អំណាចនៃព្រះបន្ទូលធ្វើការ

ពាក្យ​អញ ដែល​ចេញពី​មាត់​អញ​ទៅ …គឺ​នឹង​ធ្វើ​សំរេច​តាម​សេចក្តី​ប៉ងប្រាថ្នា​នៅក្នុង​ចិត្ត​អញ ហើយនឹង​ចំរើន​កើនឡើង ក្នុង​ការអ្វី ដែល​អញ​ចាត់​ទៅ​ធ្វើ​នោះ។ អេសាយ ៥៥:១១

លោក​ប៊ែន ម៉ាល​ខូ​មសិ​ន(Ben Malcolmson) ជា​និស្សិត ដែល​គ្មាន​បទពិសោធន៍​ក្នុង​ការ​លេង​កីឡាបាល់ទាត់​អាមេរិក តែ​បាន​ក្លាយជា​កីឡាករ ដែល​មិន​បាន​ហ្វឹកហាត់​នៅក្នុង​ក្រុម សម្រាប់​ក្រុម​ជើងឯក របស់​សកល​វិទ្យាល័យ​កាលីហ្វូញ៉ា​ខាងត្បូង កាលពី​ឆ្នាំ២០០៧។ ក្នុ្ងង​នាម​គាត់​ជា​អ្នកកាសែត​ប្រចាំ​សាលា គាត់​បានសម្រេច​ចិត្ត​សរសេរ​អត្ថបទ អំពី​បទពិសោធន៍​ផ្ទាល់ខ្លួន ក្នុង​ដំណើរការ​នៃ​ការសាកល្បង​ដ៏​ពិបាក។ គាត់​មិន​នឹកស្មាន​សោះ​ថា គាត់​បាន​ជាប់ការ​ប្រឡង​ចូល​ក្រុម ដែល​មនុស្សជា​ច្រើន​ចង់​ចូលរួម​ដែរ។

បន្ទាប់ពី​បាន​ចូលក្នុង​ក្រុម​នោះ​ហើយ ជំនឿ​របស់​គាត់​បាន​ជំរុញ​គាត់ ឲ្យ​ស្វែងរក​បំណង​ព្រះទ័យ ដែល​ព្រះ​ទ្រង់​មាន​សម្រាប់​គាត់ ក្នុង​ឱកាស​ដែល​គាត់​មិន​នឹក​ស្នាន​ដល់។ តែ​មិត្ត​រួម​ក្រុម​របស់​គាត់​មិន​មាន​ចំណាប់​អារម្មណ៍ នៅក្នុង​ការ​ជជែក​អំពី​សេចក្តី​ជំនឿ​ទេ បណ្តាល​ឲ្យ​គាត់​មានការ​បាក់ទឹកចិត្ត។ ខណៈ​ពេល​ដែល​គាត់​អធិស្ឋាន​សូម​ការដឹកនាំ​ពី​ព្រះ គាត់​ក៏បាន​អាន​ពាក្យ​ក្រើន​រំឭក​ដ៏​មានអំណាច ក្នុង​បទ​គម្ពីរ​អេសាយ ដែល​ក្នុង​នោះ​ព្រះ​ទ្រង់​មាន​បន្ទូល​ថា “ពាក្យ​អញ ដែល​ចេញពី​មាត់​អញ​ទៅ …គឺ​នឹង​ធ្វើ​សំរេច​តាម​សេចក្តី​ប៉ងប្រាថ្នា​នៅក្នុង​ចិត្ត​អញ ហើយនឹង​ចំរើន​កើនឡើង ក្នុង​ការអ្វី ដែល​អញ​ចាត់​ទៅ​ធ្វើ​នោះ (អេសាយ ៥៥:១១)។ ដោយសារ​ការ​បណ្តាល​ចិត្ត​ពី​កណ្ឌ​គម្ពីរ​អេសាយ គាត់​ក៏បាន​សម្រេចចិត្ត​ចែក​ព្រះគម្ពីរ​ដល់​កីឡាករ​ក្នុង​ក្រុម​ម្នាក់​មួយ​ក្បាល​ៗ។ គាត់​ក៏បាន​ជួប​ការ​បដិសេធន៍​ម្តង​ទៀត។ តែ​ជាច្រើន​ឆ្នាំក្រោយ​មក គាត់​ក៏បាន​ដឹង​ថា មាន​កីឡាករ​ម្នាក់​បាន​អាន​គម្ពីរ​ដែល​គាត់​បាន​ឲ្យ ហើយ​មុន​ពេល​កីឡាករ​នោះ​បាត់បង់ជីវិត​យ៉ាង​សោកសៅ កីឡាករ​នោះ​ក៏បាន​ធ្វើ​បន្ទាល់​ថា គាត់​មាន​ទំនាក់ទំនង​ផ្ទាល់ខ្លួន​ជាមួយ​ព្រះ ហើយ​ស្រេកឃ្លាន​រក​ព្រះ ដែល​ខ្លួន​បាន​រក​ឃើញ​ក្នុង​ទំព័រ​ព្រះគម្ពីរ​នោះ។

មនុស្សជា​ច្រើន​ទំនងជា​បាន​ផ្សាយដំណឹង​ល្អ ដល់​មិត្ត​ភក្តិ ឬ​សមាជិក​គ្រួសារ តែ​បាន​ទទួលការ​ឆ្លើយតប​មកវិញ ដោយសារ​ការ​មិន​អើពើ ឬ​ការ​បដិសេធ​ន៍​ត្រង់​ៗ​តែម្តង។ ប៉ុន្តែ ទោះ​យើង​មិនបាន​ឃើញ​លទ្ធ​ផល​ភ្លាម​ៗ​ក៏ដោយ យើង​ត្រូវ​ដឹង​ថា សេចក្តី​ពិត​របស់​ព្រះ​មាន​ពេញដោយ​ព្រះ​ចេស្ដា ហើយនឹង​សម្រេច​បំណង​ព្រះទ័យ​ទ្រង់ តាមពេលវេលា​ដែល​ព្រះអង្គ​បាន​កំណត់។—LISA M. SAMRA

តើ​អ្នក​បានឃើញ​អំណាច​នៃ​ព្រះគម្ពីរ​ធ្វើការ​ក្នុង​ជីវិត​នរណា​ម្នាក់​ឬទេ? តើ​ការ​នេះ​បាន​នាំមក​នូវ​ព្រះពរ​យ៉ាងណា​ខ្លះ?

ឱ​ព្រះវរបិតា​ដែល​គង់នៅ​ស្ថានសួគ៌ ទូលបង្គំ​សូម​អរព្រះគុណ​ព្រះអង្គ ដែល​​ព្រះបន្ទូល​ព្រះអង្គ​សម្រេចតាម​​បំណង​ព្រះទ័យ​ព្រះអង្គ។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : យេរេមា ៩-១១ និង ១ធីម៉ូថេ ៦

Share this post:
Facebook
Twitter
LinkedIn
WhatsApp

More articles