ជំនួយរបស់ព្រះ សម្រាប់ពេលអនាគតរបស់យើង

ឱ​សូម​ចំអែត​យើងខ្ញុំ ដោយ​សេចក្តី​សប្បុរស​នៃ​ទ្រង់ នៅពេល​ព្រឹក ដើម្បីឲ្យ​យើងខ្ញុំ​បាន​រីករាយ​ឡើង ហើយ​មាន​សេចក្តី​អំណរ​រហូតដល់​អស់១ជីវិត។ ទំនុកដំកើង ៩០:១៤

តាម​ការស្រាវជ្រាវ​របស់​អ្នកស្រី មែក ជេយ(Meg Jay) ដែល​ជា​អ្នកឯកទេស​ខាង​ផ្លូវចិត្ត បាន​ឲ្យដឹង​ថា គំនិត​របស់​យើង​ច្រើនតែ​គិត អំពី​ពេល​អនាគត​របស់​ខ្លួនឯង ស្រដៀងនឹង​របៀប​ដែល​យើង​គិត​អំពី​មនុស្ស​ដែល​យើង​មិន​ស្គាល់។ តើ​ហេតុអ្វី? គឺ​ប្រហែល​បណ្តាល​មក​ពី “យើង​ខ្វះ​ការ​អាណិត”។ យើង​ប្រហែល​មិន​ងាយ​អាណិត និង​យកចិត្ត​ទុកដាក់ ចំពោះ​មនុស្ស​ដែល​យើង​មិន​ស្គាល់ ឬ​សូម្បី​តែ​ខ្លួនឯង នៅពេលអនាគត។ ដូចនេះ ក្នុង​ការងារ​របស់​អ្នក​ស្រី​ជេយ គាត់​បាន​ព្យាយាម​ជួយ​យុវជន ឲ្យ​ស្រមៃ​អំពី​ខ្លួនឯង នៅ​ពេល​អនាគត ហើយ​យកចិត្ត​ទុកដាក់​ចំពោះខ្លួន​ឯង ដោយ​ការអនុវត្ត​ជា​ជំ​ហានៗ។ ការ​នេះ​ក៏​រាប់បញ្ចូល​ការអនុវត្ត​តាម​ផែនការ ដើម្បីឲ្យ​ខ្លួនឯង​ក្លាយជា​មនុស្ស​ប្រភេទ​ណាមួយ ដោយ​រៀបចំ​ផ្លូវ​ឲ្យ​ខ្លួនឯង​សម្រេច​ក្តី​ស្រមៃ ហើយ​បន្ត​មានការ​ចម្រើនឡើង។

បទ​គម្ពីរ​ទំនុកដំកើង​ជំពូក៩០ បាន​បង្រៀន​យើង​ឲ្យ​គិត​អំពី​ខ្លួនឯង មិនមែន​តែ​ក្នុង​ពេល​បច្ចុប្បន្ន តែ​ពេល​អនាគត​ផង​ដែរ ដើម្បី​សូមឲ្យ​ព្រះ​ទ្រង់​ជួយ​យើង​ចេះ​កំណត់​រាប់​ថ្ងៃ​អាយុ​ខ្លួន​ឯង ដើម្បីឲ្យ​យើង​មានចិត្ត​ខ្មីឃ្មាត ឲ្យបាន​សតិបញ្ញា(ខ.១២)។ ការ​នឹក​ចាំ​ថា ពេលវេលា​ដែល​យើង​មាននៅ​លើ​ផែនដី​នេះ មានកំណត់ អាច​រំឭក​យើង​ថា យើង​ចាំបាច់​ត្រូវ​ពឹងផ្អែក​លើ​ព្រះ ដោយ​មិន​អាច​ខ្វះ​បាន។ យើង​ត្រូវការ​ជំនួយ​ព្រះអង្គ ដើម្បីឲ្យ​យើង​ចេះ​ស្វែងរក​ការ​ស្កប់ចិត្ត និង​ក្តី​អំណរ មិនមែន​តែ​ក្នុង​ពេល​បច្ចុប្បន្ន តែ “អស់​មួយ​ជីវិត” (ខ.១៤)។ យើង​ត្រូវការ​ជំនួយ​ព្រះអង្គ ដើម្បីឲ្យ​យើង​ចេះ​គិត​អំពី​មនុស្ស​ជំនាន់​ក្រោយ​ផង​ដែរ(ខ.១៦)។ ហើយ​យើង​ត្រូវការ​ជំនួយ​ព្រះអង្គ ក្នុង​ការបម្រើ​ព្រះអង្គ ដោយ​ប្រើ​ពេលវេលា​ដែល​ព្រះអង្គ​ប្រទាន ខណៈ​ពេល​ដែល​ព្រះអង្គ​តាំង​កិច្ចការ​ដែល​ដៃ​យើង​ធ្វើ បាន​ខ្ជាប់ខ្ជួន​ឡើង(ខ.១៧)។—MONICA LA ROSE

តើ​ធ្វើ​ដូចម្តេច ឲ្យ​អ្នក​អាច​លូតលាស់​ឡើង ក្នុង​ការ​ថែរក្សា​ខ្លួនឯង សម្រាប់​ពេល​អនាគត? តើ​ការ​មើលទៅ​រឿង​ដែល​សំខាន់​ជាង ក្នុង​ការរស់នៅ បាន​ជួយ​អ្នកឲ្យ​បម្រើ​អ្នកដទៃ បាន​កាន់តែ​ប្រសើរ​យ៉ាងណា?

ឱ​ព្រះអម្ចាស់ ទូលបង្គំ​សូម​អរព្រះគុណ សម្រាប់​ការ​ប្រទាន​ជីវិត ជា​អំណោយ​ដល់​ទូលបង្គំ។ សូម​ព្រះអង្គ​ជួយ​ទូលបង្គំ​ឲ្យ​ប្រើ​ជីវិត​ទូលបង្គំ​ឲ្យ​មានតម្លៃ តាម​ពេល​វេលា​ដែល​ព្រះអង្គ​ប្រទាន​ឲ្យ​រស់នៅ។ ទូលបង្គំ​សូម​អរព្រះគុណ ដ្បិត​នៅពេល​ដែល​ទូលបង្គំ​លាចាក​លោក​នេះ​ទៅ ទូលបង្គំ​នឹង​បាន​ទៅ​ប្រកប​អស់​កល្ប​ជានិច្ច​ជាមួយ​ព្រះអង្គ។

គម្រោងអានព្រះគម្ពីរយៈពេល១ឆ្នាំ : អេសាយ ៣-៤ និង កាឡាទី ៦

Share this post:
Facebook
Twitter
LinkedIn
WhatsApp

More articles