឺជា​សេចក្តី​ពិត​…”។ សេចក្តីល្អ​ដែល​មាន​ក្នុង​យើង មិនបាន​កើត​ចេញ​ពី​ខ្លួន​យើង​ទេ។ ផ្ទុយទៅវិញ វា​កើត​ចេញពី​ទឹក​នៃ​ព្រះគុណ​ដែល​ហូរ​ឥត​ឈប់ នៅ​ក្បែរ​វិញ្ញាណ​របស់​យើង ដូច​ដើម​ឈើ​ដុះ​ក្បែរ​ទឹក និង​បាន​ពី​ព្រះអង្គ ដែល​ប្រទាន​ពន្លឺជីវិត​មក​យើង​”។ ថេរី​សា​ក៏បាន​សន្និដ្ឋាន​ថា ការអធិស្ឋាន​ជួយ​ឲ្យ​យើង​បោះយុថ្កា​ជាប់​ក្នុង​សេចក្តី​ពិត​នោះ ព្រោះ “ការ​បន្ទាបខ្លួន គឺជា​គ្រឹះ​ទាំងមូល​នៃ​ការអធិស្ឋាន។ យើង​បន្ទាបខ្លួន​កាន់តែ​ខ្លាំង ក្នុង​ការអធិស្ឋាន នោះ​ព្រះ​ទ្រង់​ក៏​នឹង​លើក​យើង​កាន់តែ​ខ្ពស់​ឡើង​ផង​ដែរ​”។

ការ​ពិពណ៌នា​របស់​ថេរី​សា អំពី​ការ​បន្ទាប់​ខ្លួន បាន​ធ្វើឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​បទ​គម្ពីរ​យ៉ាកុប ជំពូក៤ ដែល​ក្នុង​នោះ សាវ័ក​យ៉ាកុប​បាន​ដាស់​តឿន អំពី​លក្ខណៈ​ដ៏​គ្រោះថ្នាក់​នៃ​អំ​ណួ​ត និង​ភាព​អាត្មានិយម ដែល​ផ្ទុយ​នឹង​លក្ខណៈ​នៃ​ជីវិត ដែល​ពឹងផ្អែក​លើ​ព្រះគុណ​ព្រះ(ខ.១-៦)។ គាត់​ក៏បាន​និយាយ​សង្កត់ធ្ងន់​ថា ដំណោះស្រាយ​តែមួយ​ដើម្បី​ជៀស​ចេញពី​ជីវិត ដែល​លោភលន់ អស់​សង្ឃឹម និង​ការ​ប៉ះទង្គិច គឺ​ត្រូវ​ប្រែចិត្ត​ចេញពី​អំពើបាប ហើយ​ត្រូវ​ទទួល​ព្រះគុណ​របស់​ព្រះ​វិញ។ ឬអាច​និយាយ​ម្យ៉ាងទៀត​ថា យើង​ត្រូវ “បន្ទាប​ខ្លួន នៅ​ចំពោះ​ព្រះអម្ចាស់​” ដោយ​ការធានា​ថា “ព្រះអង្គ​នឹង​លើក​យើង​ឡើង​”(ខ.១០)។

ទាល់តែ​យើង​បាន​ចាក់ឫស​ចូល​ទៅ​ក្នុងទឹក​នៃ​ព្រះគុណ ទើប​យើង​អាច​ទទួល​ជីវជាតិ​នៃ “ប្រាជ្ញា​ដែល​មក​ពី​ស្ថានសួគ៌​”​(៣:១៧)។ ទាល់តែ​យើង​បាន​នៅ​ជាប់​ក្នុង​ព្រះអង្គ ទើប​ព្រះអង្គ​លើក​យើង​ឡើង ដោយ​សេចក្តី​ពិត។—Monica La Rose

តើ​អំ​ណួ​តបាន​រារាំង​ការអធិស្ឋាន​ពិតប្រាកដ និង​ការពិសោធន៍​នឹង​ព្រះគុណ​ព្រះ យ៉ាងដូច​ម្តេច​ខ្លះ? តើ​អ្នក​បាន​ពិសោធន៍​នឹង​សេរីភាព ដែល​បាន​មក​ពី​ការ​បន្ទាបខ្លួន ក្នុង​ការអធិស្ឋាន យ៉ាងដូច​ម្តេច​ខ្លះ?

ឱព្រះ​នៃ​សេចក្តី​ស្រឡាញ់ ទូលបង្គំ​សូម​អរព្រះគុណ​ព្រះអង្គ សម្រាប់​អំណោយ​នៃ​ជីវិត ដែល​បាន​រស់នៅ​ជាប់​ក្នុង​ព្រះអង្គ។ ទូលបង្គំ​សូម​អរព្រះគុណ ដែល​ទូលបង្គំ​អាច​រក​ឃើញ​អ្វី​ដែល​ទូលបង្គំ​ត្រូវការ និង​រក​ឃើញ​លើស​ពីនោះ​ទៀត ក្នុង​ព្រះអង្គ។

For further study, read Making Decisions God’s Way at DiscoverySeries.org​/Q0745.

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ទំនុកដំកើង ៧៧-៧៨ និង រ៉ូម ១០

 

Share this post:
Facebook
Twitter
LinkedIn
WhatsApp

More articles