ឯ​ពួក​អ្នក​ដែល​ទទួល​ពូជ​ក្នុង​ដី​ល្អ គឺ​អស់អ្នក​ដែល​បានឮ​ព្រះបន្ទូល ហើយ​ទទួល រួច​បង្កើត​ផល។ ម៉ាកុស ៤:២០

កាលពី​ឆ្នាំ១៨៧៩ មនុស្ស​ដែល​បាន​មើលឃើញ​អ្វី​ដែល​លោក​វី​លៀម បៀល(William Beal) កំពុង​ធ្វើ មុខ​ជា​គិតថា គាត់​ជា​មនុស្ស​ឆ្កួត​ហើយ។ កាល​នោះ គេ​ឃើញ​លោក​សាស្ត្រាចារ្យ​រុក្ខ​សាស្ត្រ​ម្នាក់​នេះ​យក​គ្រាប់ពូជ​ផ្សេងៗ មក​ច្រក​បាន២៤ដប រួច​កប់​ដប​ទាំងនោះ​ទៅ​ក្រុង​ដី​ក្នុង​ជម្រៅ​ដ៏​ជ្រៅ។ អ្វី​ដែល​ពួក​គេ​មិនបាន​ដឹង​នោះ​គឺ លោក​បៀ​ល​កំពុង​ធ្វើការ​ពិសោធន៍​គ្រាប់​ពូជ ដែលគេ​បាន​បន្ត​អនុវត្ត​តាម​រាប់​សតវត្សរ៍។ រៀង​រាល់​២០​ឆ្នាំ​ម្តង គេ​ក៏បាន​ជីក​យក​ដបមួយ ចេញពី​ក្នុង​ដី ដើម្បី​យក​គ្រាប់ពូជ​មក​ដាំ ដើម្បីឲ្យ​ដឹង​ថា គ្រាប់ពូជ​ណាខ្លះ​នឹង​ដុះឡើង។

ព្រះយេស៊ូវ​បាន​មាន​បន្ទូល​អំពី​ការ​បណ្ដុះ​គ្រាប់ពូជ​ផង​ដែរ ដោយ​ជា​ញឹកញាប់ ព្រះអង្គ​បាន​ប្រដូច​ការ​ព្រោះ​គ្រាប់ពូជ ទៅ​នឹង​ការផ្សាយ​ព្រះបន្ទូល​ព្រះ(ម៉ាកុស ៤:១៥)។ ព្រះអង្គ​បង្រៀន​ថា គ្រាប់ពូជ​ខ្លះ​ត្រូវ​សាតាំង​ឆក់​យក​ទៅបាត់ ខ្លះ​មិនបាន​ចាក់ឫស ហើយ​ខ្លះទៀត​មិន​អាច​លូតលាស់​បាន ដោយសារ​ការ​រាំង​ខ្ទប់​ពី​បរិយាកាស​ជុំវិញ(ខ.១៥-១៩)។ ពេល​យើង​ផ្សាយដំណឹង​ល្អ ​គ្រាប់ពូជ​លូតលាស់​ឬ​អត់ គឺ​មិន​ស្រេច​នៅ​លើ​យើង​ទេ។ ភារកិច្ច​របស់​យើង គឺ​គ្រាន់តែ​សាបព្រោះ​ដំណឹងល្អ ដើម្បី​ប្រាប់​អ្នកដទៃ​អំពី​ព្រះយេស៊ូវ​។ គឺ​ដូចដែល​ព្រះអង្គ​បាន​បង្គាប់​ថា “ចូរ​អ្នករាល់គ្នា​ទៅ​ពេញ​សព្វ​ក្នុង​លោកីយ៍​ទាំងមូល ហើយ​ផ្សាយដំណឹង​ល្អ​ទួទៅ​ដល់​គ្រប់​មនុស្ស​ទាំងអស់​ចុះ​”(១៦:១៥)។

នៅ​ឆ្នាំ២០២១ គេ​បាន​ជីក​ដប​របស់​លោក​បៀល​មួយ​ដប​ទៀត។ អ្នកស្រាវជ្រាវ​បាន​យក​គ្រាប់ពូជ​ក្នុង​ដប​នោះ មក​ដាំ ហើយ​មាន​គ្រាប់ពូជ​ខ្លះ​ក៏បាន​ដុះឡើង បាន​សេចក្តី​ថា គ្រាប់ពូជ​ទាំងនោះ​នៅ​មាន​ជីវិត​រស់​បាន​១៤២ឆ្នាំ​ហើយ។ ខណៈ​ពេល​ដែល​ព្រះ​ទ្រង់​ធ្វើការ​តាមរយៈ​យើង ហើយ​យើង​ចែកចាយ​ជំនឿ​យើង​ដល់​អ្នកដទៃ យើង​មិនដឹង​ថា ព្រះបន្ទូល​ដែល​យើង​បាន​ផ្សាយ​នឹង​ចាក់ឫស​ឬ​អត់ ឬ​ចាក់​ឫស​នៅពេល​ណា​ទេ។ តែ​ចូរ​យើង​មានការ​កម្សាន្ត​ចិត្ត ដោយ​ដឹង​ថា ការ​សាបព្រោះ​ដំណឹងល្អ​របស់​យើង​អាច​មាន​អ្នកទទួល​យក ហើយ​បង្កើត​ផល​ផ្លែ(៤:២០) ទោះ​ពេលវេលា​បាន​កន្លងទៅ​ជាច្រើន​ឆ្នាំ​ហើយក៏​ដោយ។—Kenneth Petersen

ចូរ​យើង​ពិចារណា អំពី​ពេល​ដែល​យើង​បាន​ផ្សាយដំណឹង​ល្អ ដល់​នរណា​ម្នាក់។ តើ​អ្នកនោះ​ឆ្លើយតប​ដូចម្តេច​ខ្លះ?

តើ​អ្នក​បាន​អធិស្ឋាន​ដូចម្តេច​ខ្លះ សម្រាប់​អ្នកនោះ នៅ​ថ្ងៃនេះ?

ឱ​ព្រះ​អម្ចាស់ សូម​ព្រះអង្គ​ប្រទាន​ទូលបង្គំ នូវ​ចិត្តក្លា​ហាន ក្នុង​ការ​ចែកចាយ អំពី​ព្រះយេស៊ូវ​ ដល់​មិត្តភក្ដិ និង​មិត្ត​រួមការ​ងារ​របស់​ទូលបង្គំ។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ទំនុកដំកើង ១២៦-១២៨ និង ១កូរិនថូស ១០:១៩-៣៣