ឥតលែងប្រជុំគ្នា ដូចជាអ្នកខ្លះធ្លាប់នោះឡើយ ត្រូវឲ្យកំឡាចិត្តគ្នាវិញ ឲ្យកាន់តែខ្លាំងឡើងផង តាមដែលឃើញថាថ្ងៃនោះជិតមកដល់ហើយ។ ហេព្រើរ ១០:២៥
ប្រទេសដាណឺម៉ាកស្ថិតក្នុងចំណោម ប្រទេសដែលមានសុភមង្គលបំផុត នៅលើពិភពលោក នេះបើយោងតាមរបាយការណ៍អំពីសុភមង្គលពិភពលោក។ ជនជាតិដាណឺម៉ាកបានឆ្លងកាត់រដូវរងាដែលមានរយៈពេលយូរ និងខ្វះពន្លឺថ្ងៃ ដោយជួបជុំជាមួយញាតិមិត្ត ដើម្បីចែករំលែកភេសជ្ជះក្តៅៗ ឬអាហារ ដោយចិត្តសប្បុរស។ ក្នុងភាសាដាណឺម៉ាក គេបានប្រើពាក្យ ហ៊ូហ្កា(hygge) ដើម្បីពិពណ៌នា អំពីអារម្មណ៍ដ៏កក់ក្តៅ នៅក្នុងពេលដ៏រីករាយនោះ។ ការមានអារម្មណ៍ដ៏កក់ក្តៅដូចនេះ បានជួយពួកគេឲ្យកាត់បន្ថយផលប៉ះពាល់ ដែលបណ្តាលមកពីការមានពន្លឺថ្ងៃតិចជាងតំបន់នៅភាគខាងត្បូងនៃប្រទេសដាណឺម៉ាក។ ចិត្តរបស់ពួកគេក៏បានរីករាយឡើង ដោយការជួបជុំគ្នានៅតុអាហារដ៏សាមញ្ញជាមួយមនុស្សជាទីស្រឡាញ់។
រឿងនេះបានធ្វើឲ្យខ្ញុំនឹកចាំ អំពីអ្នកនិពន្ធកណ្ឌគម្ពីរហេព្រើរ ដែលបានលើកទឹកចិត្តអ្នកជឿ ឲ្យបន្តជួបជុំគ្នាជាសហគមន៍។ គាត់បានទទួលស្គាល់ថា នឹងមានពេលដ៏ពិបាក គឺពិបាកលើសអាកាសធាតុដ៏រងាទៅទៀត ដែលតម្រូវឲ្យអ្នកដើរតាមព្រះគ្រីស្ទ មានការស៊ូទ្រាំក្នុងជំនឿ។ ព្រះយេស៊ូវបានមានបន្ទូលយ៉ាងច្បាស់ អំពីការដែលព្រះទ្រង់ទទួលយើង ពេលដែលទទួលជឿព្រះអង្គសង្រ្គោះ ប៉ុន្តែ យើងប្រហែលជានៅតែតយុទ្ធនឹងភាពអាម៉ាស ការសង្ស័យ ឬការប្រឆាំងជាដើម។ តាមរយៈការជួបជុំគ្នា យើងអាចមានឯកសិទ្ធិ ក្នុងការលើកទឹកចិត្តគ្នាទៅវិញទៅមក។ ពេលណាយើងមានការជួបជុំគ្នា យើងអាចលើកទឹកចិត្តគ្នា “ឲ្យមានសេចក្តីស្រឡាញ់ និងធ្វើការល្អ” ដែលជួយពង្រឹងជំនឿយើង(ហេព្រើរ ១០:២៤)។
ការជួបជុំគ្នាជាមួយញាតិមិត្ត មិនបានធានាថា យើងនឹងក្លាយជាមនុស្សដែលមានសុភមង្គលជាងគេនោះឡើយ។ ទោះជាយ៉ាងណាក៏ដោយ ព្រះគម្ពីរបានចែងថា ការជួបជុំគ្នាមានប្រយោជន៍សម្រាប់ជំនឿរបស់យើង ក្នុងពេលដែលមានទុក្ខលំបាកនៃជីវិត។ នេះជាមូលហេតុដ៏អស្ចារ្យ ដែលយើងត្រូវស្វែងរកការជួបជុំគ្នាជាពួកជំនុំ! ឬបើកទ្វារផ្ទះយើង ស្វាគមន៍គេ តាមរបៀបដ៏សាមញ្ញ ដើម្បីឲ្យចិត្តយើងមានអំណរឡើងទាំងអស់គ្នា។—KIRSTEN HOLMBERG
តើការជួបជុំគ្នា ជាមួយអ្នកដទៃ បានលើកទឹកចិត្តអ្នកយ៉ាងណាខ្លះ? តើមាននរណាខ្លះ ដែលអ្នកអាចលើកទឹកចិត្ត ដោយចិត្តបើកចំហរ?
ឱព្រះអម្ចាស់ ទូលបង្គំសូមអរព្រះគុណព្រះអង្គ ដែលទូលបង្គំអាចលើកទឹកចិត្តអ្នកជឿដទៃទៀត ហើយទទួលការលើកទឹកចិត្តពីពួកគេ ពេលយើងជួបជុំគ្នា។
For further study, read Understanding the Bible: The Letter to the Hebrews at DiscoverySeries.org/Q0427.
គម្រោងអានព្រះគម្ពីរយៈពេល១ឆ្នាំ : ទំនុកដំកើង ១៣៥-១៣៦ និង ១កូរិនថូស ១២