មាន​ពរ​ហើយ មនុស្ស​ណា​ដែល​ការ​រំលង ច្បាប់​របស់​ខ្លួន​បាន​អត់ទោស​ឲ្យ គឺ​ដែល​បាប​របស់​ខ្លួន​បាន​គ្រប​បាំង​ហើយ។ ទំនុកដំកើង ៣២:១

ជាច្រើន​ឆ្នាំមុន នៅក្នុង​ប្រទេស​មួយ គេ​បាន​តំឡើង​កាំភ្លើង​បាញ់​ទឹក​បំបាត់​ក្លិនស្អុយ១រយ​ដើម ដោយ​ប្រើ​សម្ពាធ​ទឹក​ខ្លាំង នៅកន្លែង​ចាក់សំរាម​ធំ មួយ​កន្លែង ដែល​ស្ថិត​ក្នុងចំណោម​កន្លែង​ចាក់សំរាម​រាប់​រយ ទូទាំង​ប្រទេស ដែល​កំពុងតែ​នាំឲ្យ​ប្រជាពលរដ្ឋ​មានការ​ព្រួយបារម្ភ​កាន់តែ​ខ្លាំង។ កាំភ្លើង​ទាំងនោះ​បាន​បាញ់​ទឹកក្រអូប​ជាច្រើន​លីត្រ ក្នុង​មួយ​នាទី បាន​ចំងាយ​ប្រហែល៥០ម៉ែត្រ មក​លើ​ភ្នំ​សំរាម​ជាច្រើន។ ប៉ុន្តែ ទោះ​ពួក​គេ​បាន​បាញ់ មក​លើ​គំនរសំរាម​នោះ បាន​ប៉ុន្មាន​លីត្រ​ក៏ដោយ ក៏​ទឹកអប់​ទាំងនោះ​គ្រាន់តែ​បាន​គ្រប​ពី​លើ​ក្លឹន​ស្អុយ​ប៉ុណ្ណោះ ​ទាល់តែ​ពួក​គេ​ដក​ប្រភព​នៃ​ក្លិនស្អុយ​ចេញ ទើប​ពួក​គេ​អាច​បំបាត់​ក្លិនស្អុយ​បាន។

ស្តេច​ដាវីឌ​ក៏​ធ្លាប់​ព្យាយាម​គ្រប​បាំង​ក្លិនស្អុយ នៃ​អំពើបាប​របស់​ទ្រង់​ផង​ដែរ។ ទ្រង់​បាន​ប្រើអំណាច​ជា​ស្តេច​ក្នុង​ផ្លូវខុស ដើម្បី​យក​នាង​បាត​សេ​បា​ធ្វើជា​ប្រពន្ធ ហើយ​បញ្ជា​ឲ្យ​គេ​សម្លាប់​លោក​អ៊ូ​រី ដែល​ជា​ស្វាមី​របស់​នាង(២សាំ​យ៉ូអែល ១១:១-២៤) ហើយ​បន្ទាប់មក ទ្រង់​ក៏បាន​ប្រើ​វិធី​បិទបាំង​ភាព​ស្មោកគ្រោក​របស់​ទ្រង់ ដោយ​ភាព​ស្ងាត់ស្ងៀម ល្បិចកល និង​ការគោរព​ប្រតិបត្តិ​ព្រះ​តែ​សម្បក​ក្រៅ។ ប៉ុន្តែ ព្រះអម្ចាស់​ក៏បាន​បណ្តាល​ឲ្យ​ទ្រង់​ទទួលស្គាល់​កំហុស(ទំនុកដំកើង ៣២:៣-៤) ដោយអំណាច​ចេស្តា​ព្រះអង្គ។ ទ្រង់​មិន​អាច​ស៊ូទ្រាំ​នឹង​ទោសកំហុស​នៃ​អំពើបាប​របស់​ទ្រង់ និង​ការ​​ដាក់ទោស​ពី​ព្រះ បាន​តទៅទៀត​ ដូចនេះ ទ្រង់​ក៏បាន​ទូល​សូម​សេចក្តី​មេត្តា និង​ការ​លាង​សម្អាង​ខាងវិញ្ញាណ​ពី​ព្រះ(៥១:១-៤)។ ទ្រង់​ក៏បាន​សារភាព​បាប​របស់​ទ្រង់​នៅ​ចំពោះ​ព្រះ ហើយ​ព្រះអង្គ​ក៏បាន​អត់ទោស​បាប ឲ្យ​ស្តេច​អង្គ​នេះ ហើយក៏​បាន​ប្រទាន​អំណរ​ជាថ្មី(៣២:១,១១ ៥១:១២-១៥)។

ពេល​យើង​ប្រព្រឹត្ត​អំពើបាប ការ​ព្យាយាម​បិទបាំង​អំពើបាប​របស់​យើង គឺ​គ្មាន​ប្រយោជន៍​ទេ។ ប៉ុន្តែ ពេលណា​យើង​សារភាព​បាប និង​ប្រែចិត្ត នៅ​ចំពោះ​ព្រះវ​ត្ត​មាន​នៃ​ព្រះវរបិតា​នៃ​យើង ដែល​មាន​ព្រះទ័យ​មេត្តា ព្រះអង្គ​នឹង​អត់ទោស​បាប​ឲ្យ​យើង ប្រទាន​នូវ​ក្លិន​ដ៏​ក្រអូប​នៃ​ព្រះគុណ​ព្រះអង្គ ហើយ​ប្រទាន​ឲ្យ​យើង​មាន​ក្តី​អំណរ​ឡើង​វិញ ដោយសារ​សេចក្តី​សង្រ្គោះ​ដែល​ព្រះអង្គ​ប្រទាន(ទំនុកដំកើង ៥១:៧-១២)។—Marvin Williams

តើ​អ្នកចាំ​បាច់​ត្រូវ​ផ្លាស់​ប្តូរ​អាកប្ប​កិរិយា ចំពោះ​អំពើបាប​របស់​អ្នក និង​ការ​អត់ទោស​ប្រកបដោយ​ព្រះគុណ​របស់​ព្រះ យ៉ាងដូច​ម្តេច​ខ្លះ? តើ​អ្នក​គួរតែ​ធ្វើ​ដូចម្តេច ដើម្បី​ឆ្លើយតប ចំពោះ​ការ​អត់ទោស​របស់​ព្រះ?

ឱព្រះ​នៃ​សេចក្តី​ស្រឡាញ់ ទូលបង្គំ​មិន​ចង់​បិទបាំង​បាប​ទូលបង្គំ ដោយ​ក្លិន​នៃ​ភាព​ស្ងាត់ស្ងៀម ការ​បោកបញ្ឆោត និង​ការគោរព​ប្រតិ​បត្ត​ព្រះអង្គ​តែ​សម្បក​ក្រៅ​ទៀត​ឡើយ។ សូម​ព្រះអង្គ​ប្រទាន​អំណោយ​នៃ​ការ​ប្រែចិត្ត ដើម្បីឲ្យ​ទូលបង្គំ​អាច​រក​ឃើញ​សេចក្តី​មេត្តា ការ​អត់ទោស និង​ក្តី​អំណរ។

To learn more about the importance of forgiveness, visit ODBU.org​/SF107.

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ទំនុកដំកើង ១០០-១០២ និង ១កូរិនថូស ១