ព្រមទាំងមានចិត្តសុភាព ហើយស្លូតបូតគ្រប់ជំពូកទាំងអត់ធ្មត់ ហើយទ្រាំទ្រគ្នាទៅវិញទៅមក ដោយស្រឡាញ់។ អេភេសូរ ៤:២
កវីកំណាព្យឈ្មោះ អ៊ែមម្លី ឌីកឃិនសិន(Emily Dickinson) បានសរសេរថា “ចូរយើងនិយាយប្រាប់សេចក្តីពិតគ្រប់យ៉ាង តែនិយាយ ដោយចិត្តសុភាព”។ គាត់លើកឡើងថា មូលហេតុដែលគាត់សរសេរដូចនេះ គឺដោយសារសេចក្តីពិត និងសិរីល្អរបស់ព្រះ “មានពន្លឺភ្លឺខ្លាំងណាស់” បានជាមនុស្សមិនអាចយល់ ឬទទួលទាំងអស់ ក្នុងពេលតែមួយបានឡើយ ដូចនេះ យកល្អ យើងត្រូវទទួល ហើយចែកចាយព្រះគុណ និងសេចក្តីពិតរបស់ព្រះ ដោយចិត្តសុភាព។ ព្រោះ “មនុស្សត្រូវទទួលសេចក្តីពិត បន្តិចម្តងៗ ពុំនោះទេ ពួកគេនឹងខ្វាក់ភ្នែកមិនខាន”។
រឿងនេះបានធ្វើឲ្យខ្ញុំនឹកចាំ អំពីការបង្រៀនរបស់សាវ័កប៉ុល ក្នុងបទគម្ពីរអេភេសូរ ជំពូក៤ ដែលបានជំរុញអ្នកជឿទាំងឡាយ ឲ្យមាន “ចិត្តសុភាព ហើយស្លូតបូតគ្រប់ជំពូកទាំងអត់ធ្មត់ ហើយទ្រាំទ្រគ្នាទៅវិញទៅមក ដោយស្រឡាញ់”(ខ.២)។ គាត់បានពន្យល់ថា របៀបដែលព្រះគ្រីស្ទបានធ្វើសម្រាប់យើង ដោយព្រះគុណទ្រង់ គឺជាមូលដ្ឋានគ្រឹះនៃភាពសំឡូត និងការទ្រាំទ្រ ដែលយើងមានចំពោះគ្នាទៅវិញទៅមក។ នៅក្នុងការប្រសូតរបស់ព្រះអង្គ(ខ.៩-១០) ព្រះអង្គបានបង្ហាញព្រះអង្គទ្រង់ តាមរបៀបដ៏ស្ងាត់ស្ងៀម និងសុភាព ដើម្បីឲ្យមនុស្សទទួលជឿព្រះអង្គ។
ហើយព្រះអង្គនៅតែបន្តបង្ហាញព្រះអង្គទ្រង់ តាមរបៀបដ៏សុភាព និងមានសេចក្តីស្រឡាញ់ ដោយប្រទានអំណោយទាន និងអំណាចដល់រាស្រ្តព្រះអង្គ ដើម្បីឲ្យពួកគេបន្តលូតលាស់ និងមានភាពពេញវ័យខាងវិញ្ញាណ “ប្រយោជន៍នឹងនាំឲ្យពួកបរិសុទ្ធបានគ្រប់លក្ខណ៍ឡើង សំរាប់ធ្វើការជំនួយ ហើយនឹងស្អាងរូបកាយព្រះគ្រីស្ទឡើង ទាល់តែយើងរាល់គ្នាបានរួបរួម ខាងឯសេចក្តីជំនឿរួចជាស្រេច ហើយបានស្គាល់ព្រះរាជបុត្រានៃព្រះ ដូចគ្នាទាំងអស់ គឺដល់បានពេញជាមនុស្ស ហើយដល់ខ្នាតកំពស់នៃសេចក្តីពោរពេញផងព្រះគ្រីស្ទ”(ខ.១២-១៣)។ ខណៈពេលដែលយើងមានការលូតលាស់ យើងមិនងាយនឹងងាកទៅរកសេចក្តីសង្ឃឹមនៅកន្លែងផ្សេងឡើយ(ខ.១៤) ហើយមានទំនុកចិត្តកាន់តែខ្លាំងឡើង ក្នុងការដើរតាមគំរូនៃសេចក្តីស្រឡាញ់ដ៏សុភាពរបស់ព្រះយេស៊ូវ(ខ.១៥-១៦)។—MONICA LA ROSE
តើអ្នកបានពិសោធន៍នឹងព្រះគុណ និងសេចក្តីពិតរបស់ព្រះ តាមរបៀបដ៏សុភាពហើយឬនៅ? តើគំរូនៃភាពសំឡូតរបស់ព្រះអង្គ បានជួយអ្នកយ៉ាងណាខ្លះ ក្នុងការទំនាក់ទំនងជាមួយអ្នកដទៃ?
ឱព្រះអម្ចាស់ ទូលបង្គំសូមអរព្រះគុណព្រះអង្គ សម្រាប់ការបើកបង្ហាញសេចក្តីល្អ ព្រះគុណ និងសេចក្តីពិតដល់ទូលបង្គំ តាមរបៀបដ៏សុភាព។ សូមព្រះអង្គជួយទូលបង្គំ ឲ្យមានចិត្តអត់ធ្មត់ និងការសម្រាក ខណៈពេលដែលទូលបង្គំទុកចិត្តលើការថែរក្សាដោយក្តីស្រឡាញ់របស់ព្រះអង្គ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : អេសាយ ១៤-១៦ និង អេភេសូរ ៥:១-១៦