រឿងនោះមិនទាន់ចប់នៅឡើយទេ

សូមឲ្យ​រាជ្យ​ទ្រង់​បាន​មកដល់ សូមឲ្យ​ព្រះហឫទ័យ​ទ្រង់​បាន​សំរេច​នៅ​ផែនដី ដូច​នៅ​ស្ថានសួគ៌​ដែរ។ ម៉ាថាយ ៦:១០

ពេល​ដែល​ខ្សែភាពយន្ត​របស់​ជនជាតិ​អង់គ្លេស មាន​ចំណងជើង​ថា កាតព្វកិច្ច​ការពារ​ប្រជាជន បាន​ឈាន​ចូល​ដល់​ភាគ​បញ្ចប់ ទស្សនិកជន​ចង់​ដឹង​ថា ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ក្រុម​ឧក្រិដ្ឋជន​នឹង​មាន​លទ្ធផល​ដូចម្តេច នៅ​ចុងបញ្ចប់។ តែ​ទស្សនិកជន​ជាច្រើន​មានការ​ខកចិត្ត​យ៉ាង​ខ្លាំង ពេល​ដែល​ភាគ​បញ្ចប់​បាន​បង្ហើប​ឲ្យដឹង​ថា ការ​អាក្រក់​នឹង​ឈ្នះ​ការ​ល្អ នៅទីបញ្ចប់។ អ្នកគាំទ្រ​ម្នាក់​បាន​និយាយ​ថា គាត់​ចង់​ឲ្យ​គេ​ចាប់​តួអង្គ​ដែល​ជា​មនុស្ស​អាក្រក់ យក​ទៅកាត់​ទោស។ គាត់​ចង់​ឲ្យ​រឿង​នេះ​មានការ​បញ្ចប់​ដ៏​ត្រឹមត្រូវ។

លោក​ភី​ធ័រ បឺហ្គ័រ(Peter Berger) ជា​អ្នកជំនាញ​ផ្នែក​សង្គមវិទ្យា បាន​កត់សំគាល់​ឃើញថា យើង​ស្រេកឃ្លាន​ចង់បាន​ក្តី​សង្ឃឹម និង​យុត្តិធម៌ គឺ​សង្ឃឹមថា ការ​អាក្រក់​នឹង​ទទួលបរាជ័យ ហើយ​អ្នក​ធ្វើការ​អាក្រក់​នឹង​ទទួលទោស។ ពិភពលោក​ដែល​មនុស្ស​អាក្រក់​ជា​អ្នកឈ្នះ គឺ​បាន​ប្រាសចាក​ផ្នត់គំនិត​របស់​យើង ដែល​ចូលចិត្ត​គិតថា  ការ​ល្អ​គួរតែ​ឈ្នះ​ការ​អាក្រក់ ក្នុង​ពិភពលោក​នេះ។ អ្នកគាំទ្រ​ដែល​កំពុង​មានការ​ខកចិត្ត​នោះ កំពុងតែ​បង្ហាញ​ចេញ​នូវ​ការស្រេកឃ្លាន​របស់​មនុស្សជាតិ ដោយ​មិនដឹង​ខ្លួន គឺ​ស្រេកឃ្លាន​ចង់​ឲ្យ​ពិភពលោក​មាន​ភាព​ត្រឹមត្រូវ​ឡើងវិញ។

ក្នុង​សេចក្តី​អធិស្ឋាន​របស់​ព្រះអម្ចាស់ ព្រះយេស៊ូវ​​បាន​មាន​បន្ទូល​អំពី​ភាព​ពិត​នៃ​ការ​អាក្រក់។ ការ​អាក្រក់​មិនគ្រាន់​តែ​កើតមាន​រវាង​មនុស្ស​និង​មនុស្ស ដែល​តម្រូវឲ្យ​មានការ​អត់ទោស​ប៉ុណ្ណោះទេ(ម៉ាថាយ ៦:១២) ប៉ុន្តែ ថែមទាំង​តម្រូវឲ្យ​មានការ​រំដោះ ឲ្យ​រួចពី​ការ​អាក្រក់​ទ្រង់ទ្រាយ​ធំ​ទៀត​ផង(ខ.១៣)។ ទោះជា​យ៉ាងណា​ក៏ដោយ ព្រះអង្គ​បាន​បង្ហាញ​ភាព​ពិត​នៃ​ការ​អាក្រក់ គឺ​ដើម្បីឲ្យ​យើង​មាន​សង្ឃឹម​ឡើង។ នគរ​ស្ថានសួគ៌​ជា​កន្លែង​ដែល​គ្មាន​ការ​អាក្រក់ ហើយ​នគរ​ស្ថានសួគ៌​កំពុង​ចុះ​មកដល់​ផែនដី(ខ.១០)។ ថ្ងៃមួយ ព្រះ​ទ្រង់​នឹង​ជំនុំជម្រះ​ដោយ​យុត្តិធម៌ នៅ​គ្រាចុងក្រោយ ហើយ​ការ​អាក្រក់​នឹង​លែង​មាន​ទៀត(វិវរណៈ ២១:៤)។

ដូចនេះ ពេលណា​មនុស្ស​អាក្រក់​ឈ្នះ ហើយ​ការ​ខកចិត្ត​កើតមាន សូម​យើង​ចាំ​ថា ដរាបដល់​ពេល​ដែល​បំណង​ព្រះទ័យ​ព្រះ​បានសម្រេច “នៅ​លើ​ផែនដី​ដូច​នៅ​ស្ថានសួគ៌​” នោះ​យើង​នៅតែ​មាន​សង្ឃឹម​ជានិច្ច ព្រោះ​រឿង​របស់​មនុស្ស​អាក្រក់​មិនទាន់​ចប់​នៅឡើយ​ទេ។—SHERIDAN VOYSEY

ហេតុអ្វី​យើង​ស្រេកឃ្លាន​ក្តី​សង្ឃឹម និង​យុត្តិធម៌? តើ​ការអធិស្ឋាន​តាម​លំនាំ​សេចក្តី​អធិស្ឋាន​របស់​ព្រះអម្ចាស់ នឹង​ជួយ​យើង​ឲ្យ​ប្រឈមមុខ​ដាក់​ការ​អាក្រក់ និង​ការ​ខកចិត្ត​យ៉ាងដូច​ម្តេច​ខ្លះ?

ឱព្រះវរបិតា​ដែល​គង់នៅ​ស្ថានសួគ៌ សូមឲ្យ​រាជ្យ​ទ្រង់​បាន​មកដល់ សូមឲ្យ​ព្រះហឫទ័យ​ទ្រង់​បាន​សំរេច​នៅ​ផែនដី ដូច​នៅ​ស្ថានសួគ៌​ដែរ។

For further study, read Living Justly, Loving Mercy at DiscoverySeries.org​/Q0750.

គម្រោងអានព្រះគម្ពីរយៈពេល១ឆ្នាំ : បទចម្រៀង​សាឡូម៉ូន ១-៣ និង កាឡាទី ២

 

Share this post:
Facebook
Twitter
LinkedIn
WhatsApp

More articles