សូមឲ្យរាជ្យទ្រង់បានមកដល់ សូមឲ្យព្រះហឫទ័យទ្រង់បានសំរេចនៅផែនដី ដូចនៅស្ថានសួគ៌ដែរ។ ម៉ាថាយ ៦:១០
ពេលដែលខ្សែភាពយន្តរបស់ជនជាតិអង់គ្លេស មានចំណងជើងថា កាតព្វកិច្ចការពារប្រជាជន បានឈានចូលដល់ភាគបញ្ចប់ ទស្សនិកជនចង់ដឹងថា ការប្រយុទ្ធប្រឆាំងនឹងក្រុមឧក្រិដ្ឋជននឹងមានលទ្ធផលដូចម្តេច នៅចុងបញ្ចប់។ តែទស្សនិកជនជាច្រើនមានការខកចិត្តយ៉ាងខ្លាំង ពេលដែលភាគបញ្ចប់បានបង្ហើបឲ្យដឹងថា ការអាក្រក់នឹងឈ្នះការល្អ នៅទីបញ្ចប់។ អ្នកគាំទ្រម្នាក់បាននិយាយថា គាត់ចង់ឲ្យគេចាប់តួអង្គដែលជាមនុស្សអាក្រក់ យកទៅកាត់ទោស។ គាត់ចង់ឲ្យរឿងនេះមានការបញ្ចប់ដ៏ត្រឹមត្រូវ។
លោកភីធ័រ បឺហ្គ័រ(Peter Berger) ជាអ្នកជំនាញផ្នែកសង្គមវិទ្យា បានកត់សំគាល់ឃើញថា យើងស្រេកឃ្លានចង់បានក្តីសង្ឃឹម និងយុត្តិធម៌ គឺសង្ឃឹមថា ការអាក្រក់នឹងទទួលបរាជ័យ ហើយអ្នកធ្វើការអាក្រក់នឹងទទួលទោស។ ពិភពលោកដែលមនុស្សអាក្រក់ជាអ្នកឈ្នះ គឺបានប្រាសចាកផ្នត់គំនិតរបស់យើង ដែលចូលចិត្តគិតថា ការល្អគួរតែឈ្នះការអាក្រក់ ក្នុងពិភពលោកនេះ។ អ្នកគាំទ្រដែលកំពុងមានការខកចិត្តនោះ កំពុងតែបង្ហាញចេញនូវការស្រេកឃ្លានរបស់មនុស្សជាតិ ដោយមិនដឹងខ្លួន គឺស្រេកឃ្លានចង់ឲ្យពិភពលោកមានភាពត្រឹមត្រូវឡើងវិញ។
ក្នុងសេចក្តីអធិស្ឋានរបស់ព្រះអម្ចាស់ ព្រះយេស៊ូវបានមានបន្ទូលអំពីភាពពិតនៃការអាក្រក់។ ការអាក្រក់មិនគ្រាន់តែកើតមានរវាងមនុស្សនិងមនុស្ស ដែលតម្រូវឲ្យមានការអត់ទោសប៉ុណ្ណោះទេ(ម៉ាថាយ ៦:១២) ប៉ុន្តែ ថែមទាំងតម្រូវឲ្យមានការរំដោះ ឲ្យរួចពីការអាក្រក់ទ្រង់ទ្រាយធំទៀតផង(ខ.១៣)។ ទោះជាយ៉ាងណាក៏ដោយ ព្រះអង្គបានបង្ហាញភាពពិតនៃការអាក្រក់ គឺដើម្បីឲ្យយើងមានសង្ឃឹមឡើង។ នគរស្ថានសួគ៌ជាកន្លែងដែលគ្មានការអាក្រក់ ហើយនគរស្ថានសួគ៌កំពុងចុះមកដល់ផែនដី(ខ.១០)។ ថ្ងៃមួយ ព្រះទ្រង់នឹងជំនុំជម្រះដោយយុត្តិធម៌ នៅគ្រាចុងក្រោយ ហើយការអាក្រក់នឹងលែងមានទៀត(វិវរណៈ ២១:៤)។
ដូចនេះ ពេលណាមនុស្សអាក្រក់ឈ្នះ ហើយការខកចិត្តកើតមាន សូមយើងចាំថា ដរាបដល់ពេលដែលបំណងព្រះទ័យព្រះបានសម្រេច “នៅលើផែនដីដូចនៅស្ថានសួគ៌” នោះយើងនៅតែមានសង្ឃឹមជានិច្ច ព្រោះរឿងរបស់មនុស្សអាក្រក់មិនទាន់ចប់នៅឡើយទេ។—SHERIDAN VOYSEY
ហេតុអ្វីយើងស្រេកឃ្លានក្តីសង្ឃឹម និងយុត្តិធម៌? តើការអធិស្ឋានតាមលំនាំសេចក្តីអធិស្ឋានរបស់ព្រះអម្ចាស់ នឹងជួយយើងឲ្យប្រឈមមុខដាក់ការអាក្រក់ និងការខកចិត្តយ៉ាងដូចម្តេចខ្លះ?
ឱព្រះវរបិតាដែលគង់នៅស្ថានសួគ៌ សូមឲ្យរាជ្យទ្រង់បានមកដល់ សូមឲ្យព្រះហឫទ័យទ្រង់បានសំរេចនៅផែនដី ដូចនៅស្ថានសួគ៌ដែរ។
For further study, read Living Justly, Loving Mercy at DiscoverySeries.org/Q0750.
គម្រោងអានព្រះគម្ពីរយៈពេល១ឆ្នាំ : បទចម្រៀងសាឡូម៉ូន ១-៣ និង កាឡាទី ២