នំម៉ាណាប្រចាំថ្ងៃ

ព្រឹក

បានចម្រើនឡើងទាំងអស់គ្នា

បានចម្រើនឡើងទាំងអស់គ្នា

ដោយXochitl Dixon

November 1, 2022

ម៉ារី(Marie) ជា​ស្ត្រី​មេម៉ាយ ដែល​ខិតខំ​ធ្វើការ​ចិញ្ចឹម​កូន តែ​នាង​កម្រ​ខកខាន​មិនបាន​ទៅ​ព្រះវិហារ ឬ​ចូលរួម​ការ​សិក្សា​ព្រះគម្ពីរ។ រៀងរាល់​សប្តាហ៍ នាង​តែងតែ​ជិះឡាន​ក្រុង​ទៅ​ព្រះវិហារ ជា​មួ​យកូនៗទាំង៥នាក់ ហើយក៏​បាន​ជួយ​រៀបចំ​កន្លែង​ថ្វាយបង្គំ​ព្រះ និង​សម្អាត​ព្រះវិហារ។ នៅ​ថ្ងៃអាទិត្យ​មួយ​នោះ លោកគ្រូ​គង្វាល​បាន​ប្រាប់​ម៉ារី​ថា សមាជិក​ពួក​ជំនុំ​ខ្លះ​បាន​រៀបចំ​អំណោយ សម្រាប់​គ្រួសារ​របស់​នាង។ ប្តី​ប្រពន្ធ​មួយ​គូរ​បាន​ឲ្យ​គ្រួសារ​នាង​ជួលផ្ទះ​របស់​ពួក​គេ ដោយ​ថ្លៃ​ជួលផ្ទះ​ថោកជាង​ផ្ទះ​ដែល​នាង​កំពុង​ស្នាក់​នៅ​មុន។ ប្តី​ប្រពន្ធ​មួយ​គូរ​ទៀត​ក៏បាន​ផ្តល់​ការងារ នៅ​ហាង​កាហ្វេ​របស់​ពួក​គេ ដែល​មាន​អត្ថ​ប្រយោជន៍​ជាច្រើន​សម្រាប់​នាង។ យុវជន​ម្នាក់​បាន​ឲ្យ​រថយន្ត​ចាស់​មួយ​គ្រឿង​ឲ្យ​នាង​ប្រើ​ប្រាស់ ដែល​គាត់​បាន​ជួសជុល ហើយ​បាន​សន្យា​ថា នឹង​ជួយ​ជួសជុល​ឡាន​នោះ ពេលណា​វា​ខូច។ ម៉ារី​ក៏បាន​អរព្រះគុណ​ព្រះ ដែល​បាន​ប្រទាន​ក្តី​អំណរ ក្នុង​ការរស់នៅ ក្នុង​សហគមន៍ ដែល​មានការ​ប្ដេជ្ញា​ចិត្ត​បម្រើ​ព្រះ និង​បម្រើ​គ្នា​ទៅវិញទៅមក។ យើង​ប្រហែល​មិន​អាច​ជួយ​អ្នកដទៃ ឲ្យបាន​ច្រើន​ដូច​ពួក​ជំនុំ​របស់​ម៉ារី​ឡើយ តែ​ព្រះ​ទ្រង់​បាន​រៀបចំ​រាស្រ្ត​ទ្រង់ ឲ្យ​ជួយគ្នា​ទៅវិញទៅមក។ កណ្ឌ​គម្ពីរ​កិច្ចការ​បាន​ពិពណ៌នា​ថា អ្នកជឿ​ព្រះយេស៊ូវ​ “នៅតែ​ព្យាយាម​ក្នុង​សេចក្តី​បង្រៀន​របស់​ពួក​សាវ័ក ហើយ​ក្នុង​សេចក្តី​ប្រកប​គ្នា”(កិច្ចការ ៤:៤២)។ ពេលណា​យើង​រួបរួម​គ្នា ដោយ​ការ​លះបង់​ធនធាន​តាម​លទ្ធភាព​របស់​យើង យើង​អាច​ជួយ​អ្នក​ដែល​ខ្វះខាត​ក្នុង​ពួក​ជំនុំ ដូច​អ្នកជឿ​នៅ​សម័យ​ពួក​ជំនុំ​ដំបូង​ផង​ដែរ(ខ.៤៤-៤៥)។ កាលណា​យើង​ចូល​ទៅ​ជិត​ព្រះ និង​ចូល​មក​ជិត​គ្នា យើង​អាច​មើលថែ​គ្នា​ទៅវិញទៅមក។ ពេលណា​អ្នកដទៃ​បានឃើញ​សេចក្តី​ស្រឡាញ់​របស់​ព្រះ តាមរយៈ​ការប្រព្រឹត្ត​របស់​រាស្រ្ត​ព្រះអង្គ ពួក​គេ​អាច​មានចិត្តចង់​មាន​ទំនាក់ទំនង​ជាមួយ​ព្រះយេស៊ូវ​ ដោយ​ទទួល​សេចក្តី​សង្គ្រោះ(ខ.៤៦-៤៧)។ យើង​អាច​បម្រើ​អ្នកដទៃ ដោយ​ទឹកមុខ​ញញឹម ឬ​ដោយ​អំពើ​សប្បុរសធម៌។ យើង​អាច​ដាក់​ដង្វាយ ឬអធិស្ឋាន​ឲ្យ​ពួក​គេ​ជាដើម។ ខណៈ​ពេល​ដែល​ព្រះ​ទ្រង់​ធ្វើការ​នៅក្នុង និង​តាមរយៈ​យើង ​យើង​នឹង​មានការ​ចម្រើនឡើង​ទាំងអស់គ្នា។—XOCHITL DIXON

ហេតុអ្វីបានជា​យើង​ចាំបាច់ ត្រូវ​ចូលរួម​ក្នុង​សហគមន៍​មួយ ដែល​ប្តូរផ្តាច់​ក្នុង​ការបម្រើ​ព្រះ និង​បម្រើ​គ្នា​ទៅវិញទៅមក? តើ​អ្នក​អាច​បម្រើ​នរណា​ម្នាក់​យ៉ាងណា​ខ្លះ ដោយ​គ្មានចិត្ត​អាត្មានិយម និង​ដោយចិត្ត​សប្បុរស ក្នុង​សប្តាហ៍​នេះ?

ឱ​ព្រះ​វរបិតា​នៃ​សេចក្តី​ស្រឡាញ់ សូម​ព្រះអង្គ​ជួយ​ទូលបង្គំ ឲ្យ​មើលឃើញ​អ្នក​ដែល​ខ្វះខាត និង​បម្រើ​ព្រះអង្គ ដោយ​បម្រើ​អ្នកដទៃ។

For further study, read Understanding the Bible: The Book of Acts at DiscoverySeries.org​/Q0418.

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : យេរេមា ២៤-២៦ និង ទីតុស ២

ល្ងាច

Devotional illustration

ទី​បន្ទាល់​របស់​អ្នក មិន​មែន​ជា​ដំណឹង​ល្អ​ឡើយ

ដោយUltimately with R.C. Sproul

November 1, 2022

ទី​បន្ទាល់​របស់​អ្នក មិន​មែន​ជា​ដំណឹង​ល្អ​ឡើយ1 ទី​បន្ទាល់​របស់​គ្រីស្ទ​បរិស័ទ អាច​ជា​ដំណឹង​ដ៏​ល្អ​មួយ​បាន ដែល​ប្រាប់​យើង​អំពី​ជីវិត​ផ្លាស់​ប្រែ ប៉ុន្តែ ការ​ចែក​ចាយ​ទី​បន្ទាល់​តែ​ម្យ៉ាង គឺ​មិន​មែន​ជា​ការ​ផ្សាយ​ដំណឹង​ល្អ​នោះ​ទេ។ នៅ​ថ្ងៃ​នេះ លោក​គ្រូ អ. ស៊ី. ស្ព្រោល (R.C. Sproul) បញ្ជាក់​ឡើង​វិញ ឲ្យ​បាន​ច្បាស់​ថា អំណាច​ចេស្ដា​ព្រះ​សម្រាប់​ជួយ​សង្គ្រោះ គឺ​មាន​នៅ​ក្នុង​ព្រះ​បន្ទូល​របស់​ព្រះ​យេស៊ូវ នៅ​ក្នុង​ព្រះ​ជន្ម ការ​សុគត និង​ការ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​របស់​ព្រះ​គ្រីស្ទ ជំនួស​មនុស្ស​មាន​បាប។ អត្ថបទ សព្វ​ថ្ងៃ​នេះ យើង​តែង​តែ​ឮ​គេ​និយាយ​ថា «ខ្ញុំ​បាន​ប្ដេជ្ញា​ចិត្ត​ចំពោះ​ដំណឹង​ល្អ ខ្ញុំ​បាន​សម្រេច​ចិត្ត​ចែក​ចាយ​ដំណឹង​ល្អ ឬ​ក៏​ខ្ញុំ​នឹង​ផ្សាយ​ដំណឹង​ល្អ»។ ប៉ុន្តែ បើ​យើង​ពិនិត្យ​មើល​អ្វី​ដែល​ពួក​គេ​កំពុង​តែ​ចែក​ចាយ និង​ផ្សព្វ​ផ្សាយ ពួក​គេ​ប្រហែល​ជា​គ្រាន់​តែ​ប្រាប់​យើង​ថា ខ្ញុំ​បាន​ចែក​ចាយ​ដល់​អ្នក​ជិត​ខាង​ខ្ញុំ​ថា ព្រះ​យេស៊ូវ​បាន​ធ្វើ​ឲ្យ​ជីវិត​ខ្ញុំ​ផ្លាស់​ប្រែ នេះ​ជា​ទីបន្ទាល់​ដ៏​អស្ចារ្យ ប៉ុន្តែ ការ​ចែក​ចាយ​ដូច​នេះ​មិន​មែន​ជា​ការ​ផ្សាយ​ដំណឹង​ល្អ​នោះ​ទេ​។ ខ្ញុំ​អាច​និយាយ​ប្រាប់​មិត្ត​ភក្តិ​ខ្ញុំ​ថា «ខ្ញុំ​មាន​ដំណឹង​ល្អ​មួយ​ចង់​ប្រាប់​អ្នក។ ព្រះ​ស្រឡាញ់​អ្នក»។ នេះ​ជា​ដំណឹង​ដ៏​ល្អ​មួយ តែ​មិន​មែន​ជា​ដំណឹង​ល្អ​នោះ​ទេ។ ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ថ្មី យើង​ឃើញ​ថា ដំណឹង​ល្អ​មាន​អត្ថរូប​ច្បាស់​លាស់។ ហើយ​អត្ថរូប​នោះ​មិន​មែន​និយាយ​អំពី​ខ្ញុំ ហើយ​ពិត​ជា​មិន​និយាយ​អំពី​អ្នក។ អត្ថរូប​នោះ​ផ្ដោត​ទៅ​លើ​អង្គ​ព្រះ​យេស៊ូវ និង​ព្រះ​រាជ​កិច្ច​របស់​ទ្រង់ ពោល​គឺ​ផ្ដោត​ទៅ​លើ​សេចក្តី​ដែល​ថា ព្រះ​អង្គ​ជា​នរណា ព្រះ​អង្គ​បាន​ធ្វើ​អ្វី​ខ្លះ ហើយ​ជាង​នេះ​ទៅ​ទៀត ដំណឹង​ល្អ​ថែម​ទាំង​ផ្ដោត​ទៅ​លើ​របៀប​ដែល​យើង​អាច​ទទួល​លទ្ធផល​នៃ​ព្រះ​រាជ​កិច្ច​របស់​ព្រះ​អង្គ ដោយ​ជំនឿ។ ក្នុង​កណ្ឌ​គម្ពីរ​កិច្ចការ មាន​ការ​លើក​ឧទាហរណ៍​ជា​ញឹកញាប់ អំពី​ការ​ចែក​ចាយ​របស់​ពួក​សាវ័ក។ យើង​ឃើញ​មាន ឧទាហរណ៍ អំពី «ការ​ប្រកាស​ព្រះ​បន្ទូល» របស់​ពួក​ជំនុំ​ដំបូង ដែល​ពួក​អ្នក​ប្រាជ្ញ​បាន​ហៅ​ថា «កេរូម៉ា» (kérugma)។ ពេល​ណា​យើង​ចង់​ដឹង​អំពី​របៀប​ដែល​យើង​គួរ​ទៅ​ឈោង​ចាប់​លោកីយ៍​ដែល​កំពុង​សង្កេត​មើល​យើង និង​លោកិយ​ដែល​កំពុង​វិនាស លោកិយ​ដែល​មិន​ជឿ​ព្រះ តើ​ពួក​គេ​ត្រូវ​ការ​ឮ​ដំណឹង​ល្អ​អ្វី? យើង​ឃើញ​មាន​ការ​ប្រកាស​ព្រះ​បន្ទូល​ដូច​នេះ ក្នុង​កណ្ឌ​គម្ពីរ​កិច្ចការ នៅ​ត្រង់​ចំណុច​ការ​អធិប្បាយ​ព្រះ​បន្ទូល​មួយ​ហើយ​មួយ​ទៀត ហើយ​អត្ថន័យ​នៃ​ការ​ប្រកាស​ព្រះ​បន្ទូល​នោះ សុទ្ធ​តែ​និយាយ​អំពី​ព្រះ​ជន្ម និង​ព្រះ​រាជ​កិច្ច​របស់​ព្រះ​យេស៊ូវ។ ខ្ញុំ​យល់​ឃើញ​ថា ការ​ចែក​ចាយ​ទី​បន្ទាល់​គឺ​ជា​ការ​ល្អ​ហើយ តែ​សូម​កុំ​ច្រឡំ​ថា ការ​ចែក​ចាយ​ទី​បន្ទាល់​ជា​ការ​ផ្សាយ​ដំណឹង​ល្អ​នោះ​ឡើយ។ យើង​អាច​ប្រើ​ទី​បន្ទាល់​របស់​យើង ជា​ឱកាស​ដើម្បី​ផ្សាយ​ដំណឹង​ល្អ។ ទី​បន្ទាល់​របស់​យើង​អាច​នាំ​ឲ្យ​ញាតិ​មិត្ត​យើង​ចង់​ស្តាប់​ដំណឹង​ល្អ ប៉ុន្តែ​ខ្ញុំ​សូម​និយាយ​ម្តង​ទៀត​ថា ការ​រស់​នៅ​របស់​យើង​មិន​មែន​ជា​ដំណឹង​ល្អ​នោះ​ឡើយ។ ព្រះ​ជន្ម​របស់​ព្រះ​អង្គ​ទើប​ជា​ដំណឹងល្អ។ ទីបន្ទាល់​របស់​លោក​គ្រូ អ. ស៊ី. ស្ព្រោល ក៏​មិន​មែន​ជា​អំណាច​របស់​ព្រះ សម្រាប់​ជួយ​សង្គ្រោះ​នោះ​ទេ។ ដំណឹងល្អ​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ ទើប​ជា​អំណាច​របស់​ព្រះ​សម្រាប់​ជួយ​សង្គ្រោះ ដោយ​ផ្ដោត​ទៅ​លើ​ឈើ​ឆ្កាង ពោល​គឺ​ទៅ​លើ​ការ​លោះ​បាប។ ការ​ចែក​ចាយ​អំពី​ការ​ដែល​ព្រះ​ទ្រង់​ធ្វើ​ការ​ក្នុង​ជីវិត​យើង អាច​ជា​ដំណឹង​ដ៏​ល្អ​មួយ ប៉ុន្តែ បើ​មិន​បាន​និយាយ​អំពី​ឈើ​ឆ្កាង​ទេ នោះ​វា​មិន​មែន​ជា​ការ​ផ្សាយ​ដំណឹង​ល្អ​នោះ​ទេ។ វា​មិន​មែន​ជា​ដំណឹង​ល្អ​នោះ​ឡើយ។ យើង​អាច​និយាយ​បាន​ម្យ៉ាង​ទៀត​ថា យើង​អាច​ប្រាប់​គេ អំពី​រឿង​ដ៏​អស្ចារ្យ អំពី​ព្រះ និង​អំពី​របៀប​ដែល​ព្រះ​អង្គ​អាច​កែ​ប្រែ​ជីវិត​អ្នក និង​ថែម​ទាំង​និយាយ​អំពី​ព្រះ​យេស៊ូវ។ ប៉ុន្តែ បើ​ទីបន្ទាល់​នេះ​មិន​បាន​និយាយ​បញ្ជាក់ អំពី​ការ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​របស់​ព្រះ​គ្រីស្ទ​ទេ នោះ​វា​អាច​ជា​ដំណឹង​ដ៏​ល្អៗ តែ​មិន​មែន​ជា​ដំណឹង​ល្អ​តាម​ព្រះ​គម្ពីរ​នោះ​ឡើយ។ ព្រោះ​ឈើ​ឆ្កាង​នៃ​ព្រះ​គ្រីស្ទ និង​ការ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​របស់​ព្រះ​គ្រីស្ទ ជា​ធាតុ​ផ្សំ​ដ៏​សំខាន់​នៃ​ដំណឹង​ល្អ ដូច​នេះ បើ​មិន​មាន​ធាតុ​ផ្សំ​ទាំង​នេះ​ទេ ការ​ចែក​ចាយ​នោះ​មិន​មែន​ជា​ការ​ចែក​ចាយ​ដំណឹង​ល្អ​តាម​ព្រះ​គម្ពីរ​ឡើយ។ កម្មវិធីផ្តោតចិត្តលើព្រះដ៏ខ្ពស់បំផុត ជាសម្លេង គឺជាការផ្តួចផ្តើមឡើង ជាភាសាអង់គ្លេស ដោយ Ligonier Ministries ។

ប្រភេទ