ដើម្បីដំណឹងល្អ

ដើម្បីឲ្យ​បាន​តាក់តែង​សេចក្តី​បង្រៀន​របស់​ព្រះ ដ៏​ជា​ព្រះអង្គ​សង្គ្រោះ​នៃ​យើង​រាល់គ្នា ក្នុង​គ្រប់ការ​ទាំងអស់។ ទីតុស ២:១០

កាលពី​ឆ្នាំ១៩១៦ លោក​នេល​សិន(Nelson) បាន​បញ្ចប់​ការសិក្សា​នៅ​សាលា​ពេទ្យ ក្នុង​ស្រុកកំណើត​គាត់ នៅ​រដ្ឋ​វើ​ជី​នា។ ក្រោយមក ក្នុង​ឆ្នាំ​ដដែល​នោះ គាត់ និង​ភរិយា​គាត់​ដែល​ទើប​រៀបការ​បាន៦ខែ ក៏បាន​ធ្វើដំណើរ​មកដល់​ប្រទេស​ចិន។ គាត់​ក៏បាន​ក្លាយជា​ពេទ្យវះកាត់ នៅ​មន្ទីរពេទ្យ​សេចក្តី​ស្រឡាញ់ និង​មេត្តាករុណា ក្នុង​វ័យ២៤ឆ្នាំ ជា​មន្ទីរពេទ្យ​តែមួយ ក្នុង​តំបន់​ដែល​មាន​ជនជាតិ​ចិន​រស់នៅ​យ៉ាង​ហោច​ណាស់​២​លាន​នាក់។ លោក​នេល​សិន​ក៏បាន​រស់នៅ​ជាមួយ​គ្រួសារ​គាត់ ក្នុង​តំបន់​នោះ អស់​រយៈពេល២៤ឆ្នាំ ដោយ​គ្រប់គ្រង​មន្ទីរពេទ្យ ធ្វើការ​វះកាត់​អ្នកជំងឺ និង​ផ្សាយដំណឹង​ល្អ​ដល់​មនុស្ស​រាប់ពាន់​នាក់។ កាលពីមុន​ជនជាតិ​ចិន​ដែល​មិន​ទុកចិត្ត​ជនបរទេស បាន​ហៅ​លោក​នេល​សិន ប៊ែល​ថា “បី​សាច​បរទេស” តែ​ក្រោយមក គេ​ក៏បាន​ហៅ​គាត់​ថា “អ្នក​ប្រុស​ប៊ែល​ជា​អ្នក​ស្រឡាញ់​ជនជាតិ​ចិន”។ នៅ​សម័យ​ក្រោយមក កូនស្រី​របស់​គាត់​គឺ អ្នកស្រី​រស់(Ruth) ក៏បាន​រៀបការ​ជាមួយ​លោក​ប៊ី​លី ក្រា​ហាំ(Billy Graham) ដែល​ជា​អ្នក​ផ្សាយដំណឹង​ល្អ។

ទោះ​លោក​នេល​សិន​ជា​គ្រូ​ពេទ្យ​ឆ្នើម និង​ជា​គ្រូបង្រៀន​ព្រះគម្ពីរ​ក៏ដោយ ក៏​ជំនាញ​របស់​គាត់​មិនមែន​ជា​កត្តា​ចម្បង ដែល​បាន​ទាក់ទាញ​មនុស្សជា​ច្រើន​ឲ្យ​ស្គាល់​ព្រះយេស៊ូវ​នោះ​ទេ តែ​គឺ​ដោយសារ​ចរិយា​សម្បត្តិ និង​របៀប​ដែល​គាត់​បង្ហាញ​ឲ្យ​គេ​ឮដំណឹង​ល្អ តាមរយៈ​ការរស់នៅ​របស់​គាត់​ទៅវិញ​ទេ ដែល​បាន​បណ្តាល​ចិត្ត​ឲ្យ​គេ​ជឿ​ព្រះយេស៊ូវ​។ ក្នុង​សំបុត្រ​ដែល​សាវ័ក​ប៉ុល​សរសេរ​ផ្ញើ​ទៅ​លោក​ទីតុស ជា​អ្នកដឹកនាំ​សាសន៍​ដទៃ​ដ៏​ក្មេង​វ័យ ដែល​កំពុង​ថែ​ទាំ​ពួក​ជំនុំ នៅ​កោះ​ក្រេត គាត់​បាន​មានប្រសាសន៍​ថា ការរស់នៅ​ដោយមាន​ចរិយា​សម្បត្តិ​ដូច​ព្រះគ្រីស្ទ មាន​សារៈសំខាន់ ព្រោះ​ការរស់នៅ​ដូចនេះ អាច​នាំឲ្យ​គេ​ចង់​ស្តាប់​ដំណឹងល្អ(ទីតុស ២:១០)។ តែ​យើង​មិន​ធ្វើ​ដូចនេះ ដោយ​ពឹង​អាង​កម្លាំង​ខ្លួនឯង​ទេ។ ព្រះគុណ​ព្រះ​ជួយ​យើង ឲ្យ​រស់នៅ​ដោយ “សេចក្តី​ធ្ងន់ធ្ងរ សេចក្តី​សុចរិត ហើយ​ដោយ​គោរព​ប្រតិបត្តិ​ដល់​ព្រះ​វិញ”(ខ.១២) ដោយ​ឆ្លុះបញ្ចាំង​សេចក្តី​ពិត​នៃ​ជំនឿ​របស់​យើង(ខ.១)។

មនុស្សជា​ច្រើន​នៅ​ជុំវិញ​ខ្លួន​យើង នៅ​មិនទាន់​បានឮ​ដំណឹងល្អ​របស់​ព្រះគ្រីស្ទ តែ​ពួក​គេ​ស្គាល់​យើង។ សូម​ព្រះអង្គ​ជួយ​យើង រស់នៅ​ដោយ​ទីបន្ទាល់​ល្អ ដែល​នាំឲ្យ​ពួក​គេ​មានចិត្តចង់​ស្តាប់​ដំណឹងល្អ។—KAREN HUANG

តើ​អ្នក​អាច​រៀនសូត្រ​បានអ្វី​ខ្លះ ពី​ជីវិត​របស់​មនុស្ស ដែល​ហាក់ដូចជា​ទាក់ទាញ​អ្នកដទៃ ឲ្យ​ចង់​ស្តាប់​ដំណឹងល្អ? តើមាន​ការអ្វី​ដែល​អ្នក​អាច​ធ្វើ (ឬ​ឈប់​ធ្វើ) ដើម្បី​នាំឲ្យ​អ្នកដទៃ ចង់​ស្តាប់​ដំណឹងល្អ?

ឱ​ព្រះ​នៃ​សេចក្តី​ស្រឡាញ់ សូម​ព្រះអង្គ​ជួយ​ទូលបង្គំ​ឲ្យ​រស់នៅ​ជា​អ្នក​ផ្សាយដំណឹង​ល្អ​ដ៏​ល្អ​ម្នាក់។ សូម​ព្រះអង្គ​ជួយ​ទូលបង្គំ ឲ្យ​រស់នៅ​ឲ្យបាន​ល្អ ដើម្បី​នាំ​អ្នកដទៃ​មានចិត្តចង់​ស្គាល់​ព្រះអង្គ។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : យេរេមា ១៥-១៧ និង ២ធីម៉ូថេ ២

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles