ផ្ទះពីរប្រភេទ

អស់អ្នក​ណា​ដែល​ឮពាក្យ​របស់ខ្ញុំ​ទាំងនេះ ហើយ​ប្រព្រឹត្ត​តាម ខ្ញុំ​នឹង​ធៀប​អ្នកនោះ​ដូចជា​មនុស្ស​ប៉ិន​ប្រយ័ត្ន ដែល​សង់ផ្ទះ​ខ្លួន​នៅ​លើ​ថ្ម។ ម៉ាថាយ ៧:២៤

ដើម្បី​ធ្វើតេស្ត​ភាពរឹងមាំ​របស់​ផ្ទះ​ពីរ​ខ្នង វិស្វករ​បាន​ប្រើ​ខ្យល់ព្យុះ​សប្ប​និមិត្ត​ប្រភេទ​ទី៣ ដោយ​ប្រើ​កង្ហា​ដែល​មាន​កម្លាំង​ខ្លាំង ដែល​អាច​បាញ់​ខ្យល់​យ៉ាង​គំហុក ដោយ​ល្បឿន​ប្រហែល​១៦០​គីឡូ​ម៉ែត្រ ក្នុង​រយៈ​ពេល​១០នាទី។ ផ្ទះ​ទីមួយ​ត្រូវ​បាន​គេ​សង់​ឡើង ដោយ​មិន​ប្រើ​ក្បួន​ទប់ទល់​ខ្យល់ព្យុះ ហើយ​ផ្ទះ​មួយទៀត​ត្រូវ​គេ​សង់​ឡើង តាម​ក្បួន​នោះ ដោយ​មាន​ដំបូល និង​គ្រឹះ​រឹងមាំ​ជាងផ្ទះ​ធម្មតា។ ផ្ទះ​ទីមួយ​ក៏បាន​ញ័រ​រញ្ជួយ ហើយ​ទីបំផុត​ក៏បាន​ដួល​រលំ តែ​ផ្ទះ​ទីពីរ​អាច​ធន់​នៅ ដោយមាន​ការខូចខាត​តែ​ផ្នែក​ខាងក្រៅ​បន្តិចបន្តួច។ វិស្វករ​ម្នាក់ ក្នុងចំណោម​វិស្វករ​ទាំងនោះ​ក៏បាន​ធ្វើការ​សង្ខេប​ការសិក្សា​នេះ ដោយ​សួរ​ថា “តើ​អ្នក​ចង់​រស់នៅ ក្នុង​ផ្ទះ​មួយ​ណា​?”

កាល​ព្រះយេស៊ូវ​បង្រៀន​អំពី​តម្លៃ​នៃ​ការរស់នៅ​ជា​រាស្ត្រ​របស់​ព្រះ ព្រះអង្គ​ក៏បាន​បញ្ចប់ ដោយមាន​បន្ទូល​ថា “អស់អ្នក​ណា​ដែល​ឮពាក្យ​របស់ខ្ញុំ​ទាំងនេះ ហើយ​ប្រព្រឹត្ត​តាម ខ្ញុំ​នឹង​ធៀប​អ្នកនោះ​ដូចជា​មនុស្ស​ប៉ិន​ប្រយ័ត្ន ដែល​សង់ផ្ទះ​ខ្លួន​នៅ​លើ​ថ្ម​”(ម៉ាថាយ ៧:២៤)។ ខ្យល់ព្យុះ​ដ៏​កាច់​សាហាវ​បាន​វាយ​ប្រហារ​មក តែ​ផ្ទះ​នោះ​នៅតែ​ឈរ​យ៉ាង​រឹងមាំ។ យ៉ាងណាមិញ មនុស្ស​ដែល​បានឮ​ព្រះបន្ទូល​ហើយ​មិន​ប្រព្រឹត្ត​តាម គឺ​ប្រៀប​ដូចជា​មនុស្ស​ល្ងង់​ដែល​សង់ផ្ទះ​នៅ​លើ​ដីខ្សាច់(ខ.២៦)។ ខ្យល់​ដ៏​កាច​សាហាវ​ក៏បាន​បក់បោក​មក ហើយ​ផ្ទះ​នោះ​ក៏​បាន​រលំ។ ព្រះយេស៊ូវ​ក៏​បាន​ប្រទាន​ជម្រើស​ពីរ​យ៉ាង ដល់​អ្នក​ស្តាប់​របស់​ទ្រង់​ គឺ​ជ្រើស​រើស​សង់ផ្ទះ​របស់​ខ្លួន​នៅ​លើ​គ្រឹះ​រឹងមាំ នៃ​ការ​ស្តាប់​បង្គាប់​ព្រះអង្គ ឬ​សង់​នៅ​លើ​ដី​ខ្យាច់​ដែល​គ្មាន​ស្ថេរ​ភាព តាមផ្លូវ​របស់​យើង។

យើង​ក៏​ត្រូវ​ធ្វើការ​សម្រេចចិត្ត​ផង​ដែរ។ តើ​យើង​នឹង​សង់​ជីវិត​យើង នៅ​លើ​ការ​ស្តាប់​បង្គាប់​ព្រះបន្ទូល​ព្រះអង្គ ឬសង់​នៅ​លើ​ការ​មិន​ស្តាប់​បង្គាប់​តាម​ការ​បង្រៀន​របស់​ព្រះអង្គ? ដោយ​ជំនួយ​របស់​ព្រះវិញ្ញាណ​បរិសុទ្ធ នោះ​យើង​អាច​សម្រេចចិត្ត​សង់​ជីវិត​យើង នៅ​លើ​ព្រះគ្រីស្ទ។—Marvin Williams

តើ​ការដែល​ព្រះយេស៊ូវ​បាន​ធ្វើជា​គ្រឹះ​នៃ​ជីវិត​អ្នក មានន័យ​យ៉ាងណា​ខ្លះ​សម្រាប់​អ្នក? តើ​ព្រះអង្គ​កំពុង​ត្រាស់​ហៅ​អ្នក ចូល​ទៅ​ក្នុង​ការ​ស្តាប់​បង្គាប់​កាន់តែ​ខ្លាំង​ឡើង​ថែមទៀត ក្នុង​ផ្នែក​ណាខ្លះ?

ឱ​ព្រះយេស៊ូវ​ សូម​ព្រះអង្គ​ជួយ​ទូលបង្គំ ឲ្យ​នៅ​ជាប់​ក្នុង​ព្រះអង្គ ដើម្បី​កាលណា​ខ្យល់ព្យុះ​បក់បោក​មក ទូលបង្គំ​នៅតែ​ពិត​ត្រង់​ចំពោះ​ព្រះអង្គ ដោយ​ជាប់​នៅជា​រៀង​រហូត ដោយ​ព្រះគុណ​ព្រះអង្គ។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ទំនុកដំកើង ១០៧-១០៩ និង ១កូរិនថូស ៤

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles