ការសោកសង្រេង និងការអរព្រះគុណព្រះ

ព្រះយេហូវ៉ា​ទ្រង់​បាន​ប្រទាន​មក ហើយ​ទ្រង់​ក៏បាន​ដក​យក​ទៅវិញ សូមឲ្យ​ព្រះនាម​ព្រះយេហូវ៉ា​បាន​ព្រះពរ​ចុះ។ យ៉ូប ១:២១

ក្រោយពេល​ដែល​ម្តាយ​ខ្ញុំ​លាចាក​លោក ដោយសារ​ជំងឺមហារីក មិត្តភក្ដិ​របស់​គាត់​ម្នាក់​ដែល​ជា​អ្នកជំងឺ​មហារីក បាន​ដើរមក​រក​ខ្ញុំ។ គាត់​ក៏បាន​និយាយប្រាប់​ខ្ញុំ​ទាំង​ខ្សឹកខ្សួល​ថា “ម្តាយ​របស់​ក្មួយ​មាន​ចិត្ត​សប្បុរស ចំពោះ​មីង​ណាស់។ មីង​សោក​ស្តាយ​ណាស់ ដែល​គាត់​បាន​លាកចាក​លោក​…តែ​អ្នក​ដែល​គួរ​ស្លាប់​មិន​មែន​គាត់​ទេ​”។

ខ្ញុំ​ក៏បាន​ប្រាប់​គាត់​ថា “ម្តាយ​ខ្ញុំ​ស្រឡាញ់​មីង។ ពួក​ខ្ញុំ​បាន​អធិស្ឋាន​សូម​ព្រះអង្គ​អនុញ្ញាត​ឲ្យ​មីង​រស់​បាន​យូរ ហើយ​បាន​ឃើញ​កូន​ៗ​របស់​មីង ចម្រើន​វ័យ​ធំឡើង​”។ ខ្ញុំ​កាន់ដៃ​គាត់ ហើយ​យំ​ជាមួយ​គាត់ ដោយ​ទូល​សូម​ព្រះអង្គ​ជួយ​គាត់ ឲ្យ​មាន​សន្តិភាព​ក្នុងចិត្ត ក្នុង​ពេល​សោកសង្រេង​នេះ។ ខ្ញុំ​ក៏បាន​អរព្រះគុណ​ព្រះអង្គ ដែល​បាន​ឲ្យ​ជំងឺ​គាត់​មាន​ភាព​ធូរស្បើយ​ឡើងវិញ បាន​ជា​គាត់​អាច​បន្ត​បង្ហាញ​សេចក្តី​ស្រឡាញ់​ដល់​ស្វាមី និង​កូនប្រុស​ទាំងពីរ​ដែល​កំពុង​ចម្រើន​វ័យ​ធំឡើង។

ព្រះគម្ពីរ​បាន​បង្ហាញ​អំពី​ភាព​ចម្រុះគ្នា​នៃ​ការ​សោកសង្រេង​របស់​លោក​យ៉ូប នៅពេល​ដែល​គាត់​បាត់​បង់​អ្វីៗ​គ្រប់​យ៉ាង រាប់បញ្ចូល​ទាំង​កូនៗ​គាត់​ផង​ដែរ។ លោក​យ៉ូប​បាន​កាន់ទុក្ខ ហើយ​ក្រាប​ថ្វាយបង្គំ​ព្រះ(យ៉ូប ១:២០)។ ដោយចិត្ត​ដែល​ប្រេះ​បែក តែ​មាន​សង្ឃឹម គាត់​ក៏បាន​ចុះចូល​ចំពោះ​ព្រះ និង​បង្ហាញ​ចេញ​នូវ​ការ​ដឹងគុណ ដោយ​ប្រកាស​ថា “ព្រះយេហូវ៉ា​ទ្រង់​បាន​ប្រទាន​មក ហើយ​ទ្រង់​ក៏បាន​ដក​យក​ទៅវិញ សូមឲ្យ​ព្រះនាម​ព្រះយេហូវ៉ា​បាន​ព្រះពរ​ចុះ”(ខ.២១)។ ក្នុងអំឡុងពេល​ដែល​គាត់​មានការ​តស៊ូ​កាន់តែ​ខ្លាំង ក្នុង​ការ​សោកសង្រេង ហើយ​ព្រះ​កំពុង​ស្អាង​ជីវិត​គាត់​ឡើងវិញ គាត់​បាន​ទទួលស្គាល់ ហើយ​ថែមទាំង​អរ​សប្បាយ ក្នុង​អំណាច​ដែល​ព្រះ​ទ្រង់​មាន មក​លើ​ស្ថានភាព​ល្អ និង​ស្ថានភាព​អាក្រក់។

ព្រះ​ទ្រង់​ជ្រាប​ថា យើង​ឆ្លងកាត់ និង​ជម្នះ​ទុក្ខ​លំបាក​ក្នុង​អារម្មណ៍ តាមរបៀប​ជាច្រើន។ ព្រះអង្គ​អញ្ជើញ​យើង ឲ្យ​សោកសង្រេង ដោយចិត្ត​ស្មោះត្រង់ និង​ការ​បន្ទាបខ្លួន។ សូម្បីតែ​នៅពេល​ដែល​ការ​សោកសង្រេង​ហាក់ដូចជា​គ្មាន​ទី​បញ្ចប់ និង​មិន​អាច​ទ្រាំទ្រ​រួច ក៏​ព្រះ​ទ្រង់​បញ្ជាក់​ថា ព្រះអង្គ​មិនដែល​ប្រែប្រួល​សោះ​ឡើយ។ ដោយ​ព្រះបន្ទូល​សន្យា​នេះ ព្រះអង្គ​កម្សាន្ត​ចិត្ត និង​ចម្រើន​កម្លាំង​យើង ឲ្យ​មានការ​ដឹងគុណ ចំពោះ​ព្រះវ​ត្ត​មានព្រះអង្គ ដែល​គង់នៅ​ជាមួយ​យើង​ជានិច្ច។—XOCHITL DIXON

តើ​អ្នក​បាន​ពិសោធន៍​នឹង​ការ​ដឹងគុណ​ព្រះ ក្នុង​ពេល​សោកសង្រេង នៅពេល​ណា? តើ​ព្រះ​ទ្រង់​បាន​បង្ហាញ​ព្រះ​វត្ត​មានព្រះអង្គ​ដូចម្តេច​ខ្លះ ពេល​ដែល​អ្នកមាន​អារម្មណ៍​ឯកោ ឬ​មាន​ការ​ភាន់ភាំង ក្នុង​ការ​សោកសង្រេង?

ឱ​ព្រះ​ដែល​មាន​ក្តី​អាណិត ទូលបង្គំ​សូម​អរព្រះគុណ សម្រាប់​ការ​ស្គាល់​ទូលបង្គំ ហើយ​បី​ទូលបង្គំ​ឆ្លង​គ្រប់​ជំហាន ឆ្លងកាត់​ពេល​សោកសង្រេង។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : អេសាយ ២៣-២៥ និង ភីលីព ១

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles