អស់អ្នកណាដែលឮពាក្យរបស់ខ្ញុំទាំងនេះ ហើយប្រព្រឹត្តតាម ខ្ញុំនឹងធៀបអ្នកនោះដូចជាមនុស្សប៉ិនប្រយ័ត្ន ដែលសង់ផ្ទះខ្លួននៅលើថ្ម។ ម៉ាថាយ ៧:២៤
ដើម្បីធ្វើតេស្តភាពរឹងមាំរបស់ផ្ទះពីរខ្នង វិស្វករបានប្រើខ្យល់ព្យុះសប្បនិមិត្តប្រភេទទី៣ ដោយប្រើកង្ហាដែលមានកម្លាំងខ្លាំង ដែលអាចបាញ់ខ្យល់យ៉ាងគំហុក ដោយល្បឿនប្រហែល១៦០គីឡូម៉ែត្រ ក្នុងរយៈពេល១០នាទី។ ផ្ទះទីមួយត្រូវបានគេសង់ឡើង ដោយមិនប្រើក្បួនទប់ទល់ខ្យល់ព្យុះ ហើយផ្ទះមួយទៀតត្រូវគេសង់ឡើង តាមក្បួននោះ ដោយមានដំបូល និងគ្រឹះរឹងមាំជាងផ្ទះធម្មតា។ ផ្ទះទីមួយក៏បានញ័ររញ្ជួយ ហើយទីបំផុតក៏បានដួលរលំ តែផ្ទះទីពីរអាចធន់នៅ ដោយមានការខូចខាតតែផ្នែកខាងក្រៅបន្តិចបន្តួច។ វិស្វករម្នាក់ ក្នុងចំណោមវិស្វករទាំងនោះក៏បានធ្វើការសង្ខេបការសិក្សានេះ ដោយសួរថា “តើអ្នកចង់រស់នៅ ក្នុងផ្ទះមួយណា?”
កាលព្រះយេស៊ូវបង្រៀនអំពីតម្លៃនៃការរស់នៅជារាស្ត្ររបស់ព្រះ ព្រះអង្គក៏បានបញ្ចប់ ដោយមានបន្ទូលថា “អស់អ្នកណាដែលឮពាក្យរបស់ខ្ញុំទាំងនេះ ហើយប្រព្រឹត្តតាម ខ្ញុំនឹងធៀបអ្នកនោះដូចជាមនុស្សប៉ិនប្រយ័ត្ន ដែលសង់ផ្ទះខ្លួននៅលើថ្ម”(ម៉ាថាយ ៧:២៤)។ ខ្យល់ព្យុះដ៏កាច់សាហាវបានវាយប្រហារមក តែផ្ទះនោះនៅតែឈរយ៉ាងរឹងមាំ។ យ៉ាងណាមិញ មនុស្សដែលបានឮព្រះបន្ទូលហើយមិនប្រព្រឹត្តតាម គឺប្រៀបដូចជាមនុស្សល្ងង់ដែលសង់ផ្ទះនៅលើដីខ្សាច់(ខ.២៦)។ ខ្យល់ដ៏កាចសាហាវក៏បានបក់បោកមក ហើយផ្ទះនោះក៏បានរលំ។ ព្រះយេស៊ូវក៏បានប្រទានជម្រើសពីរយ៉ាង ដល់អ្នកស្តាប់របស់ទ្រង់ គឺជ្រើសរើសសង់ផ្ទះរបស់ខ្លួននៅលើគ្រឹះរឹងមាំ នៃការស្តាប់បង្គាប់ព្រះអង្គ ឬសង់នៅលើដីខ្យាច់ដែលគ្មានស្ថេរភាព តាមផ្លូវរបស់យើង។
យើងក៏ត្រូវធ្វើការសម្រេចចិត្តផងដែរ។ តើយើងនឹងសង់ជីវិតយើង នៅលើការស្តាប់បង្គាប់ព្រះបន្ទូលព្រះអង្គ ឬសង់នៅលើការមិនស្តាប់បង្គាប់តាមការបង្រៀនរបស់ព្រះអង្គ? ដោយជំនួយរបស់ព្រះវិញ្ញាណបរិសុទ្ធ នោះយើងអាចសម្រេចចិត្តសង់ជីវិតយើង នៅលើព្រះគ្រីស្ទ។—Marvin Williams
តើការដែលព្រះយេស៊ូវបានធ្វើជាគ្រឹះនៃជីវិតអ្នក មានន័យយ៉ាងណាខ្លះសម្រាប់អ្នក? តើព្រះអង្គកំពុងត្រាស់ហៅអ្នក ចូលទៅក្នុងការស្តាប់បង្គាប់កាន់តែខ្លាំងឡើងថែមទៀត ក្នុងផ្នែកណាខ្លះ?
ឱព្រះយេស៊ូវ សូមព្រះអង្គជួយទូលបង្គំ ឲ្យនៅជាប់ក្នុងព្រះអង្គ ដើម្បីកាលណាខ្យល់ព្យុះបក់បោកមក ទូលបង្គំនៅតែពិតត្រង់ចំពោះព្រះអង្គ ដោយជាប់នៅជារៀងរហូត ដោយព្រះគុណព្រះអង្គ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ទំនុកដំកើង ១០៧-១០៩ និង ១កូរិនថូស ៤