ហើយប្រហែលជាព្រះនាង បានតាំងឡើងក្នុងរាជ្យ សំរាប់ពេលនេះឯងទេដឹង? នាងអេសធើរ ៤:១៤
ក្នុងទីក្រុងតូចមួយ នៅរដ្ឋអ៊ីលីណយ ៤០ភាគរយនៃឧក្រិដ្ឋកម្មទាំងអស់ដែលបានកើតឡើង ក្នុងសហគមន៍ គឺជាអំពើហិង្សាក្នុងគ្រួសារ។ យោងតាមគ្រូគង្វាលក្នុងតំបន់ម្នាក់បានឲ្យដឹងថា បញ្ហានេះច្រើនតែមានការលាក់កំបាំង នៅក្នុងសហគមន៍នៃពួកជំនុំ ព្រោះគេមានអារម្មណ៍ថាពិបាក ក្នុងការយករឿងនោះមកនិយាយ។ ដូចនេះ អ្នកដឹកនាំពួកជំនុំក្នុងតំបន់មិនបានមើលរំលងរឿងនោះឡើយ ផ្ទុយទៅវិញ ពួកគេក៏បានសម្រេចចិត្តប្រើសេចក្តីជំនឿ និងយកបញ្ហានោះមកនិយាយ ដោយចិត្តក្លាហាន ដោយទៅចូលរួមសិក្ខាសាលា ដើម្បីសំគាល់សញ្ញានៃអំពើហិង្សា និងគាំទ្រអង្គការមិនរកប្រាក់ចំណេញ ដែលកំពុងប្រយុទ្ធប្រឆាំងនឹងអំពើហិង្សាក្នុងគ្រួសារ។ អ្នកដឹកនាំម្នាក់បានទទួលស្គាល់អំណាចនៃសេចក្តីជំនឿ និងការធ្វើសកម្មភាព បានជាគាត់មានប្រសាសន៍ថា “ការអធិស្ឋាន និងក្តីអាណិតរបស់យើង គួបផ្សំជាមួយការគាំទ្រជាក់ស្តែង អាចនាំឲ្យមានការផ្លាស់ប្តូរដ៏សំខាន់”។
ពេលដែលព្រះនាងអេសធើរ ជាក្សត្រីនៃចក្រភពពើរស៊ី មានការស្ទាក់ស្ទើរ នៅក្នុងការនិយាយប្រឆាំងនឹងច្បាប់ ដែលអនុញ្ញាតឲ្យមានអំពើប្រល័យពូជសាសន៍មកលើជនជាតិអ៊ីស្រាអែល ជាប្រជាជនរបស់ព្រះនាង ពូរបស់ព្រះនាងក៏បានដាស់តឿនព្រះនាងថា បើព្រះនាងនៅតែស្ងាត់ស្ងៀម នោះព្រះនាង និងក្រុមគ្រួសារព្រះនាង ក៏មិនអាចគេផុតពីការសម្លាប់បំផុតពូជបានដែរ(នាងអេសធើរ ៤:១៣-១៤)។ លោកម៉ាដេកាយដឹងថា ពេលនោះជាពេលដែលត្រូវមានចិត្តក្លាហាន ក្នុងការប្រឆាំងនឹងច្បាប់នោះ ដូចនេះ គាត់ក៏បានទូលព្រះនាងថា “ប្រហែលជាព្រះនាង បានតាំងឡើងក្នុងរាជ្យ សំរាប់ពេលនេះឯងទេដឹង”(ខ.១៤)។ ទោះយើងបានទទួលការត្រាស់ហៅ ឲ្យនិយាយប្រឆាំងនឹងអំពើអយុត្តិធម៌ ឬអត់ទោសឲ្យនរណាម្នាក់ ដែលនាំឲ្យយើងមានទុក្ខព្រួយក្តី ព្រះគម្ពីរបានធានាយើងថា ក្នុងពេលដ៏ពិបាកនោះ ព្រះទ្រង់នឹងមិនចាកចេញ ឬបោះបង់យើងចោលឡើយ(ហេព្រើរ ១៣:៥-៦)។ ពេលណាយើងងាកទៅរកព្រះ ដើម្បីសូមជំនួយ ក្នុងពេលដែលយើងទទួលរងការគំរាមកំហែង ព្រះអង្គនឹងប្រទានយើង នូវ “អំណាច សេចក្តីស្រឡាញ់ និងប្រាជ្ញានឹងធឹង” ដើម្បីឲ្យយើងអាចបំពេញកិច្ចការដែលព្រះបានប្រទានឲ្យ រហូតដល់ចប់(២ធីម៉ូថេ ១:៧)។—Kimya Loder
តើព្រះទ្រង់កំពុងត្រាស់ហៅអ្នកឲ្យធ្វើអ្វី? តើព្រះអង្គបានប្រទានឧបករណ៍អ្វីខ្លះ ដើម្បីឆ្លើយតប ចំពោះការត្រាស់ហៅនេះ?
ឱព្រះវរបិតា ដែលគង់នៅស្ថានសួគ៌ ទូលបង្គំសូមអរព្រះគុណ សម្រាប់ការត្រាស់ហៅដ៏ពិសេស សម្រាប់ជីវិតទូលបង្គំ។ សូមព្រះអង្គជួយទូលបង្គំ ឲ្យជម្នះការភ័យខ្លាច ដែលរារាំងទូលបង្គំ មិនឲ្យបោះជំហានចេញ ដោយជំនឿ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ទំនុកដំកើង ៧៩-៨០ និង រ៉ូម ១១:១-១៨