គ្រាន់តែទូលសូម!

តែ​មិនបាន​អ្វី​សោះ ពីព្រោះ​មិន​សូម។ យ៉ាកុប ៤:២

មាន​ពេល​មួយ​ខ្ញុំ​បានឮ​សម្លេង​ស្រែក​ដោយ​អំណរ ចេញពី​បន្ទប់ក្រោមដី។ ភរិយា​ខ្ញុំ ឈ្មោះ សឺ​រលី(Shirley) បាន​ខិតខំ​សរសេរ​ព្រឹត្តិបត្រ អស់​ជាច្រើន​ម៉ោង ហើយ​ចង់​បោះបង់​ការ​ព្យាយាម។ ដោយសារ​ការ​ថប់បារម្ភ និង​ភាព​មិន​ច្បាស់លាស់ អំពីអ្វី​ដែល​ត្រូវ​ធ្វើ​បន្ទាប់​ទៀត នាង​ក៏បាន​អធិស្ឋាន​សូម​ជំនួយ​ពី​ព្រះ។ នាង​ក៏បាន​ស្វែងរក​ជំនួយ​ពី​មិត្ត​ភក្តិ​ក្នុង​ហ្វេសប៊ុក ហើយ​មិនយូរ​ប៉ុន្មាន គម្រោង​ធ្វើ​ព្រឹត្តិបត្រ​នោះ​ក៏បាន​បញ្ចប់ ដោយ​ការងារ​ជា​ក្រុម។

គម្រោង​ធ្វើ​ព្រឹត្តិបត្រ​ជា​រឿង​តូចតាច​ក្នុង​ជីវិត តែ​រឿង​តូច​អាច​នាំឲ្យមាន​ការ​ព្រួយបារម្ភ ឬ​ថប់បារម្ភ។ អ្នក​ប្រហែលជា​ឪពុក​ម្តាយ​ដែល​កំពុង​ដើរកាត់​ដំណាក់កាល​នៃ​ការ​ចិញ្ចឹម​កូន​ ជាលើកដំបូង ឬ​ជា​សិស្ស​កំពុង​ប្រឈមមុខ​ដាក់​បញ្ហា​ប្រឈម​ក្នុង​ការសិក្សា ឬក៏​កំពុង​សោកសង្រេង ដោយសារ​ការបាត់បង់​មនុស្សជា​ទីស្រឡាញ់ ឬមួយ​កំពុង​ជួប​បញ្ហា​ប្រឈម ក្នុង​គ្រួសារ ឬ​ការងារ​ជាដើម។ ជួនកាល យើង​ហាក់ដូចជា​ស្ថិតនៅ​លើ​មាត់ជ្រោះ ដោយ​មិន​ចាំបាច់ ព្រោះ​យើង​មិនបាន​ទូល​សូមឲ្យ​ព្រះ​ជួយ​យើង(យ៉ាកុប ៤:២)។

សាវ័ក​ប៉ុល​ចង្អុលបង្ហាញ​អ្នកដើរតាម​ព្រះយេស៊ូវ​ នៅ​ទីក្រុង​ភីលីព ក៏ដូចជា​យើង​រាល់គ្នា ឲ្យ​ងាក​ទៅ​រក​ការពារ​របស់​ព្រះ ក្នុង​ពេល​ដែល​យើង​ត្រូវការ​ជំនួយ យ៉ាងដូច​នេះ​ថា “កុំ​ឲ្យ​ខ្វល់ខ្វាយ​អ្វី​ឡើយ ចូរ​ទូល​ដល់​ព្រះ ឲ្យ​ជ្រាប​ពី​សេចក្តី​សំណូម​របស់​អ្នករាល់គ្នា​ក្នុង​គ្រប់ការ​ទាំងអស់ ដោយ​សេចក្តី​អធិស្ឋាន និង​ពាក្យ​ទូល​អង្វរ ទាំង​ពោល​ពាក្យ​អរព្រះគុណ​ផង​”(ភីលីព ៤:៦)។ ពេលណា​ជីវិត​យើង​មាន​ភាព​ស្មុគស្មាញ យើង​ត្រូវការ​ការ​រំឭក ដូច​បទចម្រៀង​ទំនុក​សកល “​ព្រះយេស៊ូវ​​ជា​មិត្តសំឡាញ់​ពិត​” ដែល​ច្រៀង​ថា យើងខ្ញុំ​តែងតែ​ខាន​មាន​សុខសាន្ដ ក៏​មានចិត្ត​ព្រួយ​ថប់បារម្ភ គឺ​ពីព្រោះ​តែ​ភ្លេច​អធិស្ឋាន សូមពរ​ពី​ព្រះអង្គ​ឧត្តម។

ហើយ​ពេល​យើង​ទូល​សូមឲ្យ​ព្រះអង្គ​ជួយ ព្រះអង្គ​អាច​ដឹកនាំ​យើង ទៅ​រក​មនុស្ស​ដែល​អាច​ជួយ​យើង​ផង​ដែរ។—Arthur Jackson

តើមាន​បញ្ហា​អ្វី ដែល​អ្នក​កំពុង​ប្រឈមមុខ​ដាក់ ក្នុង​ពេល​សព្វថ្ងៃ ដែល​អ្នក​អាច​ថ្វាយ​ដល់​ព្រះ ដោយ​ការអធិស្ឋាន? តើ​ហេតុអ្វី​អ្នក​ស្ទាក់ស្ទើរ ក្នុង​ការ​ទូល​សូម​ព្រះអង្គ ឬ​អ្នក​ដទៃ ឲ្យ​ជួយ​អ្នក?

ឱ​ព្រះវរបិតា សូម​ព្រះអង្គ​អត់ទោស​ឲ្យ​ទូលបង្គំ ដែល​មិនបាន​អធិស្ឋាន​ទូល​ថ្វាយ​គ្រប់​ទាំង​បញ្ហា ដែល​រាប់បញ្ចូល​ទាំង​បន្ទុក និង​ការភ័យខ្លាច​របស់​ទូលបង្គំ។ សូម​ព្រះអង្គ​ជួយ​ទូលបង្គំ​ឲ្យ​ឈោង​ទៅ​រក​អ្នកដទៃ ហើយ​សូម​ជំនួយ​ពី​គេ​ផង​ដែរ។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ទំនុកដំកើង ១១៩:៨៩-១៧៦ និង ១កូរិនថូស ៨

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles