អត់សង្កត់ចិត្ត ដោយពឹងអាងកម្លាំងមកពីព្រះ

ដ្បិត​ព្រះ​ចេស្ដា​នៃ​ព្រះ បាន​ផ្តល់​ឲ្យ​យើង​រាល់គ្នា​មាន​គ្រប់​របស់​ទាំងអស់ ខាង​ឯ​ជីវិត និង​សេចក្តី​គោរព​ប្រតិបត្តិ​ដល់​ព្រះ។ ២ពេត្រុស ១:៣

កាលពី​ឆ្នាំ១៩៧២ មានការ​សិក្សា​មួយ ដែលគេ​ដាក់​ចំណងជើង​ឲ្យ​ថា “ការ​ធ្វើ​តេស្ដ​នំ​ម៉ាស​ម៉ា​ឡូ ដែលគេ​បាន​ធ្វើឡើង​ដើម្បី​វាស់​ស្ទង់​សមត្ថភាព​របស់​កុមារ នៅក្នុង​ការ​ទប់ចិត្ត​ខ្លួនឯង ដែល​ចង់​ធ្វើអ្វី​មួយ។ គេ​បាន​យក​នំ​ម៉ាស​ម៉ា​ឡូ​ឲ្យ​ក្មេងៗ​ម្នាក់​១​ដុំ សម្រាប់​ញាំ​កម្សាន្ត តែ​គេ​ប្រាប់​ក្មេងៗ​ទាំង​នោះ​ថា បើ​ពួក​គេ​អាច​ទប់ចិត្ត​ឲ្យបាន១០នាទី មិន​ឲ្យ​ញាំ​នំ​នោះ គេ​នឹង​ឲ្យ​នំ​មួយដុំ​ទៀត។ ប្រហែល​១​ភាគ៣ នៃ​ចំនួន​ក្មេងៗ​ទាំង​អស់​នោះ អាច​ទប់ចិត្ត​មិន​ឲ្យ​ញាំ​នំ​នោះ ដើម្បី​ទទួល​បាន​នំ​បន្ថែម​ទៀត(១ភាគ៣​ទៀត​បាន​ញាំ​នំ​ទីមួយ​នោះ បន្ទាប់​ពី​អត់ទ្រាំ​បានតែ​៣០​វិនាទី​ប៉ុណ្ណោះ!)។

យើង​ប្រហែល​ពិបាក​គ្រប់គ្រង​ចិត្ត​ខ្លួនឯង ពេល​ដែលគេ​ឲ្យ​របស់​អ្វីមួយ​ដែល​យើង​ប្រាថ្នា​ចង់បាន ទោះ​យើង​បានដឹង​ហើយ​ថា យើង​នឹង​ទទួល​បាន​ច្រើនជាង​នេះ នៅ​ពេល​អនាគត បើ​យើង​អត់ធ្មត់​រង់ចាំ។ តែ​សាវ័ក​ពេត្រុស​បាន​ជំរុញ​យើង​ឲ្យ​បន្ថែម​ពីលើ​ជំនឿ​របស់​យើង នូវ​គុណធម៌​សំ​ខាន់ៗ​ជា​ច្រើន ដែល​រាប់បញ្ចូល​ការគ្រប់គ្រង​អារម្មណ៍​ខ្លួនឯង​ផង​ដែរ(២ពេត្រុស ១:៥-៦)។ សាវ័ក​ពេត្រុស​ក៏បាន​លើកទឹកចិត្ត​អ្នកអាន​របស់​គាត់ ព្រមទាំង​យើង​ផង​ដែរ ឲ្យ​បន្ត​ចម្រើនឡើង ខាង​ឯ​សេចក្តី​ឧស្សាហ៍ សេចក្តី​ទៀងត្រង់ ដំ​រិះ​ឲ្យ​ចេះ​អត់សង្កត់ សេចក្តី​ខ្ជាប់ខ្ជួន សេចក្តី​គោរព​ប្រតិបត្តិ សេចក្តី​រាប់អាន​គ្នា និង​សេចក្តី​ស្រឡាញ់ ដែល​ជា​ភស្តុតាង​បង្ហាញថា​យើង​មាន​ជំនឿ(ខ.៥-៨)។

គុណធម៌​ទាំងនេះ​មិនបាន​នាំឲ្យ​យើង​ចូល​នគរ​ព្រះ​នោះ​ទេ តែ​បាន​បង្ហាញ​ដល់​ខ្លួន​យើង និង​អ្នកដទៃ​ថា យើង​ចាំបាច់​ត្រូវ​មានការ​គ្រប់គ្រង​ខ្លួនឯង ឬ​ចេះ​អត់សង្កត់​ចិត្ត​ខ្លួនឯង ដោយ​ពឹង​អាង​ប្រាជ្ញា និង​កម្លាំង​មក​ពី​ព្រះ។ ហើយដែល​សំខាន់​បំផុត​នោះ ព្រះអង្គ​បាន​ប្រទាន​យើង​នូវ​អ្វី​ៗ​ដែល​យើង​ត្រូវការ ដើម្បី​រស់នៅ​ដោយ​ការគោរព​ប្រតិបត្តិ​ព្រះអង្គ តាមរយៈ​អំណាច​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ជា​ការរស់នៅ​ដែល​ធ្វើឲ្យ​ព្រះអង្គ​សព្វព្រះទ័យ(ខ.៣)។—KIRSTEN HOLMBERG

តើ​អ្នក​បានឃើញ​នរណា​ខ្លះ មាន​លក្ខណៈ​សម្បត្តិ​ដូច​ព្រះគ្រីស្ទ? តើ​ធ្វើ​ដូចម្តេច ឲ្យ​អ្នក​អាច​មាន​លក្ខណៈ​សម្បត្តិ​ទាំងនោះ ក្នុង​ជីវិត​អ្នក ខណៈ​ពេល​ដែល​ព្រះ​ទ្រង់ប្រទាន​អ្វី​ដែល​អ្នក​ត្រូវការ?

ឱ​ព្រះវិញ្ញាណ​បរិសុទ្ធ សូម​ព្រះអង្គ​ជួយ​ទូលបង្គំ​ឲ្យ​ចម្រើនឡើង ខាង​ឯ​លក្ខណ:សម្បត្តិ​ដែល​បង្ហាញ​ចេញ​នូវ​សេចក្តីល្អ​របស់​ព្រះយេស៊ូវ​  ដល់​មនុស្ស​នៅ​ជុំវិញ​ទូលបង្គំ។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : អេសាយ ៣០-៣១ និង ភីលីព ៤

Share this post:
Facebook
Twitter
LinkedIn
WhatsApp

More articles