ទំនុកចិត្តក្នុងពេលរង់ចាំ

នោះ​អញ​នឹង​ប្រោស​ឯង​រាល់គ្នា ហើយនឹង​ធ្វើ​សំរេច​ដល់​ឯង​រាល់គ្នា តាម​ពាក្យ​ល្អ​របស់​អញ។ យេរេមា ២៩:១០

កាល​កូនស្រី​ខ្ញុំ​បាន​ទទួល​សត្វ​ក្តាម​មួយ​គូរ​ជាអំណោយ សម្រាប់​ចិញ្ចឹម នាង​ក៏បាន​យក​ដីខ្សាច់​ដាក់​ចូលក្នុង​ទូកញ្ចក់ ដើម្បីឲ្យ​សត្វ​ក្តាម​អាច​ជីក​រន្ធ។ នាង​បាន​ដាក់​ទឹក អាហារ​ប្រូតេអ៊ីន និង​កំទេច​បន្លែ ឲ្យ​ពួក​វា​ស៊ី​កម្សាន្ត​សប្បាយ។ ពួក​វា​ហាក់ដូចជា​មានការ​សប្បាយចិត្ត ក្នុង​ការរស់នៅ​ក្នុង​ទូកញ្ចក់​នោះ ដូចនេះ យើង​មានការ​ភ្ញាក់ផ្អើល នៅពេល​ដែល​ថ្ងៃមួយ ពួក​វា​ក៏បាន​បាត់ខ្លួន។ យើង​ស្វែងរក​ពួក​វា​គ្រប់​ទីកន្លែង។ ទីបំផុត យើង​ក៏បាន​ដឹង​ថា ពួក​វា​ទំនងជា​កំពុងតែ​កប់​ខ្លួន​នៅក្នុង​ដីខ្សាច់ ប្រហែល​ពីរ​ខែ ក្នុង​ការ​សកសម្បក​ខាងក្រៅ​របស់​ពួក​វា។

យើង​បាន​រង់​ចាំ​ពីរ​ខែ ហើយ​មួយ​ខែ​ទៀត នៅតែ​មិនឃើញ​ពួក​វា​ចេញ​មក​ទៀត ដូចនេះ ខ្ញុំ​ចាប់ផ្តើម​បារម្ភ​ខ្លាច​ពួក​វា​ងាប់។ ពេល​យើង​រង់ចាំ​កាន់តែ​យូរ ខ្ញុំ​ក៏​កាន់តែ​មានចិត្ត​អន្ទះសា​។ ទីបំផុត សញ្ញា​នៃ​ជីវិត​ក៏បាន​លេចឡើង នៅពេល​ដែល​ពួក​វា​ចេញពី​ក្នុង​ដីខ្សាច់​មក។

ខ្ញុំ​ឆ្ងល់​ថា កាល​ពួក​អ៊ីស្រាអែល​ត្រូវ​​និរទេស ក្នុង​ចក្រភព​បាប៊ីឡូន តើ​ពួក​គេ​មានការ​សង្ស័យ​ថា បទ​ទំនាយ​ដែល​ព្រះ​ទ្រង់ប្រទាន​ពួក​គេ នឹង​បានសម្រេច​ឬទេ? តើ​ពួក​គេ​មានការ​សង្ស័យ​ថា ពួក​គេ​នឹង​រស់នៅ​ទីនោះ​ជា​រៀង​រហូត​ឬ? ព្រះ​ទ្រង់​ក៏បាន​មាន​បន្ទូល​តាមរយៈ​ហោរា​យេរេមា​ថា “អញ​នឹង​ប្រោស​ឯង​រាល់គ្នា ហើយនឹង​ធ្វើ​សំរេច​ដល់​ឯង​រាល់គ្នា តាម​ពាក្យ​ល្អ​របស់​អញ ដោយធ្វើ​ឲ្យ​ឯង​រាល់គ្នា​វិល​មក​ឯ​ទីនេះ​វិញ”(យេរេមា ២៩:១០)។ ជា​ការពិត​ណាស់ ៧០ឆ្នាំក្រោយ​មក ព្រះ​ទ្រង់​បណ្តាល​ចិត្ត​អធិរាជ​នៃ​ចក្រភព​ពើ​ស៊ី ឲ្យ​អនុញ្ញាត​ជនជាតិយូដា​វិលត្រឡប់​មក​ទីក្រុង​យេរូសាឡិម និង​ជួសជុល​ព្រះវិហារ​ឡើងវិញ(អែសរ៉ា ១:១-៤)។

ក្នុង​រដូវ​កាល​នៃ​ការ​រង់ចាំ ដែល​ហាក់ដូចជា​គ្មានអ្វី​កើតឡើង ព្រះ​ទ្រង់​មិនបាន​បំភ្លេច​យើង​ឡើយ។ ខណៈ​ពេល​ដែល​ព្រះវិញ្ញាណ​បរិសុទ្ធ​ជួយ​យើង ឲ្យ​មានចិត្ត​អត់ធ្មត់ យើង​អាច​ដឹង​ថា ព្រះអង្គ​ជា​អ្នក​ប្រទាន​សេចក្តី​សង្ឃឹម ជា​អ្នក​គោរព​ពាក្យសន្យា និង​ជា​អ្នកគ្រប់គ្រង​ពេល​អនាគត។—JENNIFER BENSON SCHULDT

តើ​ការ​ស្គាល់​លក្ខណៈ​សម្បត្តិ​របស់​ព្រះ​បាន​ជួយ​អ្នក​ដូចម្តេច​ខ្លះ ពេល​ដែល​អ្នក​កំពុង​រង់ចាំ​ព្រះអង្គ? តើ​ការសង្ស័យ និង​ជំនឿ​មាន​ទំនាក់ទំនង​គ្នា​ដូចម្តេច​ខ្លះ?

ឱ​ព្រះអម្ចាស់ សូម​ព្រះអង្គ​ជួយ​ទូលបង្គំ​ឲ្យ​ទុកចិត្ត​ព្រះអង្គ ខណៈ​ពេល​ដែល​ទូលបង្គំ​កំពុង​រង់ចាំ។ ទូលបង្គំ​ជឿ​ថា ព្រះអង្គ​កំពុងធ្វើការ​ក្នុង​ជីវិត​ទូលបង្គំ ហើយ​យក​ព្រះទ័យ​ទុកដាក់​ចំពោះ​ស្ថានភាព​របស់​ទូលបង្គំ។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : អេសាយ ៤៥-៤៦ និង ១ថែស្សាឡូនិច ៣

Share this post:
Facebook
Twitter
LinkedIn
WhatsApp

More articles