ពួកសាសន៍យូដាក៏សំរេចនឹងធ្វើតាម ដូចជាគេបានចាប់តាំងធ្វើមកហើយ គឺដូចជាម៉ាដេកាយបានសរសេរផ្ញើមកដែរ។ នាងអេសធើរ ៩:២៣
បន្ទាប់ពីអធិរាជ ខុនស្ទិនធីន (Constantine ឆ្នាំ២៧២-៣៣៧) នៃចក្រភពរ៉ូម៉ាំង បានទទួលជឿព្រះយេស៊ូវ ទ្រង់ក៏បានធ្វើការកែទម្រង់ ដែលនាំឲ្យមានការបញ្ឈប់ការបៀតបៀនជាប្រព័ន្ធមកលើគ្រីស្ទបរិស័ទ។ ទ្រង់ក៏បានឲ្យគេចាប់ផ្តើមបង្កើតប្រតិទិន ដែលយើងបន្តប្រើរហូតមកដល់ពេលសព្វថ្ងៃ ដោយបែងចែកប្រវត្តិសាស្ត្រទៅជា មុនគ្រីស្ទសករាជ (BC = Before Christ, មុនកំណើតព្រះគ្រីស្ទ) និងគ្រីស្ទសករាជ (AD anno Domini , ក្នុងសម័យនៃព្រះអម្ចាស់)។
ក្រោយមក អ្នកមិនជឿព្រះមួយចំនួនក៏បានកែប្រែប្រព័ន្ធប្រតិទិននេះ មិនឲ្យមានជាប់ព្រះនាមព្រះយេស៊ូវ ហើយក៏បាននាំឲ្យគេផ្លាស់ប្តូរគ្រីស្ទសករាជ ទៅជា សករាជធម្មតា (CE : Common Era) និងប្តូរមុនគ្រីស្ទសករាជ ទៅជា មុនសករាជធម្មតា(BCE : before the Common Era)។ អ្នកខ្លះបានចង្អុលបង្ហាញថា ទង្វើនេះស្ថិតក្នុងចំណោម ក្នុងការព្យាយាមរបស់លោកិយ ដើម្បីដកព្រះយេស៊ូវ ចេញពីប្រវត្តិសាស្ត្រពិភពលោក។
ប៉ុន្តែ ព្រះអង្គគង់នៅដដែល។ ទោះគេចង់ប្រើសករាជអ្វីក៏ដោយ ក៏ប្រតិទិនពិភពលោកនៅតែមាន ភាពពិតនៃព្រះជន្មគង់នៅរបស់ព្រះយេស៊ូវ ជាចំណុចកណ្តាលដដែល។
កណ្ឌគម្ពីរនាងអេសធើរមានលក្ខណៈចម្លែកពីកណ្ឌផ្សេង ដោយសារកណ្ឌនេះមិនបាននិយាយអំពីព្រះ ដោយផ្ទាល់។ តែរឿងដែលកណ្ឌគម្ពីរនេះបានចែង ស្ថិតក្នុងចំណោមរឿងនៃការរំដោះដែលព្រះប្រទានរាស្រ្តទ្រង់។ នៅសម័យនោះ គេបានបណ្តេញជនជាតិយូដាចេញពីស្រុកកំណើតរបស់ខ្លួន ហើយត្រូវរស់នៅក្នុងប្រទេសដទៃដែលគេមិនខ្វល់អំពីព្រះអង្គ។ មាននាម៉ឺនដ៏មានអំណាចម្នាក់ចង់សម្លាប់ពួកគេផ្តាច់ពូជ(នាងអេសធើរ ៣:៨-៩,១២-១៤)។ ប៉ុន្តែ តាមរយៈនាងអេសធើរ ដែលជាម្ចាស់ក្សត្រីរបស់ពួកគេ និងបងជីដូនមួយរបស់នាង ឈ្មោះម៉ាដេកាយ ព្រះទ្រង់ក៏បានរំដោះរាស្រ្តព្រះអង្គ ហើយជនជាតិយូដាបាននឹកចាំអំពីការរំដោះនេះ ដោយប្រារព្ធពិធីបុណ្យពូរីមរហូតមកដល់ពេលសព្វថ្ងៃ(៩:២០-៣២)។
ទោះលោកិយសម្រេចចិត្តឆ្លើយតបចំពោះព្រះអង្គ យ៉ាងដូចម្តេចក៏ដោយ ក្នុងពេលសព្វថ្ងៃនេះ ព្រះយេស៊ូវបានផ្លាស់ប្តូរអ្វីៗគ្រប់យ៉ាង។ ព្រះអង្គបាននាំយើងចូលទៅក្នុងសករាជដែលមិនធម្មតា ដែលមានពេញដោយក្តីសង្ឃឹម និងព្រះបន្ទូលសន្យាដ៏ពិត។ អ្វីដែលយើងត្រូវធ្វើនោះ គឺត្រូវមើលជុំវិញខ្លួនយើង។ យើងនឹងឃើញព្រះអង្គ។—TIM GUSTAFSON
តើអ្នកមានប្រតិកម្មយ៉ាងណា នៅពេលដែលមនុស្សដកព្រះនាមព្រះចេញ? តើអ្នកបានមើលឃើញព្រះអង្គ យ៉ាងដូចម្តេចខ្លះ ក្នុងពេលសព្វថ្ងៃនេះ?
ឱព្រះវរបិតា ទូលបង្គំសូមអរព្រះគុណព្រះអង្គ សម្រាប់ការផ្លាស់ប្តូរប្រវត្តិសាស្ត្រ តាមរយៈព្រះរាជបុត្រាព្រះអង្គ ព្រះនាមយេស៊ូវ។
គម្រោងអានព្រះគម្ពីរយៈពេល១ឆ្នាំ : សុភាសិត ៨-៩ និង ២កូរិនថូស ៣