ផ្ទះដែលបាក់បែកទាស់គ្នាឯង

អស់ទាំង​ក្រុង​ណា ឬ​ផ្ទះ​ណា​ដែល​បែក​ទាស់​តែ​គ្នាឯង នោះ​នឹង​នៅ​ស្ថិតស្ថេរ​ពុំ​បានទេ។ ម៉ាថាយ ១២:២៥

កាលពី​ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ១៨៥៨ ក្នុងនាម​លោក​អ័​ប្រា​ហាំ លិ​នខិន(Abraham Lincoln) ជា​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត ជ្រើសរើស​សមាជិកព្រឹទ្ធសភា​អាមេរិក មក​ពី​រដ្ឋ​អ៊ី​លី​នយ គាត់​បាន​ឡើង​ថ្លែង​សន្ទរកថា ដ៏​ល្បីល្បាញ អំពី​ផ្ទះ​ដែល​បែក​ទាស់គ្នា​ឯង ដើម្បី​និយាយ​សង្កត់ធ្ងន់ អំពី​ភាព​តានតឹង​រវាង​ភាគី​ដែល​មាន​ជម្លោះ​ក្នុង​សង្គ្រាម​ស៊ីវិល នៅ​សហរដ្ឋ​អាមេរិក ដោយសារ​បញ្ហា​ទាសករ។ សន្ទរកថា​នោះ​បាន​ធ្វើឲ្យ​ប៉ះពាល់​ចិត្ត​មិត្តភក្ដិ និង​សត្រូវ​របស់​លោក​លីនខិន។ លោក​លី​នខិន​យល់​ឃើញថា គាត់​ចាំបាច់​ត្រូវ​លើក​យក​ពាក្យ​ប្រៀបប្រដូច អំពី “ផ្ទះ​ដែល​បែក​ទាស់គ្នា​ឯង” ដែល​ព្រះយេស៊ូវ​​បាន​មាន​បន្ទូល ក្នុង​បទ​គម្ពីរ​ម៉ាថាយ ១២:២៥ ពីព្រោះ​នៅ​អាមេរិក ពាក្យ​ប្រៀប​ប្រដូច​នេះ មាន​គេ​ស្គាល់​យ៉ាង​ទូលំទូលាយ ហើយក៏​ងាយ​យល់​ផង។ គាត់​ប្រើ​ពាក្យ​ប្រៀបប្រដូច​នេះ ដើម្បី​ដាស់តឿន​ចិត្ត​របស់​ជនជាតិ​អាមេរិក ឲ្យបាន​ដឹង អំពី​វិនាសកម្ម​នៃ​សង្គ្រាម​ស៊ីវិល នៅ​សម័យ​នោះ”។

ផ្ទះ​ដែល​មានការ​បែក​ទាស់គ្នា​ឯង មិន​អាច​ឈរ​នៅ​បាន តែ​ផ្ទះ​ដែល​មានការ​រួបរួម​អាច​ឈរ​យ៉ាង​មាំមួន។ ព្រះ​ទ្រង់​បាន​រៀប​ចំ​មហា​គ្រួសារ​របស់​ព្រះអង្គ ឲ្យ​មានការ​រួបរួម​ដូចនោះ​ឯង(អេភេសូរ ២:១៩)។ ពួក​ជំនុំ​របស់​ព្រះ​មាន​មនុស្ស​ដែល​មាន​ប្រវត្តិ​ផ្សេងគ្នា ហើយ​បាន​ផ្សះផ្សា​ឲ្យ​ជា​នឹង​ព្រះ តាមរយៈ​ការ​សុគត​របស់​ព្រះយេស៊ូវ​​ នៅ​លើ​ឈើឆ្កាង (ខ.១៤-១៦)។ ផ្អែក​ទៅលើ​សេចក្តី​ពិត​នេះ (មើល​អេភេសូរ ៣) សាវ័ក​ប៉ុល​បាន​បង្គាប់​ដល់​អ្នកជឿ​ព្រះយេស៊ូវ​​ឲ្យ “ខំប្រឹង​រក្សា​សេចក្តី​រួបរួម​គ្នា​របស់​ព្រះវិញ្ញាណ ដោយ​សេចក្តី​មេត្រី ទុកជា​ចំណង”(៤:៣)។

សព្វថ្ងៃ​នេះ ពេលណា​ភាព​តានតឹង​កើនឡើង ដែល​នាំឲ្យមាន​ការ​បែកបាក់​គ្នា ក្នុង​គ្រួសារ និង​ពួក​ជំនុំ ព្រះ​ទ្រង់​អាច​ប្រទាន​ប្រាជ្ញា និង​កម្លាំង ដែល​យើង​ត្រូវការ ដើម្បី​រក្សា​ការ​រួបរួម ដោយ​ជំនួយ​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ។ ការ​នេះ​នឹង​បណ្តាល​ចិត្ត​យើង​ឲ្យ​ធ្វើជា​ពន្លឺ ក្នុង​ភាព​ងងឹត ក្នុង​លោកិយ​ដែល​បាក់បែក។—ARTHUR JACKSON

តើ​ព្រះ​ទ្រង់​អាច​ប្រើ​អ្នក ឲ្យ​ធ្វើជា​អ្នកផ្សះផ្សា​ក្នុង​គ្រួសារ ដោយ​របៀបណា? តើមាន​ខគម្ពីរ​អ្វី ដែល​ជួយ​អ្នកផ្សះផ្សា​ភាព​តានតឹង និង​ភាព​ប្រេះឆា​ក្នុង​ទំនាក់ទំនង?

ឱ​ព្រះយេស៊ូវ​​ សូម​ព្រះអង្គ​ប្រទាន​ទូលបង្គំ នូវ​ប្រាជ្ញា ចិត្តក្លា​ហាន និង​កម្លាំង ដើម្បី​រស់នៅ តាមរបៀប​ដែល​នាំឲ្យមាន​ការ​រួបរួម ក្នុងចំណោម​មនុស្ស​ទាំងអស់។

គម្រោងអានព្រះគម្ពីរយៈពេល១ឆ្នាំ : សុភាសិត ១៩-២១ និង ២កូរិនថូស ៧

Share this post:
Facebook
Twitter
LinkedIn
WhatsApp

More articles