រកឃើញកន្លែងជ្រកកោន

ដ្បិត​ទ្រង់​បាន​ធ្វើជា​ទី​មាំមួន​ដល់​មនុស្ស​កំសត់​ទុគ៌ត ក្នុង​គ្រាដែល​មានទុក្ខ​លំបាក ជាទី​ជ្រកកោន​ឲ្យ​រួចពី​ព្យុះសង្ឃរា។ អេសាយ ២៥:៤

ខ្ញុំ និង​ភរិយា​ខ្ញុំ​ធ្លាប់​ស្នាក់នៅ​ក្នុង​សណ្ឋាគារ​ចាស់​ដ៏​ស្រស់​ស្អាត​មួយ នៅ​មាត់សមុទ្រ​ដែល​មាន​បង្អួច​កញ្ចក់​ធំៗ និង​ជញ្ជាំង​ថ្ន​ក្រាស់ៗ។ នៅពេល​រសៀល​ថ្ងៃមួយ មាន​ខ្យល់ព្យុះ​មួយ​បាន​វាយប្រហារ​មក​លើ​តំបន់​នោះ ធ្វើឲ្យ​សមុទ្រ​មាន​ទឹក​រលក​ធំៗ ហើយ​ខ្យល់បក់​បោក​មក​ត្រូវ​បង្អួច​បន្ទប់​យើង ដូច​គេ​វាយ​សន្ធាប់​ទ្វារ​ទាំង​កំហឹង។ តែ​យើង​នៅតែ​មាន​សន្តិភាព​ក្នុង​ចិត្ត។ ជញ្ចាំង​ទាំង​នោះ​រឹងប៉ឹង​ណាស់ ហើយ​គ្រឹះ​របស់​សណ្ឋាគារ​ក៏​មាំមួន​ណាស់​ដែរ! ខណៈ​ពេល​ដែល​ខ្យល់ព្យុះ​កំពុងតែ​បញ្ចេញ​កំហឹង​នៅ​ខាងក្រៅ​ បន្ទប់​របស់​យើង​ជា​កន្លែងជ្រក​កោន​ដ៏​សុខសាន្ត។

ការ​និយាយ​អំពី​កន្លែងជ្រក​កោន គឺជា​ប្រធានបទ​ដ៏​សំខាន់ ក្នុង​ព្រះគម្ពីរ ដោយ​ព្រះ​ទ្រង់​ផ្ទាល់​ជា​កន្លែងជ្រក​កោន​ដែល​សុខ​សាន្ត​បំផុត។ គឺ​ដូចដែល​ហោរា​អេសាយ​បាន​ថ្លែង​ថា “ដ្បិត​ទ្រង់​បាន​ធ្វើជា​ទី​មាំមួន​ដល់​មនុស្ស​កំសត់​ទុគ៌ត ក្នុង​គ្រាដែល​មានទុក្ខ​លំបាក ជាទី​ជ្រកកោន​ឲ្យ​រួចពី​ព្យុះសង្ឃរា ជា​ម្លប់​បាំង​កំ​ដៅ”(អេសាយ ២៥:៤)។ ម្យ៉ាងទៀត រាស្រ្ត​របស់​ព្រះ​ក៏បាន​ផ្តល់​ទីជ្រកកោន ដល់​អ្នក​ដែល​ត្រូវការ​ផង​ដែរ ទោះ​នោះ​ជាទី​ក្រុង​ពំនាក់​នៅ​សម័យ​បុរាណ (ជនគណនា ៣៥:៦) ឬជា​ការ​ស្វាគមន៍​ដល់ “ជនបរទេស” ដែល​ត្រូវការ​ជម្រក​ក្តី(ចោទិយកថា ១០:១៩)។ សព្វថ្ងៃ​នេះ យើង​នៅតែ​អាច​ប្រើ​គោលការណ៍​ដដែល​នេះ ពេលណា​វិបត្តិ​មនុស្សធម៌​បាន​កើតឡើង ក្នុង​ពិភពលោក​នេះ។ ក្នុង​ពេល​បែប​នោះ យើង​អាច​អធិស្ឋាន​សូម​ព្រះ​នៃ​ទីជ្រកកោន ប្រើ​យើង ជា​រាស្រ្ត​ព្រះអង្គ ឲ្យ​ជួយ​ជន​ងាយ​រងគ្រោះ ឲ្យ​រក​ឃើញ​កន្លែង​សុវត្ថិភាព។

ខ្យល់ព្យុះ​ដែល​បាន​បក​បោក​ប៉ះ​សណ្ឋាគារ​ដែល​ពួក​ខ្ញុំ​បាន​ស្នាក់នៅ ក៏បាន​ស្ងប់​ទៅវិញ​នៅពេល​ព្រឹក​ថ្ងៃបន្ទាប់ ដោយ​បន្សល់ទុក នូវ​ទេសភាព​សមុទ្រ​ដ៏​ស្ងប់ស្ងាត់ និង​ពន្លឺ​ព្រះអាទិត្យ​ដ៏​កក់ក្តៅ ដែល​ធ្វើឲ្យ​សត្វ​រំពេ​ហោះ​ហើរ​លើ​វេ​ហារ យ៉ាង​រីករាយ។ វា​ជា​ទិដ្ឋភាព​ដែល​ខ្ញុំ​បាន​នឹកឃើញ នៅពេល​ដែល​ខ្ញុំ​គិត អំពី​អ្នក​ដែល​កំពុង​ជួប​គ្រោះ​ធម្មជាតិ ឬកំពុង​រត់គេច ពី​របប “ដ៏​កាច​សាហាវ” (អេសាយ ២៥:៤) ហើយក៏​នឹក​ចាំ​ថា ព្រះ​នៃ​ទីជ្រកកោន​នឹង​ប្រទាន​កម្លាំង ឲ្យ​យើង​អាច​ជួយ​ពួក​គេ​រក​ឃើញ​កន្លែង​សុវត្ថិភាព នៅពេល​បច្ចុប្បន្ន និង​នៅ​ថ្ងៃស្អែក​ដ៏​ភ្លឺស្វាង។—SHERIDAN VOYSEY

តើ​អ្នក​បាន “ជ្រកកោន” នៅក្នុង​ព្រះ ឬរក​ឃើញ​កន្លែងជ្រក​កោន​នោះ តាមរយៈ​រាស្រ្ត​ព្រះអង្គ នៅពេល​ណា? តើ​អ្នក​អាច​រួម​ចំណែក នៅក្នុង​ការ​ជួយ​អ្នក​ដែល​កំពុង​ជួប​រឿង​វិបត្តិ​នៅ​ថ្ងៃនេះ យ៉ាងដូច​ម្តេច​ខ្លះ?

ឱព្រះ​នៃ​ទីជ្រកកោន សូម​ព្រះអង្គ​ប្រទាន​កម្លាំង​ទូលបង្គំ ជា​កូន​ព្រះអង្គ ដើម្បីឲ្យ​ទូលបង្គំ​អាច​ជួយ​ជន​ទុរគត ដែល​ត្រូវការ​កន្លែងជ្រក​កោន និង​ក្តី​សង្ឃឹម។

គម្រោងអានព្រះគម្ពីរយៈពេល១ឆ្នាំ : សុភាសិត ១-២ និង ១កូរិនថូស ១៦

Share this post:
Facebook
Twitter
LinkedIn
WhatsApp

More articles