ឈ្មោះឯងមិនត្រូវហៅថា អាប់រ៉ាមទៀតទេ គឺត្រូវហៅថា អ័ប្រាហាំវិញ ដ្បិតអញបានតាំងឯងឲ្យធ្វើជាឪពុកនៃសាសន៍ជាច្រើន។ លោកុប្បត្ដិ ១៧:៥
លោករ៉ានជីត(Ranjit) បានព្យាយាមរាប់រកក្មេងអនាថាមួយចំនួន នៅតាមដងផ្លូវ នៃទីក្រុងមុមបៃ ប្រទេសឥណ្ឌា។ គាត់ក៏បាននិពន្ធបទចម្រៀងមួយបទ ដែលរៀបរាប់ឈ្មោះរបស់ពួកគេ។ គាត់បាននិពន្ធបទភ្លេងដ៏ពិសេស សម្រាប់ឈ្មោះនីមួយៗ ដោយបង្រៀនពួកគេឲ្យចេះច្រៀងបទចម្រៀងនោះ ដោយសង្ឃឹមថា ពួកគេនឹងមានការចងចាំវិជ្ជមាន ទាក់ទងនឹងឈ្មោះរបស់ពួកគេ។ សម្រាប់ក្មេងៗដែលមិនបានឮគេហៅឈ្មោះគាត់ ដោយសេចក្តីស្រឡាញ់ ជាទៀងទាត់ នោះគាត់ក៏បានផ្តល់ឲ្យពួកគេ នូវអំណោយនៃការគោរព។
ឈ្មោះមានសារៈសំខាន់នៅក្នុងព្រះគម្ពីរ ដែលជាញឹកញាប់ ឈ្មោះបានឆ្លុះបញ្ចាំងអំពីចារិកលក្ខណៈ ឬតួនាទីថ្មីរបស់បុគ្គលណាម្នាក់។ ព្រះទ្រង់បានផ្លាស់ប្តូរឈ្មោះរបស់លោកអាប់រ៉ាម និងអ្នកស្រីសារ៉ាយ ពេលដែលព្រះអង្គតាំងសេចក្តីសញ្ញានៃសេចក្តីស្រឡាញ់ ជាមួយពួកគេ ដោយសន្យាថា ព្រះអង្គនឹងធ្វើជាព្រះរបស់ពួកគេ ហើយពួកគេធ្វើជារាស្រ្តព្រះអង្គ។ ឈ្មោះអាប់រ៉ាម ដែលមានន័យថា “ឪពុកដែលបានលើកដំកើង” បានប្រែក្លាយជាអ័ប្រាហាំវិញ ដែលមានន័យថា “ឪពុករបស់មនុស្សជាច្រើន”។ ហើយឈ្មោះសារ៉ាយ ដែលមានន័យថា ព្រះនាង ក៏បានក្លាយជាសារ៉ាវិញ ដែលមានន័យថា ព្រះនាងរបស់មនុស្សជាច្រើន (មើលលោកុប្បត្តិ ១៧:៥,១៥)។
ឈ្មោះថ្មី ដែលព្រះអង្គប្រទានពួកគេ ក៏បានរាប់បញ្ចូលព្រះបន្ទូលសន្យាប្រកបដោយព្រះគុណព្រះអង្គថា ពួកគេនឹងឈប់រស់នៅជាមនុស្សអាទៀត។ ពេលដែលនាងសារ៉ាប្រសូតបានកូនប្រុសមួយ ពួកគេមានអំណរជាពន់ពេក ហើយក៏បានដាក់ឈ្មោះឲ្យកូននោះថា អ៊ីសាក់ ដែលមានន័យថា “មនុស្សសើច” ហើយនាងសារ៉ាក៏បានពោលថា “ព្រះទ្រង់បានធ្វើឲ្យអញសើច ហើយអស់អ្នកណាដែលឮ ក៏នឹងសើចជាមួយនឹងអញដែរ”(លោកុប្បត្តិ ២១:៦)។
យើងផ្តល់កិត្តិយស និងការគោរពដល់អ្នកដទៃ ពេលដែលយើងហៅឈ្មោះពួកគេ ហើយបញ្ជាក់ថា ព្រះទ្រង់បានបង្កើតពួកគេឲ្យ រស់នៅជាមនុស្សប្រភេទណា។ ឈ្មោះហៅក្រៅ ដែលយើងហៅដោយក្តីស្រឡាញ់ ហើយបញ្ជាក់ អំពីលក្ខណៈពិសេសនៃមនុស្សដែលព្រះបានបង្កើត ឲ្យមានរូបភាពដូចព្រះអង្គ ក៏អាចបង្ហាញនូវការគោរពផងដែរ។—AMY BOUCHER PYE
តើឈ្មោះរបស់អ្នកមានន័យយ៉ាងណាចំពោះអ្នក? តើនៅពេលណា អ្នកបានឃើញឈ្មោះរបស់មនុស្សក្នុងគ្រួសារ ឬមិត្តភក្តិបានឆ្លុះបញ្ចាំងអំពីលក្ខណៈរបស់ពួកគេ?
ឱព្រះដែលប្រទានមនុស្សម្នាក់ៗឲ្យមានឈ្មោះ ព្រះអង្គបានបង្កើតទូលបង្គំ ឲ្យមានរូបភាពដូចព្រះអង្គ ហើយស្រឡាញ់ទូលបង្គំ។ សូមព្រះអង្គកែច្នៃទូលបង្គំ ឲ្យកាន់តែមានលក្ខណៈដូចព្រះអង្គ។
គម្រោងអានព្រះគម្ពីរយៈពេល១ឆ្នាំ : បទចម្រៀងសាឡូម៉ូន ៤-៥ និង កាឡាទី ៣