មើលទៅផលផ្លែ

អ្នករាល់គ្នា​នឹង​ស្គាល់​គេ​បាន ដោយសារ​ផល​គេ​បង្កើត។ ម៉ាថាយ ៧:១៦

នៅ​សហរដ្ឋអាមេរិក កម្មវិធី “ប្រាប់​ការពិត​” ជា​កម្មវិធី​ទូរទស្សន៍​មួយ ដែល​ក្នុង​នោះ គេ​តម្រូវឲ្យ​អ្នកមាន​ឈ្មោះ​ល្បី៤នាក់ សួរ​សំណួរ​ទៅកាន់​មនុស្ស​បី​នាក់ ដែល​សុទ្ធ​តែ​បាន​អះអាង​ថា ខ្លួន​ជា​បុគ្គល​តែ​មួយ។ ជា​ការពិត​ណាស់ ក្នុងចំណោម​អ្នក​ទាំង៣នោះ មាន​ពីរ​នាក់​ជា​មនុស្ស​ក្លែងខ្លួន តែ​អ្នក​ទាំងបួន​ត្រូវ​មើល​ឲ្យដឹង​ថា នរណា​ជា​មនុស្ស​ពិត។ ក្នុង​វគ្គ​មួយ​នោះ អ្នក​ទាំងបួន​បាន​ព្យាយាម​ទាយ​ថា នរណា​ជា​លោក “ចន​នី ម៉ាក(Johnny Marks)” ដែល​ជា​អ្នកនិពន្ធ​ទំនុកច្រៀង​របស់​បទ “សត្វ​ក្តាន់​ច្រមុះ​ក្រហម ឈ្មោះ​រូ​ដូ​ហ្វ​”។ ពួក​គេ​មានការ​ពិបាក​យ៉ាង​ខ្លាំង​នៅក្នុង​ការ​មើល​ឲ្យ​ដឹង​ថា នរណា​ជា​នរណា សូម្បីតែ​នៅពេល​ពួក​គេ​បាន​សួរ​សំ​ណួរ​ល្អ​ៗ​ហើយក៏​ដោយ។ អ្នក​ក្លែងខ្លួន​ទាំងនោះ បាន​បន្លំ​ការពិត​ឲ្យ​គេ​យល់​ច្រឡំ​ថា ខ្លួន​ជា​លោក​ចន​នី ម៉ាក តែ​ក្នុង​គោលបំណង​ដើម្បី​បង្កើត​ការកម្សាន្ត​សប្បាយ ក្នុង​កម្មវិធី​ទូរទស្សន៍​ប៉ុណ្ណោះ។

ទោះជាយ៉ាងណា​ក៏ដោយ ការ​មើល​ឲ្យដឹង​ថា “នរណា​ជា​គ្រូ​ខុសឆ្គង​” គឺ​មាន​ភាព​ខុសប្លែក​យ៉ាង​ខ្លាំង​ពី​កម្មវិធី​ទូរទស្សន៍​នេះ។ វា​ក៏អាច​មានការ​ពិបាក​ដូចគ្នា តែ​សំខាន់​ជាង​កម្មវិធី​ទូរទស្សន៍​នោះ។ ជា​ញឹកញាប់ “សត្វ​ឆ្កែចចក​ដ៏​សាហាវ​” ច្រើនតែ​ចូល​មក​រក​យើង “ដោយ​ពាក់​រោមចៀម​”បន្លំ​ខ្លួន ហើយ​ព្រះយេស៊ូវ​ក៏​បាន​ដាស់តឿន​យើង​ឲ្យ​មានការ​ប្រុងប្រយ័ត្ន(ម៉ាថាយ ៧:១៥)។ ការ​មាន​ភ្នែក​ល្អ គឺជា​វិធី​ល្អ​បំផុត​ដើម្បីឲ្យ​យើង​ស្គាល់​គ្រូ​ខុសឆ្គង​ទាំងនោះ ព្រោះ​ព្រះយេស៊ូវ​បាន​មាន​បន្ទូល​ថា “អ្នករាល់គ្នា​នឹង​ស្គាល់​គេ​បាន គឺ​ដោយសារ​ផល​គេ​បង្កើត​”(ខ.១៦-២០)។

ព្រះគម្ពីរ​បាន​ផ្តល់​ជំនួយ ឲ្យ​យើង​អាច​មើលឃើញ​ផល​ផ្លៃ​ល្អ និង​ផល​ផ្លែ​អាក្រក់។ ផល​ផ្លែ​ល្អ​គឺ​មាន​ដូចជា “សេចក្តី​ស្រឡាញ់ អំណរ​អរ មេត្រីភាព អត់ធ្មត់ សុភាព សប្បុរស ស្មោះត្រង់ ស្លូតបូត ហើយ​ដឹង​ខ្នាត​”(កាឡាទី ៥:២២-២៣)។ យើង​ត្រូវតែ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់ ព្រោះ​ឆ្កែចចក​ពូកែ​បោកបញ្ឆោត​ណាស់។ តែ​ក្នុងនាម​យើង​ជា​អ្នកជឿ ដែល​មាន​ព្រះវិញ្ញាណ​បរិសុទ្ធ​គង់​សណ្ឋិត​នៅ យើង​ពឹង​អាង​ព្រះ​ដែល​ជា​អ្នកគង្វាល​ដ៏​ល្អ ដែល​មាន​ពេញដោយ “ព្រះគុណ និង​សេចក្តី​ពិត​”(យ៉ូហាន ១:១៤)។—JOHN BLASÉ

តើ​អ្នក​បាន​ជួប​ឆ្កែចចក ដែល​ពាក់​រោមចៀម នៅពេល​ណា? ពេល​ដែល​អ្នក “មើល​ផល​ផ្លែ​” របស់​ពួក​គេ តើ​អ្នក​អាច​សម្គាល់ថា ពួក​គេ​ជា​គ្រូ​ខុសឆ្គង​ដែរ​ឬទេ?

ឱព្រះ​ដែល​ជា​អ្នកគង្វាល​ដ៏​ធំ​ប្រសើរ សូម​ព្រះអង្គ​ប្រទាន​យើងខ្ញុំ ឲ្យ​មាន​ភ្នែក និង​ត្រចៀក ដើម្បី​មើល និង​ស្តាប់ ឲ្យ​ស្គាល់​ផល​ផ្លែ​របស់​គ្រូ​ខុសឆ្គង​ដែល​កំពុង​ចូល​បន្លំ​ខ្លួន។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : អេសាយ ១១-១៣ និង អេភេសូរ ៤

Share this post:
Facebook
Twitter
LinkedIn
WhatsApp

More articles