ព្រឹក

ក្លិនក្រអូបដែលធ្វើឲ្យនឹកចាំ
ដោយDave Branon
September 29, 2022
ដ្បិតយើងខ្ញុំជាក្លិនក្រអូបនៃព្រះគ្រីស្ទដល់ព្រះ។ ២កូរិនថូស ២:១៥ ខ្ញុំមិនមែនជាអ្នកចូលចិត្តញាំកាហ្វេ តែពេលណាខ្ញុំបានហិតក្លិនគ្រាប់កាហ្វេតែបន្តិច ខ្ញុំក៏មានអារម្មណ៍ថាធូរស្បើយក្នុងចិត្ត ហើយទន្ទឹមនឹងនោះ ខ្ញុំក៏បាននឹកឃើញអនុស្សាវរីយដ៏ក្រៀមក្រំផងដែរ។ កាលកូនស្រីវ័យជំទង់របស់ខ្ញុំ ឈ្មោះមែលីសា(Melissa) កំពុងរៀបចំបន្ទប់គេងរបស់នាង តាមចំណងចំណូលចិត្ត នាងបានយកចានគោមមួយមក ដាក់គ្រាប់កាហ្វេចូលពេញ ដើម្បីបង្ហើរក្លិនឈ្ងុយរបស់វាក្នុងបន្ទប់គេងរបស់នាង។ ជីវិតរបស់មែលីសានៅលើផែនដី បានបញ្ចប់ជិត២ទសវត្សរ៍ហើយ ដោយសារគ្រោះថ្នាក់រថយន្ត ពេលនាងមានអាយុ១៧ឆ្នាំ តែយើងនៅតែរក្សាទុកចានគោមដាក់កាហ្វេនោះ នៅក្នុងផ្ទះយើង។ ក្លិនរបស់វាបានបន្តធ្វើឲ្យយើងនឹកចាំ អំពីពេលដែលមែលីសាកំពុងរស់នៅជាមួយយើង។ ព្រះគម្ពីរបានចែងថា ក្លិននាំឲ្យមានការនឹកចាំ។ កណ្ឌគម្ពីរបទចម្រៀងសាឡូម៉ូនបានចែងអំពីក្លិន ដែលជានិមិត្តរូបនៃសេចក្តីស្រឡាញ់ រវាងបុរស និងស្ត្រីមួយគូរ(មើល ១:៣ ៤:១១,១៦)។ ក្នុងកណ្ឌគម្ពីរហូសេ ការអត់ទោសរបស់ព្រះ សម្រាប់ប្រជាជាតិអ៊ីស្រាអែល គឺប្រៀបបាននឹង ក្លិននៅព្រៃល្បាណូន(ហូសេ ១៤:៦)។ ហើយការដែលនាងម៉ារាបានចាក់ប្រេងក្រអូប ពីលើព្រះបាទព្រះយេស៊ូវ បាននាំឲ្យមានក្លិនក្រអូបសាយភាពពេញផ្ទះរបស់នាង និងបងប្អូននាង(យ៉ូហាន ១២:៣) ជាការឆ្លុះបញ្ចាំងជាមុន អំពីការសុគតរបស់ព្រះយេស៊ូវ(មើល ខ.៧)។ សេចក្តីបង្រៀនក្នុងព្រះគម្ពីរ អំពីក្លិនក៏អាចជួយក្រើនរំឭកយើង ឲ្យមានការប្រុងប្រយ័ត្ន នៅក្នុងការរស់នៅ ធ្វើជាទីបន្ទាល់នៃសេចក្តីជំនឿ ដល់មនុស្សនៅជុំវិញខ្លួនយើង។ គឺដូចដែលសាវ័កប៉ុលបានបកស្រាយថា "ដ្បិតយើងខ្ញុំជាក្លិនក្រអូបនៃព្រះគ្រីស្ទដល់ព្រះ នៅក្នុងពួកមនុស្សដែលកំពុងតែបានសង្គ្រោះ ហើយក្នុងពួកអ្នកដែលកំពុងតែវិនាសទៅដែរ"(២កូរិនថូស ២:១៥)។ គឺដូចដែលក្លិនឈ្ងុយរបស់គ្រាប់កាហ្វេបានធ្វើឲ្យខ្ញុំនឹកចាំ អំពីមែលីសា នោះចូរយើងរស់នៅ ដោយបញ្ចេញក្លិនដ៏ក្រអូបនៃព្រះយេស៊ូវ និងការបង្រៀនរបស់ព្រះអង្គ ដើម្បីរំឭកអ្នកដទៃឲ្យចាំថា ពួកគេត្រូវការព្រះអង្គ។—DAVE BRANON តើអ្នកអាចធ្វើជា "ក្លិនក្រអូបនៃព្រះគ្រីស្ទ" សម្រាប់នរណាម្នាក់ នៅថ្ងៃនេះ យ៉ាងដូចម្តេចខ្លះ? តើការរស់នៅរបស់អ្នក បានបណ្តាលឲ្យអ្នកដទៃស្គាល់ព្រះវត្តមាននៃព្រះអង្គសង្គ្រោះ យ៉ាងដូចម្តេចខ្លះ? ឱព្រះវរបិតាដែលគង់នៅស្ថានសួគ៌ សូមព្រះអង្គជួយទូលបង្គំឲ្យបញ្ចេញក្លិនដ៏ក្រអូបរបស់ព្រះអង្គតាមរយៈការរស់នៅ ដើម្បីនាំឲ្យដទៃស្គាល់ព្រះអង្គ។ គម្រោងអានព្រះគម្ពីរយៈពេល១ឆ្នាំ : អេសាយ ៧-៨ និង អេភេសូរ ២
ល្ងាច

ងាកទៅរក ពេលមានការឈឺចាប់
ដោយJennifer Benson Schuldt
September 29, 2022
ទោះបើយ៉ាងនោះ គង់តែព្រះយេហូវ៉ាទ្រង់រង់ចាំឱកាស នឹងផ្តល់ព្រះគុណដល់ឯងរាល់គ្នាដែរ។ អេសាយ ៣០:១៨ នៅវិទ្យាល័យដែលជែក(Jack)ទៅរៀន នរណាក៏កោតសរសើរអាកប្បកិរិយារបស់គាត់ ដែលមានភាពរោះរាយ និងមានជំនាញជិះក្តារស្គីយ៉ាងប៉ិនប្រសប់។ គាត់ជិះក្តារស្គីចុះទួលរួចឡើងវិញ ធ្វើឲ្យខ្លួនគាត់ផ្លោងឡើងខ្ពស់ផុតពីដី ដោយចិត្តសប្បាយរីករាយបំផុត ដោយដៃម្ខាងកាន់ក្តារស្គី ហើយម្ខាងទៀតទប់ខ្លួនឲ្យនឹង។ ជែកបានសម្រេចចិត្តដើរតាមព្រះយេស៊ូវ បន្ទាប់ពីគាត់បានចាប់ផ្តើមទៅចូលរួមកម្មវិធីថ្វាយបង្គំព្រះ ក្នុងព្រះវិហារមួយ ក្នុងតំបន់ដែលគាត់រស់នៅ។ ទំរាំតែគាត់បានទទួលជឿព្រះយេស៊ូវ គាត់បានអត់ទ្រាំនឹងទុក្ខលំបាកក្នុងគ្រួសារយ៉ាងខ្លាំង ហើយបានប្រើថ្នាំញៀន ដើម្បីបំបាត់ការឈឺចាប់។ ក្នុងអំឡុងពេលបន្ទាប់ពីគាត់បានប្រែចិត្តជឿព្រះ អ្វីៗហាក់ដូចជាមានដំណើរការល្អ។ ប៉ុន្តែ ប៉ុន្មានឆ្នាំក្រោយមក គាត់ក៏បានចាប់ផ្តើមប្រើថ្នាំញៀនឡើងវិញ។ ដោយគ្មានអន្តរាគមន៍ និងការព្យាបាលត្រឹមត្រូវ ទីបំផុតគាត់ក៏បានស្លាប់ដោយសារការប្រើថ្នាំញៀនលើសកំរិត។ ពេលដែលយើងជួបការលំបាក យើងងាយនឹងវិលត្រឡប់ទៅរកអ្វីដែលយើងធ្លាប់ធ្វើកាលពីមុន។ ពេលដែលពួកអ៊ីស្រាអែលមានការថប់បារម្ភ អំពីការវាយប្រហាររបស់ចក្រភពអាសស៊ើរ ក្នុងពេលដ៏ខ្លីខាងមុខ ពួកគេក៏បានលូនវាទៅសុំជំនួយពីជនជាតិអេស៊ីព្ទ ដែលជាអតីតមេទាសករ ដែលធ្លាប់ជិះជាន់ពួកគេ(អេសាយ ៣០:១-៥)។ ព្រះទ្រង់បានបើកសម្ដែងឲ្យពួកគេដឹងជាមុនថា ទង្វើនេះនឹងនាំឲ្យអន្តរាយមិនខាន តែព្រះអង្គនៅបន្តយកព្រះទ័យទុកដាក់ចំពោះពួកគេ ទោះពួកគេបានធ្វើការសម្រេចចិត្តខុសក៏ដោយ។ ហោរាអេសាយបានបង្ហាញព្រះទ័យរបស់ព្រះអង្គ ដោយប្រកាសទៅកាន់ពួកគេថា "ទោះបើយ៉ាងនោះ គង់តែព្រះយេហូវ៉ាទ្រង់រង់ចាំឱកាស នឹងផ្តល់ព្រះគុណដល់ឯងរាល់គ្នាដែរ ហើយទោះបើយ៉ាងនោះក៏ដោយ គង់តែទ្រង់នឹងចាំឯងលើកដំកើងទ្រង់ឡើង ដើម្បីឲ្យទ្រង់មានសេចក្តីអាណិតមេត្តាដល់ឯង"(ខ.១៨)។ នេះជាព្រះទ័យដែលព្រះទ្រង់មានសម្រាប់យើង ទោះយើងបានសម្រេចចិត្តងាកចេញពីព្រះអង្គ ទៅរកជំនួយផ្សេង ដើម្បីបំបាត់ការឈឺចាប់របស់យើងក៏ដោយ។ ព្រះអង្គសព្វព្រះទ័យនឹងជួយយើង។ ព្រះអង្គមិនសព្វព្រះទ័យឲ្យយើងធ្វើបាបខ្លួនឯង ដោយងាកទៅរកទម្លាប់ចាស់ ដែលនាំឲ្យយើងជាប់ចំណងនោះទេ។ សារធាតុ និងសកម្មភាពមួយចំនួនដែលធ្វើឲ្យយើងសប្បាយចិត្ត បានល្បួងយើងឲ្យចង់មានភាពធូរស្បើយតែមួយភ្លែត តែព្រះទ្រង់សព្វព្រះទ័យនឹងប្រទានការប្រោសឲ្យជាពិតប្រាកដ ក្នុងពេលដែលយើងបន្តដើរជាមួយព្រះអង្គយ៉ាងជិតស្និទ្ធ។—JENNIFER BENSON SCHULDT ហេតុអ្វីយើងចាំបាច់ត្រូវទទួលស្គាល់ព្រះគុណព្រះ ក្នុងពេលដែលយើងបរាជ័យ? តើអ្នកអាចបង្ហាញឲ្យគេស្គាល់សេចក្តីស្មោះត្រង់របស់ព្រះ ក្នុងទំនាក់ទំនងដែលអ្នកមានជាមួយព្រះអង្គ យ៉ាងដូចម្តេចខ្លះ? ឱព្រះអម្ចាស់ សូមព្រះអង្គរំដោះទូលបង្គំឲ្យរួចផុតពីទម្លាប់ចាស់ ដែលជាអំពើបាប។ សូមព្រះអង្គជួយទូលបង្គំឲ្យងាកបែរមករកព្រះអង្គ ពេលណាទូលបង្គំចង់ស្វែងរកភាពធូរស្បើយ ក្នុងអ្វីផ្សេងទៀត។ គម្រោងអានព្រះគម្ពីរយៈពេល១ឆ្នាំ : អេសាយ ៩-១០ និង អេភេសូរ ៣